អំបុកខ្មែរ ថែជាតិ សាសនា ព្រះមហាក្សត្រ ត្រូវបានប្រារព្ធ​ឡើងនៅ​រមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ និង ៨៨៩កន្លែងទៀត នៃរាជធានីភ្នំពេញ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បាន​អញ្ជើញជាអធិបតីក្នុងពិធី ពិសារអំបុកដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ នាព្រឹកថ្ងៃព្រឹកថ្ងៃសៅរ៍ ១៣កើត ខែកត្តិក ឆ្នាំកុរ សំរឹទ្ធស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ។

ពិធីពិសារអំបុក គឺត្រូវប្រារព្ធឡើងនៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ និងតាមមូលដ្ឋាន ភូមិ ឃុំសង្កាត់ និងវត្តអារាមចំនួន ៨៨៩កន្លែង ដែល​មាន​អ្នកចូលរួមប្រមាណជាង ១០ម៉ឺននាក់ នៅក្នុងរាជធានីភ្នំពេញ បានប្រព្រឹត្តទៅក្រោមបរិយាកាសសប្បាយ​រីករាយបំផុត គឺស្របពេល​ដែល​ថ្ងៃនេះ គឺជាថ្ងៃបុណ្យឯករាជ្យជាតិ និងថ្ងៃ​កំណើតកងទ័ពជាតិ​និងត្រៀមអបអរសាទរព្រះរាជ​ពិ​ធី​បុណ្យអុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ដែលនឹងប្រារព្ធ​ធ្វើ​ថ្ងៃ​ទី​១០-១១-១២ ខែវិច្ឆិកា ខាង​មុខ​នេះ ដែលជាបុណ្យប្រពៃណី​ជាតិ​របស់​ប្រជា​ជ​ន​ខ្មែរ ដែលមានតាំងពី​យូរ​លង់​មក​ហើយ។

ក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនា​បតីតេ​ជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី បានទទួល​សុខ​សន្ដិភាព​ពេញបរិបូរណ៍ និងមានការ​អភិវឌ្ឍ​ន៍រីកចម្រើន​ឈាន​ឡើ​ង​​លើ​​គ្រប់​វិស័​យ ហើយ​ប្រជាជនទូទាំងប្រទេស​​កាន់តែមានជីវភាព​ល្អ​ប្រសើរ​ឡើង ​មាន​សុភមង្គ​ល និងមាន​សិទ្ធិ​សេរី​ភាព​ពេញលេញ​ ក្នុងជំនឿសាសនា និងការ​ប្រារព្ធ​ពិធី​បុណ្យ​ជាតិ​ ប្រពៃណី​ និងបុណ្យ​សាសនាផ្សេងៗ​យ៉ាង​សប្បាយ​​​រីករាយ។
ជាក់ស្តែង រាជធានីភ្នំពេញ​​​​ យើងថ្ងៃនេះបានរៀបចំ​ពិធី​ពិសារអំបុក ដើម្បី​អបអរ​សាទរថ្ងៃឯករាជ្យជាតិផង និងដើម្បីរួបរួមគ្នាការពារជាតិ សាសនា ព្រះមហាក្សត្រផង។ ទិវានេះមានអត្ថន័យធំធេងណាស់ ព្រោះឱ​កា​ស​​​នេះ​យើង​ធ្វើ​ឡើង ​​​ដើ​ម្បី​ទប់ស្កាត់ជនក្បត់ជាតិ​មួយ​ចំនួន ដែលមានបំណង​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាលស្របច្បាប់ និង​បង្ក​ចលាចល អសន្តិសុខ និង​​វិនាសកម្មដល់​ប្រទេស​ជាតិយើង។ ម៉្យាងទៀត ក៏ចង់ក្រឿនរំលឹកដល់យុវជនជំនាន់ក្រោយៗ​ទៀត​ឲ្យបានយល់កាន់តែច្បាស់ និងស្គាល់អត្តសញ្ញាណជាតិផងដែរ ព្រោះថា យុវជន​យើង​ស្ថិត​ក្នុងបរិបទសម័យថ្មី យុវជនខ្លះគាត់ទំនើបពេកទៅ គាត់ស្គាល់​របៀបអឺរ៉ុបច្រើនជាង ក៏ភ្លេចអត្តសញ្ញាណជាតិ។ ពេលនេះគឺពួកគាត់អាចស្វែង​យល់បន្ថែមទៀត​អំពីប្រវត្តិ និងប្រពៃណីពីបុរាណរបស់ខ្មែរយើង និងបានស្គាល់​អំពី​របៀប​ដាល់​អំបុក ឬក៏ការធ្វើអំបុកកាន់តែច្បាស់។ យើង​ទាំងអស់គ្នាត្រូវរួមគ្នាថែរក្សា និងអភិរក្សនូវអ្វីដែលជាមរតករបស់ដូនតាខ្មែរឲ្យនៅស្ថិតស្ថេរគង់វង្សផងដែរ។

លោកជំទាវក៏បានអំពាវនាឲ្យប្រជាពលរដ្ឋទាំងអស់គ្នា​ដោយ «យើង​ប្រែក្លាយថ្ងៃ៩ ខែវិច្ឆិកា របស់យើង ដែលជាថ្ងៃបុណ្យឯករាជ្យជាតិ ជាថ្ងៃ​កំណើត​កងយោធពល​ខេមរភូមិន្ទ ឲ្យទៅជាថ្ងៃទី០៩ វិច្ឆិកា ទទួល​ទាន​អំបុក​ទាំងអស់គ្នា អំបុកខ្មែរថែជាតិ សាសនា ព្រះមហាក្សត្រ »។