ឯកឧត្តម ឆេង សារឿន តំណាង​ដ៏​ខ្ពង់ខ្ពស់​លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាន​ជម្រុញ​ប្រជាពលរដ្ឋ​ត្រលប់មកពិសារអាហារបួសជំនួសវិញ

ឯកឧត្តម ឆេង សារឿន រដ្ឋលេខាធិការ បានអញ្ជើញជា​តំណាងដ៏ខ្ពង់ខ្ពស់​លោកជំទាវ​កិត្តិសង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង​អធិការកិច្ច ក្នុងពិធីជម្រុញអាហារបួសប្រចាំឆ្នាំលើកទី ៦ របស់សមាគមអ៊ីគ័នតាវប្រចាំនៅកម្ពុជា នៅមជ្ឈមណ្ឌល និងពិព័ណ៌កោះពេជ្រ នារសៀលថ្ងៃអាទិត្យ ៨កើត ខែបុស្ស ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៣ ខែមករា ឆ្នាំ២០១៩ ។

ថ្លែងក្នុងឱកាសនោះផងដែរ ឯកឧត្តម ក៏បានមានប្រសាសន៍ថា ៖ ការរៀបចំ​ពិធីនេះ​គឺស្របពេល​ដែលកម្ពុជាកំពុងមានកំណើនសេដ្ឋកិច្ចខ្ពស់ មានកំណើនភ្ញៀវទេសចរណ៍មកពីគ្រប់ទិសទី ហើយ​ក៏ស្របពេលដែល កម្ពុជាទើបតែបានបញ្ចប់នូវពិធីបុណ្យជាតិធំៗកាលពីចុងឆ្នាំ ២០១៨ និងដើមឆ្នាំ២០១៩ ទៅនេះ។ ឯកឧត្តម ក៏បាន​ជម្រុញឲ្យប្រជាពលរដ្ឋ​គ្រប់រូប​ងាកមក​រក​ការ​ពិសារ​អាហារបួសវិញ តាមរយៈ ប្តូរពីការមិនពិសារសាច់ មកជាការពិសារបន្លែ និង ផ្លែឈើ​ជំនួស​វិញ ព្រោះថាការហូបបួសមានសារៈសំខាន់ណាស់ មិនត្រឹមតែជួយឲ្យមនុស្សមានសុខភាពល្អ​នោះ​ទេ ថែមទាំងបានជួយឲ្យមនុស្សមានចិត្ត មេត្តា ករុណា និងចិត្តសប្បុរសផងដែរ។ មួយ​ផ្នែក​ទៀត​គឺ ជាការថែរក្សានូវជីវតសត្វនៅលើផែនដី និងចូលរួម​កែលម្អនូវ​ស្ថានភាព​មិនប្រក្រតី​នៃការ​ប្រែប្រួលអាកាសធាតុយ៉ាងមានប្រសិទ្ធិភាពផងដែរ៕