លោកជំទាវ ម៉ែន សំអន អញ្ជើញបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនដល់ប្រទេសជាតិ នៅលើទឹកដីខេត្តសៀមរាប

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមជាមួយលោកជំទាវភរិយាថ្នាក់ដឹកនាំ និង​មន្រ្តីរាជការ​ក្រោម​ឱវាទ បានអញ្ជើញថ្វាយគ្រឿងសក្ការៈ បួងសួងដល់បព្រះវិស្ណុ ព្រះម៉ែលក្ស្មី និង​ព្រះម៉ែ​មហាទេវី នៅស្ថិតក្នុងតំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិត្រាវកុដិនៅភូមិក្រពើ ឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ព្រឹកថ្ងៃព្រហស្បត្តិ៍ ៣កើត ខែមាឃ ឆ្នាំច សំរិទ្ធិស័ក ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០១៩ ។

ពិធីបួងសួងនេះផងដែរគឺធ្វើឡើងដើម្បីឧទ្ទិសថ្វាយបុណ្យកុសល ក៏ដូចជាការដឹងគុណ ជូន​ដល់​ដួងវិញ្ញាណក្ខន្ធរបស់បុព្វការីជនក្នុងអតីតកាល ជាពិសេស បុព្វមហា​បុរស​ខ្មែរនា​សម័យ​មហានគរ ទេវតា ដែលថែរក្សាវត្ថុសក្តិសិទ្ធិ ទាំងអស់ មាតា បិតា និងញាតិធម៌ក្នុងវដ្តសង្សារ ក៏​ដូចជាការពង្រឹងសាមគ្គីភាព និងសាបព្រោះនូវវប្បធម៌សន្តិភាពនៅក្នុងរង្វង់មហាគ្រួសារខ្មែរ និង​ពិភពលោក។

លោកជំទាវក៏បានឧទ្ទិសបួងសួងថ្វាយជូនព្រះបារមីដ៏ស័ក្តិសិទ្ធិ ដែលគង់​ប្រថាប់​ថែរក្សា​នៅលើ​ទឹកដី​ប្រវត្តិសាស្ត្រ អង្គរ ក៏ដូចនៅក្នុងកម្ពុជរដ្ឋទាំងមូល ព្រមទាំងបារមីព្រះអង្គចេកព្រះអង្គចម លោកយាយទេព តាដំបងដែក លោកតារាជ ព្រះអង្គតូច ព្រះអង្គធំ គង់នៅខ្នងភ្នំគូលែន និង​បារមីអារុក្ខអារក្ស អ្នកតាគ្រប់ទិសទី និងទេវតា​គង់ថែរក្សា​នៅតាមប្រាង្គប្រាសាទ​នានា​នៅលើ​ទឹកដី​ដ៏ស័ក្តិសិទ្ធិតាមជួយបីបាច់ ថែរក្សាឃុំគ្រង ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា ប្រជាពលរដ្ឋ ជួយឲ្យប្រទេសជាតិឲ្យមានតែសុខសន្តិភាព និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ហើយក៏សូមឲ្យប្រទេសជាតិជៀងផុតពីគ្រោះរាំងស្ងួត និងជៀតផុតពីបាតុភូតិធម្មជាតិនានា ។

ជាទីបញ្ចប់លោកជំទាវក៏បានសំណេះសំណាល និងចែកទាន​ដល់ប្រជាពលរដ្ឋ​នៅក្នុង​តំបន់​នោះ​ចំនួន ១៥០គ្រួសារផងដែរ ដោយក្នុងម្នាក់ៗទទួលបានក្រណាត់មួយដុំ និងថវិកាមួយចំនួន៕