លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្តល់អានុសាសន៍ ៨ចំណុច ដល់សមាជិក សមាជិកា អង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ខេត្ត ស្រុក ក្រុង អាណត្តិទី៣ នៃខេត្តស្វាយរៀង ១១/០៥/២០១៩12/05/2019 933 បោះឆ្នោត, ស្វាយរៀង លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកាគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជូយខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ-សង្កាត់ ទូទាំងខេត្ត ដែលជាអង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ស្រុក ក្រុង អាណត្តិទី៣ ចំនួន ៥១៨នាក់ នៅសាលប្រជុំខេត្តស្វាយរៀង នាព្រឹកថ្ងៃសៅរ៍ ៨កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩។ ថ្លែងក្នុងឱកាសនោះលោកជំទាវក៏បានមានប្រសាសន៍ថា ៖ ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាខេត្ត ស្រុក ក្រុង អាណត្តិទី៣ នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ខាងមុខ។ សម្រាប់ខេត្តស្វាយរៀង មានគណបក្សនយោបាយចូលរួមប្រកួតប្រជែងមាន ០៣ សម្រាប់ក្រុមប្រឹក្សាខេត្ត និង មាន០២ គណបក្ស សម្រាប់ក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ។ លោកជំទាវ បានណែនាំដល់អង្គបោះឆ្នោតត្រូវចាំលេខរៀងនៅតាម ខេត្ត ក្រុង ស្រុក ខណ្ឌនីមួយៗ និងចាំអំពីរូបសញ្ញារបស់គណបក្សប្រជាជនកម្ពុជាផងដែរ។ លោកជំទាវក៏បានសំណូមពរដល់អង្គបោះឆ្នោតត្រូវយកចិត្តទុកដាក់ទ្វេដងបន្ថែមទៀត រួមសហការគ្នាក្នុងស្មារតីទទួលខុសត្រូវ ការងារ៖ ១. ត្រូវគោរពតាមបទប្បញ្ញាត្តិបទដ្ឋានគតិយុត្តិដែល គ.ជ.ប បានកំណត់ ២. ក្ដាប់ជាប់ភារកិច្ចរួមជាយុទ្ធសាស្ត្រ គឺពង្រឹងកម្លាំងមហាសាមគ្គីប្រជាជាតិ ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ថែរក្សាសន្ដិភាព និងរាល់សមិទ្ធផលនៃសង្គមជាតិឱ្យបានរឹងមាំ។ ៣. ចូលរួមអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ព្រមទាំងរាំងស្កាត់រាល់ឧបាយកល និងសកម្មភាពពីគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេសដែលប៉ុនប៉ងបំផ្លាញរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា។ ៤. ប្រតិបត្តតាមអភិក្រមទាំង ៥ គឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងបាវចនាពីរគឺ “កែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ”។ ៥. ត្រូវតម្កល់ខ្ពស់ស្មារតីស្នេហាជាតិបរិសុទ្ធ ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីឱ្យបានគង់វង្ស ប្រឆាំងដាច់ខាតការជ្រៀតជ្រែករបស់បរទេសចូលកិច្ចការផ្ទៃក្នុងកម្ពុជា និងមិនឱនក្បាលចំពោះការដាក់សម្ពាធណាមួយពីខាងក្រៅ ថែរក្សាសន្ដិភាព សន្ដិសុខ ស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម ឱ្យបានរឹងមាំលើមូលដ្ឋានប្រតិបត្តិយ៉ាងម៉ឺងម៉ាត់រដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។ ៦. ត្រូវបន្ដជម្រុញអប់រំផ្សព្វផ្សាយតាមគ្រប់រូបភាពឱ្យបានទូលំទូលាយ និងស៊ីជម្រៅក្នុងគ្រប់ស្រទាប់ប្រជាជន ពិសេសស្រទាប់យុវជន អំពីសភាពការណ៍រីកចម្រើនរបស់ប្រទេសជាតិ អំពីគោលនយោបាយនានារបស់គណបក្ស និងរាជរដ្ឋាភិបាលអំពីភាពជាម្ចាស់របស់ប្រជាជន និងវាយបករាល់ការឃោសនាអកុសលរបស់ពួកប្រឆាំង ដើម្បីបង្កើនជំនឿរបស់ប្រជាជនចំពោះការដឹកនាំរបស់គណបក្ស និងរាំងស្កាត់ឧបាយកលបំផ្លិចបំផ្លាញរបស់ពួកប្រឆាំង និងអមិត្ត។ ៧. សមាជិក សមាជិកាអង្គបោះឆ្នោតត្រូវរៀនគូសលើសន្លឹកឆ្នោតឲ្យល្អប្រសើរ ដើម្បីជៀសវាងការភ័ន្តច្រឡំ ៨. ក្រុមការងារ និងគណបក្សស្រុក-ក្រុងទាំងអស់ ត្រូវសហការណ៍ជាមួយអាជ្ញាធរពាក់ព័ន្ធ ធានាថែរក្សា សន្ដិសុខ សណ្ដាប់ធ្នាប់ឱ្យបានល្អប្រសើរ ពិសេសត្រូវការពារទាំងមណ្ឌល និងការិយាល័យបោះឆ្នោត ការពារសុវត្ថិភាពជូនបេក្ខជនឈរឈ្មោះ និងការពារលទ្ធផលបោះឆ្នោត ព្រមទាំងគ្រប់គ្រងសភាពការណ៍ក្រោយការបោះឆ្នោតឱ្យបានល្អប្រសើរ ហើយត្រូវរាយការណ៍ជូន គណៈអចិន្ត្រៃយ៍គណបក្សខេត្តនូវលទ្ធផលនៃការបោះឆ្នោត សភាពការណ៍ផ្សេងៗឱ្យបានទៀងទាត់តាមការជាក់ស្ដែង ៕