លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញចូលរួមអង្គកឋិនទាន ដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផល នៅក្នុងវត្តមុន្នីប្រសិទ្ធិវង្ស

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បាន​អញ្ជើញចូលរួមអង្គកឋិនទាន ដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផល នៅក្នុងវត្តមុន្នីប្រសិទ្ធិវង្ស បានរៀបចំពិធីសូត្រមន្តនៅគេហដ្ឋានផ្ទះលេខ ៥២ ផ្លូវលេខ ៣៨៨ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកក រាជធានីភ្នំពេញ រសៀលថ្ងៃសុក្រ ៦កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.​២៥៦៣ ត្រូវនឹង ថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

លុះព្រឹកឡើង ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នឹងដង្ហែរនៃអង្គកឋិនទានសាមគ្គីទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងពុទ្ធសីមា ដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលនានា ទុកជាគរុភណ្ឌក្នុងវត្តមុន្នីប្រសិទ្ធិវង្ស ដែលស្ថិតនៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

អង្គកឋិនទានធ្វើឡើង ដើម្បីឧទ្ទិសជូននូវបុណ្យកុសលទាំងឡាយ ដែលកើតពីសទ្ធាជ្រះថ្លាធ្វើបុណ្យកឋិនទានសាមគ្គីនេះ ជូនចំពោះ​ជីដូន​ជីតា ញាតិកាទាំងប្រាំពីសណ្តានដែលបានចែកឋាន ទៅកាន់លោកខាងមុខ ព្រមទាំងបានជូននូវបុណ្យកុសលចំពោះឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី និងពុទ្ធបរិស័ទចំណុះជើងវត្ត ជាអ្នកផ្តើមបុណ្យ សូមបានសុខ ចំរុងចំរើនជារៀងរហូតទៅ៕