លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអាគារមណ្ឌលសុខភាពគគីរ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអាគារមណ្ឌលសុខភាពគគីរ ស្ថិតនៅឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង នាព្រឹកថ្ងៃអាទិត្យ ៦រោច ខែបុស្ស ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ។

លោកជំទាវកិត្តិសង្គហបណ្ឌិតបានថ្លែងនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសូមសម្តែងនូវការកោតសរសើរដោយស្មោះ ប្រគេនថ្វាយចំពោះព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងអង្គពិធីទាំងមូល។

អគារមណ្ឌលសុខភាពគគីរថ្មីស្រឡាង ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានរួមចំណែកយ៉ាងសំខាន់​ក្នុងការផ្តល់ សេវាថែរទាំ និង​ព្យាបាលដល់ប្រជាពលរដ្ឋឥតគិតថ្លៃជា​ពិសេ​ស ស្រ្តីនិង​កុមារ និងមិន​ត្រឹមតែផ្តល់ការថែទាំនិងព្យាបាលនៅក្នុងឃុំគគីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​អាច​ផ្តល់សេវាព្យាបាលជូនដល់បងប្អូន នៅតាម​បណ្តាឃុំនានាជុំវិញស្រុករមាសហែក​ផងដែរ ពោលគឺនឹងរួមចំណែកជំរុញការផ្តល់សេវាថែរទាំ​សុខភាពនៅក្នុងខេត្តស្វាយ​​រៀង កាន់​តែប្រសើ​រ​ឡើង។

លោកជំទាវកិត្តិសង្គហបណ្ឌិតបានថ្លែងបន្តថា អគារមណ្ឌលសុខភាពដែលបាននឹងកំពុងរួមគ្នាប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះ ជាគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី បើទោះបីជាចំនួនប្រជាពលរដ្ឋនៅឃុំគគីរ នៅពុំទាន់សមាមាត្រសមស្របនឹងបង្កើតមណ្ឌលសុខ​ភាព​យ៉ាងក្តី​ ។ ប៉ុន្តែ ដោយមានការគិតគូរអំពីសុខទុក្ខ ពិសេស បញ្ហាសុខភាពរបស់បងប្អូនដែលរងគ្រោះដោយសារគ្រាប់បែកគីមី ដែលអាមេរិកបានទម្លាក់នៅចន្លោះ​ឆ្នាំ ១៩៧០-១៩៧៥​ ទើប សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានសម្រេចផ្តល់ជូនអគារមណ្ឌ​លសុខភាពគគីរដ៍ថ្មីស្រឡាងនេះឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង បន្ទាប់ពីក្រសួង​សុខាភិបាលបានរកឃើញថា មានបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារធាតុគីមី ឈ្មោះ អឺជែន អូរ៉េន (Agent Orange) ជា សារធាតុ ហឺបីសាយ (Herbicide) ដ៏សាហាវដែលបានប្រើប្រាស់នៅក្នុងសង្គ្រាមដែលសហរដ្ឋអាមេរិក ទម្លាក់ ​ដើម្បីកំទេចគំរបព្រៃឈើ និងកងទ័ពវៀតណាមខាងជើង និងទ័ពវៀតកុង នៅចន្លោះឆ្នាំ ១៩៦១-១៩៧១ ។ លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអនបានថ្លែងបន្ថែមថា សារធាតុគីមីនេះ បានបណ្តាលឲ្យកើតចេញជារោគស​ញ្ញាមិនប្រក្រតីមួយចំនួនដូចជា ក្បាលធំ ស្វិតដៃ ស្វិតជើង ថប់ដង្ហើម ប្រតិកម្ម-ស្បែក និងរមាស់ជាដើម។

ទន្ទឹមនឹងនេះ សម្តេចតេជោ ក៏បានណែ​រនាំទៅក្រសួងសុខាភិបាល ដាក់បងប្អូនប្រជាពលរដ្ឋក្នុងឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ដែលរងគ្រោះដោយសារសារធាតុគីមីអាមេរិក ទៅក្នុងកម្មវិធីសមធម៌ ពោលគឺទទួលបានការពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យរដ្ឋដោយមិនគិតថ្លៃ ។

រាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទី​៦​​ នៃរដ្ឋសភា បាន​ប្តេជ្ញាចិត្តយ៉ាង​​មោះ​មុត​ជាបន្តទៀត ក្នុងការកាត់បន្ថយភាព​ក្រីក្រឲ្យបា​នជាអតិបរមា ​និងការធានា​នូវសូច​នាករ​សំខាន់​ៗ​ក្នុងវិស័យសង្គមកិច្ច ជាពិសេសវិស័យសុខាភិបាល និងបន្ត​អនុវត្តនូវគោលនយោបាយបង្កើន​វិ​សាល​​ភាព ប្រសិទ្ធភាព​ និងសេវាសុខភាពសាធារណៈឲ្យកាន់​តែប្រសើរ​ឡើ​ង​ ទទួល​បាននូវការ​​ជឿទុកចិត្តពីប្រជាពលរដ្ឋតាមរយៈការធ្វើកំណែរទម្រង់កាន់តែ​ស៊ី​ជំរៅ​​​ ខ្លំាង​ក្លា​ និងប្រកប​ដោយ​ប្រសិទ្ធភាពខ្ពស់​៕