លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ​ដល់​គម្រោង​ព្យាបាល របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត អង្គការខេមបូឌាវីសិន (អូស្ត្រាលី) ក្នុង​ការបង់ថ្លៃសេវាជួសជូនអ្នកជម្ងឺក្រីក្រ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានអញ្ជើញជាអធិបតី​ក្នុងពិធីថ្លែងអំណរគុណ​ដល់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត អង្គការខេមបូឌាវីសិន (អូស្ត្រាលី) ដែលបានព្យាបាលភ្នែកឡើងបាយ ភ្នែកដុះកន្ទុយថ្លែន និងជម្ងឺ គ-ថ្លង់ ដែល​មាន​អ្នក​ជំងឺ​បាន​ទទួលសេវាព្យាបាលប្រមាណជាង ៤.១៥២នាក់ នៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងដោយឥតគិតថ្លៃ និងទទួលទានអាហារសាមគ្គី​រួមគ្នា នារាត្រីថ្ងៃច័ន្ទ ៨កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅភោជនីយដ្ឋានប្រេស៊ីដង់ រាជធានីភ្នំពេញ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវក៏បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តស្វាយរៀង មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង និងអាជ្ញាធរពាក់ព័ន្ធ ដែល​បានជួយសម្របសម្រួលជួយដល់ក្រុមគ្រូពេទ្យអាចដំណើរព្យាបាលបានដោយរលូន។ ជាពិសេស លោកជំទាវ​ក៏បានធ្វើការ​កោត​សរសើរ និងថ្លែងអំណរគុណដល់គម្រោងព្យាបាលរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត អង្គការខេមបូឌាវីសិន (អូស្ត្រាលី) ដែលដឹកនាំដោយលោក ជេក ម៉េងលី បានដឹកនាំគ្រូពេទ្យឯកទ្ទេសខាង ភ្នែក ត្រចៀក និងជម្ងឺទូទៅ មកពីប្រទេស ចិន អូស្រ្តាលី អង់គ្លេស ហ្វីនលែន តៃវ៉ាន់ ចំនួន ១៣៥នាក់ មកព្យាបាលជម្ងឺដោយឥតគិតថ្លៃ បានបញ្ចប់​បេសកកម្ម​របស់ខ្លួននៅលើទឹកដីខេត្តស្វាយរៀង​ដោយ​ទទួល​បាន​ជោគជ័យ​លើស​ពីការរំពឹងទុក។

លោកជំទាវបានបន្តទៀតថា នេះជាឆ្នាំទី១២ ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្តបានមកព្យាបាលដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋកម្ពុជា មក​ដល់​បច្ចុប្បន្ននេះ បានជាប្រមាណជាង ៣ម៉ឺននាក់។ សកម្មភាពមនុស្សធម៌នេះពិតជាមានតម្លៃណាស់ ដែលកើតចេញអំពីទឹកចិត្តដ៏ថ្លៃថ្លា​របស់​បងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅប្រទេសអូស្ត្រាលី បានរួមគ្នាបង្កើតជាក្រុមមួយសម្រាប់ធ្វើការងារមនុស្សធម៌នេះ និង​ពិត​ជា​បាន​ចូលរួម​ចំណែកនូវការសម្រាលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោយបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកជំទាវក៏បានថ្លែងអំណរគុណដល់ ឯកឧត្តម លោកជំទាវ ឧកញ៉ា ដែលមានទឹកចិត្ត និងសទ្ធាជ្រះថ្លារួមគ្នាបរិច្ចាគនូវធនធានផ្ទាល់ខ្លួន ក្នុងការជួយឧបត្ថម្ភគាំទ្រដល់ អង្គការខេមបូឌាវីសិន ដើម្បីជួយក្នុងការងារមនុស្សធម៌។ លោកជំទាវក៏បានសំណូមពរឲ្យ ឯកឧត្តម លោក​ជំទាវ ឧកញ៉ា បន្តជួយឧបត្ថម្ភបន្ថែមទៀត និងបានស្នើឲ្យលោក ជេក ម៉េងលី បន្តនូវប្រពៃណីនៃការចែករំលែកក្នុង​ការដឹកនាំ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្តមកព្យាបាលនៅកម្ពុជាក្នុងគម្រោងបន្តបន្ទាប់ទៀត៕