ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បើកសិក្ខាសាលាត្រួតពិនិត្យ ការអនុវត្តថវិកាកម្មវិធីការប្រឈម និងទិសដៅអនាគត

ភ្នំពេញ៖​​​​​​​នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានធ្វើសិក្ខាសាលា ស្តីពី ការត្រួតពិនិត្យការអនុវត្តថវិកាកម្មវិធីការប្រឈម និងទិសដៅអនាគតរបស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅ សណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដោយមានថ្នាក់ដឹកនាំ និងមន្ត្រីរាជការមកពីក្រសួង និងមន្ទីរ ទំនាក់ទំនងជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និងអធិការកិច្ច រាជធានី ខេត្ត សរុបចំនួនជាង១០០នាក់។

សិក្ខាសាលានេះ មានគោលបំណងត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តថវិកាកម្មវិធីកន្លងមក ដោយលើកឡើងពីការប្រឈមនានា និងផ្លាស់​ប្តូរយោបល់ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនោះ ហើយដាក់ចេញនូវវិធានការណ៍ និងទិសដៅថ្មីៗសម្រាប់អនុវត្តបន្តក្នុងឆ្នាំខាងមុខ ដើម្បីសម្រេចបានលទ្ធផលដូចដែលក្រសួងបានដាក់ចេញ និងដើម្បីអនុវត្តភារកិច្ចផែនការ និងយុទ្ធសាស្ត្រ ដែលរាជរដ្ឋាភិបាល​បាន​ប្រគល់​។ សិក្ខាសាលានេះបានទទួលការឧបត្ថម្ភថវិកាពីគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ​។

ក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានលើកឡើងពីការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលបានចាប់ផ្តើមពីឆ្នាំ ២០០៥ និងបន្តរហូតដល់ឆ្នាំ២០២៥។ កម្មវិធីកែទម្រង់ ត្រូវបានចែកចេញជា ៤ដំណាក់កាល គឺ ៖ ទី១) ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០០៨ ដោយ​ផ្តោតលើភាពជឿទុកចិត្តបាននៃថវិកា ទី២) ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៥ ដោយផ្តោតលើគណនេយ្យភាពហិរញ្ញវត្ថុ ទី៣) ពីឆ្នាំ២០១៦ ដល់ ឆ្នាំ២០២០ ដោយផ្តោតលើថវិកាផ្សារភ្ជាប់ជាមួយគោលនយោបាយ និងទី៤) ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ ដោយផ្តោតលើប្រព័ន្ធត្រួតពិនិត្យ និងវាយតម្លៃលទ្ធផល និងសមិទ្ធកម្ម។

ដោយការអនុវត្តកម្មវិធីកែទម្រង់ ជាពិសេសការកែទម្រង់ថវិកាអង្គភាពថវិកាទាំងអស់ ថ្នាក់ដឹកនាំ និងមន្ត្រីដែលពាក់ព័ន្ធ ត្រូវ​ត្រៀម​លក្ខណៈ​ឱ្យបានល្អ ព្រោះការងារនេះមានភាពស្មុគស្មាញ និងទាមទារការបណ្តុះបណ្តាល និងជំនាញដើម្បីអនុវត្តឱ្យបានតាមការណែនាំរបស់​រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ដើម្បីសម្រេចបានជោគជ័យក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តម ដូចបានលើកឡើងខាងលើនេះ ទាមទារឱ្យមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹង សមត្ថភាព និងគោរពច្បាប់ និងក្រមសីលធម៌មន្ត្រីរាជការ និងខិតខំបំពេញ ការងារទៅតាម ការចាត់តាំង និងតួនាទីរបស់ខ្លួនគ្រប់ៗគ្នា។ ជាមួយនេះ មន្ត្រី រាជការ ក្រសួង ទាំង អស់ ត្រូវ យក ចិត្ត ទុកដាក់ អនុវត្តឱ្យបានល្អតាមអភិក្រមទាំងប្រាំ របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី គឺ៖ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ដែលយើងត្រូវចងចាំ កុំឲ្យភ្លេចខ្លួន។

សិក្ខាសាលានេះបានធ្វើឡើងរយៈពេលពេញមួយថ្ងៃ និងបានទទួលនូវអនុសាសន៍ថ្មីៗជាច្រើនពី​​​​​លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដើម្បីប្រសិទ្ធិភាពការងារក្នុងក្របខណ្ឌជាតិ និងងថ្នាក់មូលដ្ឋាន។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បានផ្តាំឲ្យប្រធានមន្ទីរគ្រប់ខេត្ត រាជធានី និងថ្នាក់ដឹកនាំក្រោមឱវាទក្រសួង ដែលមានភារកិច្ច ជាសមាជិកក្រុមការងារថ្នាក់ជាតិ ត្រូវចូលរួមឲ្យបានសកម្មក្នុងការប្រាស្រ័យទំនាក់ទំនងជាមួយប្រជាពលរដ្ឋនៅ​គ្រប់​មូលដ្ឋាន ពិសេសនៅក្នុងគ្រាដែលប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទន្លេ និងទឹកភ្លៀង។

លោកជំទាវកិត្តិសង្គហបណ្ឌិត បានបញ្ជាក់បន្ថែមឲ្យក្រុមការងារទាំងអស់ ត្រូវពិនិត្យតាមទីអារាមដែលខ្វះការចូលរួមពីប្រជាពុទ្ធិបរិស័ទ ដែល​មិនបានទៅដល់ទីអារាម ក្នុងឱកាសកាន់បិណ្ឌភ្ជុំបិណ្ឌនេះ ដោយត្រូវរាយការណ៍ឲ្យអាជ្ញាធរបានដឹង​​និងចាត់តាំង​ក្រុម​ការងារ​ចូលរួម​ឲ្យ​បាន​គ្រប់វត្តកុំបីខាន៕