ប្រកាសតែងតាំងប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តបាត់ដំបង, លោក ប៊ុត ម៉ក់ ជំនួស​លោក ​អៀ វ៉ាន់នី ដែលបានចូលនិវត្តន៍ ​

ឯកឧត្តម ចាប សុថារិទ្ធ រដ្ឋលេខាធិការ បានអញ្ជើញជាអធិបតីតំណាងលោក​ជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការ​កិច្ច ក្នុងពិធីប្រ​កាសតែងតាំងលោក ប៊ុត ម៉ក់ ជាប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តបាត់ដំបង ជំនួសលោក អៀរ វ៉ាន់នី ដែលបានចូលនិវត្តន៍ នាព្រឹកថ្ងៃសុក្រ ១៣កើត ខែបុស្ស ឆ្នាំច សំរិទ្ធិស័ក ព.ស.៣៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ នៅសាលាខេត្តបាត់ដំបង ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ក៏បានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុកពីសំណាក់ លោកជំទាវកិត្តិសង្គហបណ្ឌិត ជូនដល់អង្គពិធីផងដែរ។ ឯកឧត្តមក៏បានរំលឹកណែនាំប្រធានមន្ទីរថ្មី ត្រូអនុវត្តការងារឲ្យស្របតាមតួនាទី ភារកិច្ចរបស់ខ្លួនក៏ដូចជាអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបំពេញបេសកម្មការងារ ជាមួយអាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ និងបំរើ​ប្រ​ជា​ជនដោយស្មោះត្រង់ ទទួល​ភារកិច្ច ដឹកនាំ គ្រប់គ្រង សម្រប​សម្រួល លើ​គ្រប់​វិស័យ ស្របតាមបេសកកម្ម​ចំបង​​​របស់​ក្រសួង គឺ​តាម​ដាន​ការអនុវត្ត​ច្បាប់ ទប់​ស្កាត់​អំពើពុក​រលួយ ភាពអយុត្តិធម៌ក្នុងសង្គម និងការរំលោភ​បំពានដោយប្រើ​អំណាច ដើម្បីបំរើប្រយោជន៍​បុគ្គល និងបក្សពួក គ្រួសារ និងការពារសិទ្ធ របស់ពលរដ្ឋ ពោលគឺ​ពង្រឹងអភិបាលកិច្ចល្អ ដែលជាស្នូល​ នៃយុទ្ធសាស្ត្រចតុកោណ ដើម្បីកំណើន ការងារ សមធម៌ និង​ប្រសិទ្ធភាព​ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។ ជាពិសេស ត្រូវបន្តខិតខំប្រឹងប្រែងរៀនសូត្រ ដកស្រង់បទពិសោធន៍ល្អៗ បូកផ្សុំជាមួយបទពិសោធន៍ ដែលធ្លាប់អនុវត្តក្នុងរយៈពេលកន្លងមក រួមទាំងចំណេះដឹង ជំនាញបច្ចេកទេសថ្មីៗ ដើម្បីបន្ត និងជំរុញការអនុវត្តការងារ ឲ្យរឹតតែប្រសើរឡើងថែមទៀត ប្រយោជន៍បម្រើ និងផ្តល់សេវាសាធារណៈ ជូនពលរដ្ឋប្រកបដោយតម្លាភាព ប្រសិទ្ធភាព គណនេយ្យភាព និងការទទួលខុសត្រូវខ្ពស់ផងដែរ៕