អបអរសាទរខួបទី ១៥៦ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភាឆ្នាំ ២០១៩ នៅខេត្តស្វាយរៀងប្រមូលថវិការពីសប្បុរសជនបានជាង ៥៧មុឺនដុល្លា

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា​-ព្រឹទ្ធសភា និង​អធិការកិច្ច​បាន​អញ្ជើញជាអធិបតីក្នុងពិធីមិទ្ទីញរំឮកខួបទី១៥៦ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ក្រោមប្រធានបទ “ ខ្ញុំស្រ ឡាញ់កាកបាទក្រហមកម្ពុជា” ដែលបានរៀបចំឡើងដោយសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង ​ដោយមាន​ការជួយ​ឧបត្ថម្ភ​គាំទ្រ​ពីសប្បុរសជនបានថវិការចំនួនជាង ៥៧មុឺនដុល្លា នាព្រឹកថ្ងៃច័ន្ទ ៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩។

លោកជំទាវក៏បានមានប្រសាសន៍ថា អង្គមិទ្ទីញយើងនាពេលនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់សាខាកាកបាទក្រហម​កម្ពុជា ខេត្តស្វាយរៀង ក៏ដូចជាសម្រាប់អាជ្ញាធរខេត្ត និងប្រជាជនទូទាំងខេត្ត ដើម្បីបុព្វហេតុមនុស្សធម៌ សំដៅជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះ តាមរយៈការជួយសម្រាលជនរងគ្រោះ ដោយគ្រោះមហន្តរាយនានា និង ការថែទាំសុខភាពតាមសហគមន៍ និង​សកម្មភាពមនុស្សធម៌ផ្សេងទៀត។

លោកជំទាវក៏បានបន្តថា ក្នុងនាមរាជរដ្ឋាភិបាល ក៏សូមអំពាវនាវដល់សប្បុរសជនទាំងអស់ សូមបន្តកិច្ចខិតខំចូលរួមចំណែកជួយ និង សហការគ្នាឱ្យបានយ៉ាងសកម្ម និងរស់រវើកឱ្យប្រែក្លាយជាកម្លាំងចលកររបស់កាកបាទក្រហមកម្ពុជា សម្រាប់ដោះស្រាយរាល់បញ្ហា​ប្រឈមទាំងឡាយរបស់ប្រជាជន ក្នុងអត្ថន័យបាវចនាសង្គ្រោះជីវិត ផ្លាស់ប្តូរផ្នត់គំនិត (ធ្វើឱ្យបានកាន់តែច្រើនជាងមុន ធ្វើឲ្យបាន​កាន់តែល្អជាងមុន ធ្វើឲ្យបានកាន់តែស៊ីជម្រៅ និងទៅឲ្យបានកាន់តែឆ្ងាយជាងមុន) ដោយឈរលើគោលការណ៍គ្រឹះទាំង៧ របស់ ចលនាក្នុងគ្រប់កាលៈទេសៈ តាមទិសស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” “រួមកម្លាំងគ្នា ដើម្បីមនុស្សធម៌” “វប្បធម៌ចែករំលែកចាប់ផ្តើមពីខ្ញុំ “រួមគ្នាអនុវត្ត” “ថ្ងៃនេះថ្ងៃស្អែកគ្មានគ្រោះថ្នាក់ចរាចរណ៍ គ្មានគ្រោះអគ្គីភ័យ” “ការលើកកម្ពស់សុខភាពស្ត្រី ទារក និងកសហគមន៍មូលដ្ឋានរបស់ខ្លួន ដើម្បីឆ្លើយតប និងដោះស្រាយឱ្យបានទាន់ពេលវេលា ស្របតាមប្រធានបទដែលបានលើកឡើង “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល” ៕