លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្តល់អានុសាសន៍ដល់មន្ត្រីរាជការដែលបានទទួលការបណ្តុះបណ្តាលផ្នែកភាសាចិន នៅប្រទេសចិន ២៦/០៨/២០១៩ 743 មន្ត្រីរាជការ, វគ្គបណ្តុះបណ្តាល, វិទ្យាស្ថានខុងជឺ, សាធារណរដ្ឋប្រជាមានិតចិន លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានណែនាំដល់សិក្ខាកាមចំនួន ៥រូប ដែលត្រូវបានទទួលវគ្គបណ្ដុះបណ្តាលភាសាចិន នៅប្រទេសចិន រយៈពេល ១០ខែ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃច័ន្ទ ១១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩។ ថ្លែងក្នុងឱកាសនោះ លោកជំទាវ បានថ្លែងអំណរគុណដល់ លោកជំទាវ សុភ័គ ថាវី រដ្ឋលេខាធិការ ដែលបានជួយសម្របសម្រួលដល់ក្រុមសិក្ខាកាមបានទទួលការបណ្តុះបណ្តាលភាសាចិននៅប្រទេសចិន តាមរយៈ វិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិតសភាកម្ពុជា ដែលកន្លងមកនេះវិទ្យាស្ថានខុងជឺ ក៏បានបណ្តុះបណ្តាលមន្ត្រីរាជការនៅក្រសួងផងដែរ ហើយនៅពេលនេះក៏បានឈានបន្តទៅបណ្តុះបណ្តាលនៅប្រទេសចិនបន្ថែមទៀត ។ លោកជំទាវក៏បានបន្តទៀតថា នេះគឺជាឱកាសហើយ ដែលមន្ត្រីរាជការរបស់ក្រសួងបានទទួលនូវវគ្គបណ្តុះបណ្តាលនេះ ស្របពេលដែលប្រទេសកំពុងតែមានសុខសន្តិភាព និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ លោកជំទាវបានបន្តទៀតថា តាមរយៈការបណ្តុះបណ្តាលនេះ ក៏ពង្រីកនូវសមត្ថភាពផ្នែកភាសាចិនរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ដើម្បីឲ្យមន្ត្រីរាជការបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ស្ថាប័នផង និងអភិវឌ្ឍប្រទេសជាតិផង។ លោកជំទាវបានសំណូមពរដល់សិក្ខាកាមទាំងអស់ត្រូវគោរពទៅតាមបទបញ្ជាផ្ទៃក្នុងរបស់សាលា ត្រូវចេះសាមគ្គីភាពផ្ទៃក្នុងរបស់ក្រុម ត្រូវចេះជួយគ្នាទៅវិញទៅមក ចេះចែករំលែកនូវបទពិសោធន៍គ្នាទៅវិញទៅមក ត្រូវចេះសិក្សាស្រាវជ្រាវផ្ទាល់ខ្លួនបន្ថែមទៀត ក្នុងន័យពង្រឹងសមត្ថភាពរបស់ក្រុម។ ជាពិសេសត្រូវចេះថែរក្សាសុខភាពឲ្យបានល្អ ខិតខំបង្កើនសម្ថភាពផ្ទាល់ខ្លួន ត្រូវចេះទំនាក់ទំនងជាមួយនិស្សិតរបស់ប្រទេសចិនក្នុងនាមជាយុវជនរបស់ប្រទេសជាតិ៕