លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញ ជាអធិបតីក្នុងពិធីសិតបដិមា ព្រះនាងឥន្ទ្រទេវី ០៩/០៩/២០១៩09/09/2019 624 ប្រពៃណី-សាសនា លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីសិតបដិមា ព្រះនាងឥន្ទ្រទេវី នៅរាជបណ្ឌិត្យសភាកម្ពុជា ព្រឹកថ្ងៃច័ន្ទ ១១កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩។ ថ្លែងក្នុងឱកាសនោះ លោកជំទាវបានកោតសរសើរខ្ពស់ពីកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តម សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក្នុងការសិក្សាស្រាវជ្រាវស្វែងរកអត្តសញ្ញាណបដិមាព្រះនាងឥន្ទ្រទេវី និងរហូតឈានដល់ការរៀបចំធ្វើសិក្ខាសាលាកម្រិតជំនាញក្នុងការប្រមូលអ្នកជំនាញខាងបដិមាសាស្រ្ត ជំនាញបុរាណវិទ្យា ស្ថាបត្យកម្ម ពីស្ថាប័នជាតិយើងផង និងអន្ដរជាតិផង ដើម្បីប្រមូលមតិយោបល់ក្នុងការកំណត់អត្តសញ្ញាណបដិមា ដែលយើងនឹងធ្វើពិធីសិតក្នុងថ្ងៃនេះ ក្រោមជំនួយឧបត្ថម្ភរបស់ លោកជំទាវឧកញ៉ា សៀង ចាន់ហេង អគ្គនាយការក្រុមហ៊ុនហេងអភិវឌ្ឍន៍។ ព្រះនាងឥន្ទ្រទេវី ដែលជាព្រះរាជអគ្គមហេសី របស់ព្រះមហាក្សត្រខ្មែរ គឺ ព្រះបាទជ័យវរ្ម័នទី៧។ ព្រះនាង គឺក្សត្រីនាសម័យអង្គរមួយអង្គ ដែលមានរូបឆោមល្អដាច់គេ ព្រះនាងមានចំណេះវិជ្ជា ខ្ពង់ខ្ពស់ ឈ្លាវៃអស្ចារ្យ ជាពិសេសព្រះនាងមានចំណេះដឹងខាងភាសាសំស្ក្រឹត និងបរមត្ថវិជ្ជា។ ព្រះ នាងគឺជាពុទ្ធសាសនិកមួយរូប ដែលមានសទ្ធាជ្រះថ្លាបំផុតក្នុងការគោរពប្រតិបត្តិព្រះពុទ្ធសាសនាបានយ៉ាងល្អខ្ជាប់ខ្ជួន និងបានក្រើនរំលឹកព្រះស្វាមីឲ្យប្រកាន់យកព្រហ្មវិហារធម៌ និងមេត្តាធម៌ ក្នុងការគ្រប់គ្រងអាណាចក្រ និងប្រជារាស្ត ប្រកបដោយទសពិធរាជធម៌។ នៅក្នុងសម័យកាលនោះ ស្នាព្រះហស្ថរបស់ព្រះនាង បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសជាមួយព្រះបាទជ័យវរ្ម័នទី៧ ជាព្រះមហាក្សត្រ ដែលព្រះអង្គជាបិតាស្ថាបត្យករ បិតាបង្រួបបង្រួមជាតិ បិតាសឹកសង្គ្រាម និងបិតាសេដ្ឋកិច្ច ដោយបានបង្កើតឲ្យសំណង់ប្រាសាទធំៗរាប់រយប្រាសាទ មានសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាឆទាន និយាយរួម ទាំងវិស័យ ពុទ្ធចក្រ និងវិស័យអណាចក្រ ក៏ចាប់ផ្តើមរីកដុះដាលខ្លាំងនាសម័យនោះផងដែរ។ លោកជំទាវក៏បានសំណូមពរឱ្យ ៖ ១. ស្ថាប័នពាក់ព័ន្ធ ក្នុងជំនាញសូនរូប ជាងសិតរូប អាជីវករសូនរូបក្នុងប្រទេសកម្ពុជាទាំងអស់ សូមមេត្តាសាងស្នាដៃសូនរូបទោះជារូប ត្រូវគោរពតាមរចនាបទ និងទម្រង់នៃរូបដើម ហើយក៏ត្រូវផ្ចិតផ្ចង់ឲ្យបានល្អ សាកសមជាកូនខ្មែរ ពូជពង្សអង្គរ។ ២. នៅពេលដែលចាប់ផ្តើមកសាង សិត ឬសូនបដិមា ព្រះនាងឥន្ទ្រទេវី នៅពេលក្រោយទៀត សូមយកលំនាំតាមបដិមា ព្រះនាងឥន្ទ្រទេវី ដែលបានសិតរួច និងតម្កល់ទុកនៅក្នុងរាជបណ្ឌិត្យ សភាកម្ពុជានេះ។ ៣. ស្នើ និងលើកទឹកចិត្តដល់រាជបណ្ឌិត្យសភាកម្ពុជា បន្តសហការ និងស្រាវជ្រាវបន្ថែមទៀត ក្នុងការចងក្រងឯកសារស្តីពីប្រវត្តិ ដោយបានបង្ហាញអំពីគម្រូវីរៈរបស់តួអង្គនៃព្រះបដិមាផ្សេងទៀត និងកំណត់គម្រូបដិមាទាំងនោះតាមទម្រង់ដើមដែលមានលក្ខណៈជាប្រវត្តិសាស្ត្រ សម្រាប់តម្កល់ទុកជាការសិក្សាស្រាវជ្រាវដល់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ជាពិសេស គឺសម្រាប់កូនខ្មែរជំនាន់ក្រោយៗទៀត។