slide-1
slide-1
slide-1
previous arrow
next arrow

ក្រោយ​ពេល​ដែល​ប្រទេស​​កម្ពុជា​ទទួល​​បាន​ឯករាជ្យ​ពី​អាណា​និគម​និយម បារាំង​ក្នុង​ឆ្នាំ ១៩៥៣,​ ប្រទេស​កម្ពុជា​សម័យ​សង្គម​រាស្ត្រ​និយម ឆ្នាំ​ ១៩៥៣​-​១៩៧០​ បាន​បង្កើត​គណៈកម្មការ​ជាតិ​នៃ​ការ​បោស​សំអាត​ទូទៅ​ សម្រាប់​វិស័យ​អធិការកិច្ច។​ គណៈកម្មការ​នេះ​​មាន​បេសកកម្ម​ពិនិត្យ​នូវ​សំណុំ​រឿង​មន្ត្រី​រាជការ​ស៊ីវិល​ ទាហាន​ ភ្នាក់ងារ​របស់​អង្គការ​ សហគ្រាស​សាធារណៈ​ដែល​ជា​​កម្មវត្ថុ​​នៃ​ការ​បោស​សំអាត​ និង​ដាក់​ទណ្ឌ​កម្ម។​ ដោយ​ឡែក​ក្នុង​សម័យ​សាធារណៈរដ្ឋ​ខ្មែរ​ ដែល​ដឹកនាំ​ដោយ​សេនា​ប្រមុខ​ លន់ ណុល​ (១៩៧០-១៩៧៥)​ និង​សម័យ​កម្ពុជា​ប្រជា​ធិបតេយ្យ​ (១៩៧៥-១៩៧៩)​ ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម​ស៊ីវិល​ និង​​នយោបាយ​​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ គេ​ពុំ​ឃើញ​មាន​ឯកសារ​ណា​មួយ​ បញ្ជាក់​ពី​គោល​នយោបាយ​វិស័យ​អធិការកិច្ច​ ក៏​ដូចជា​​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ សម្រាប់​សម័យ​កាល​ទាំង​នេះ​ទេ។ ​

ក្រោយពីការដួលរលំរបបកម្ពុជាប្រជាធិបតេយ្យ ឆ្នាំ ១៩៧៩ កម្ពុជាបានរៀបចំរចនាសម្ព័ន្ធ​ចាត់​តាំង​​នយោបាយ​ឡើង​វិញ និងចាប់ផ្តើមក៏សាង/អភិវឌ្ឍន៍លើគ្រប់វិស័យ ដោយ​ផ្តើម​ចេញ​ពី​បាត​ដៃ​ទទេ «ចំណុចសូន្យ»​។ ក្នុងនោះសម័យ សាធារណរដ្ឋប្រជាមានិតកម្ពុជា និងរដ្ឋកម្ពុជា (១៩៧៩​-១៩៩៣) ស្ថាប័នអធិការកិច្ច​ថ្នាក់​ជាតិ​មាន ក្រសួងត្រួតពិនិត្យកិច្ចការរដ្ឋ ដែល​បង្កើត​ឡើង​នៅឆ្នាំ ១៩៨១ ដោយរដ្ឋសភាសម្រាប់វិស័យអធិការកិច្ច ហើយ​ក្រោយ​មក​ប្តូរ​ឈ្មោះ​ជា​ក្រសួង ត្រួតពិនិត្យវិញ តែពុំមានស្ថាប័នទំនាក់ទំនងសភាដូចសព្វថ្ងៃទេ។

ក្នុងឆ្នាំ ១៩៩៣ រាជរដ្ឋាភិបាលចំរុះបានបង្កើតឡើង ដោយ​ការបោះឆ្នោត​ជា​សកល​ដែល​រៀបចំ​ដោយ​​អាជ្ញាធរ​បណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ហៅកាត់ថា អ៊ុន តាត់​។ ក្នុងនីតិកាលទី ១ នៃរដ្ឋសភា (១៩៩៣-១៩៩៨) ស្ថាប័នទំនាក់ទំនងសភានិងអធិការកិច្ច រាជរដ្ឋាភិបាលនៅដាច់ពីគ្នា គឺ​រដ្ឋលេខាធិការដ្ឋាន​ទំនាក់ទំនង​​សភា ជាស្ថាប័នមួយ និង​អគ្គលេខាធិការដ្ឋាន អធិការកិច្ចរាជរដ្ឋាភិបាល​ជំនួស​ឲ្យ​ក្រសួង​ត្រួត​ពិនិត្យ​ជាស្ថាប័ន​មួយ។ ស្ថាប័ន​​ទាំងពីរ គឺចំណុះឲ្យទីស្តីការគណៈរដ្ឋមន្ត្រី ដូចគ្នា។ ចាប់ពីឆ្នាំ ១៩៩៨ តមក រាជរដ្ឋាភិបាល​កម្ពុជាបានបង្កើតស្ថាប័ន​ថ្មីមួយ គឺ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង​អធិការកិច្ច ដោយ​រួម​បញ្ចូល​គ្នា​រវាង​ស្ថាប័ន​ទាំងពីរ​ខាង​លើ​គឺ​​​រដ្ឋលេខា​ធិការ​ដ្ឋាន​ទំនាក់​ទំនង​សភា​ និង​​អគ្គលេខា​ធិការដ្ឋាន​​អធិការកិច្ច​រាជរដ្ឋាភិបាល​ក្នុង​ក្របខ័ណ្ឌយុទ្ធសាស្រ្តដើម្បី​កសាង​សង្គម​​​កម្ពុជាឲ្យក្លាយទៅជាសង្គម​ មួយ​ដ៏រឹងមាំ​ប្រកបដោយយុត្តិធម៌ គុណធម៌ និង​សមធម៌​លើ​គ្រប់វិស័យ បន្ថែមពី​នេះទៅទៀត គឺជំរុញឲ្យប្រជាពលរដ្ឋ គ្រប់​ស្រទាប់​បាន​យល់ដឹង​ទូលំទូលាយ​អំពីច្បាប់និងសេរីភាពក្នុងសង្គមជាតិ​ទាំងមូល។