លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកព្រឹត្តិការណ៍ “ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើមលើកទី៤”

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បាន​អញ្ជើញ​ជាអធិបតីក្នុងពិធីសម្ពោធបើកព្រឹត្តិការណ៍ “ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើមលើកទី៤” នៅសាលសន្និសីទចតុមុខ នារសៀលថ្ងៃច័ន្ទ ៨កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោកជំទាវបានមានប្រសាសន៍ថា៖ ប្រទេសកម្ពុជានិងចិនបានប្រឹងប្រែងក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរ​គ្នាឱ្យកាន់តែ​ស៊ី​ជម្រៅ​ក្នុងវិស័យវប្បធម៌ សិល្បៈ និងខ្សែភាពយន្តរវាងប្រទេសទាំងពីរ។ តាមរយៈព្រឹត្តិការណ៍ “ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើម” នេះ យើងអាចមើលឃើញថា​ វិទ្យុមិត្តភាពកម្ពុជាចិន មិនត្រឹមតែ​បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាព​ផ្សព្វផ្សាយព័ត៌មាន និង​ផ្លាស់ប្តូរ​វប្បធម៌​រវាង​ប្រទេសនិងប្រជាជនទាំងពីរនោះទេ ថែមទាំងបានដើរតួនាទីជាស្ពានចម្លងក្នុងការលើកកម្ពស់ការយល់ដឹង និង​ផ្លាស់ប្តូរ​វប្បធម៌​និង​ព័ត៌មាន​រវាងប្រជាជននៃប្រទេសទាំងពីរ​ ព្រមទាំងបានចូលរួមក្នុងការពង្រឹងចំណងមិត្តភាពជាប្រពៃណី រវាងកម្ពុជានិងចិន​ ឱ្យ​កាន់តែរឹងមាំ​និង​ស្ថិតស្ថេរជារៀងរហូត។

ជាទីបញ្ចប់លោកជំទាវក៏បានជូនពរឲ្យ “ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើមលើកទី៤” ទទួលបានជោគជ័យក្នុងការចាក់ផ្សាយ និង​ទទួល​បានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋខ្មែរ និងអ្នកទស្សនាគ្រប់ជាតិសាសន៍។ បន្ទាប់មកក៏បានទស្សនាខ្សែភាពយន្តចិន ប្រែសម្រួលជាខេមរភាសា រឿង មួយគីឡូម៉ែត្រចុងក្រោយ ក្រោមបរិយាកាសស្និទ្ធស្នាល និងរីករាយជាទីបំផុត។