លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានចែករំលែកក្តីអាណិតអាសូ និងក្តីស្រឡាញ់ដល់គ្រួសារទីទាល់ក្រ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បាន​ជួយ​ដោយចៃដន្យនូវគ្រួសារទីទាល់ក្រមួយគ្រួសារ ដែលទើបតែនឹងសម្រាលកូនរួច នៅមន្ទីរពេទ្យកាលម៉ែត រាជធានីភ្នំពេញ នារសៀល​ថ្ងៃ​អាទិត្យ ១៣រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

នាឱកាសនោះផងដែរ លោកជំទាវ ក៏បានផ្តាំផ្ញើដល់ម្តាយរបស់ទារក ត្រូវបំបៅកូននឹងទឹកដោះម្តាយឲ្យបានទៀងទាត់ ចំណែក​ឯម្តាយ​វិញ​ក៏​ត្រូវ​ថែទាំសុខភាពឲ្យបានល្អ និងហូបចំណីអាហារឲ្យបានត្រឹមត្រូវ មានជីវជាតិគ្រប់គ្រាន់ ជាពិសេស ចំណីអាហារ​ណា​ដែលជួយ​បង្កើន​ទឹក​ដោះម្តាយ សំរាប់ជាជំនួយក្នុងការបំបៅ បានជាប្រយោជន៍សម្រាប់ជួយដល់សរីរាង្គ និងការលូតលាស់របស់កូនផងដែរ។

លោកជំទាវក៏បានជូនពរឲ្យចៅដែលទើបនឹងកើតនេះមានសុខភាល្អ នាំលាភ នាំសំណាង និងមានភាពចម្រុងចម្រើន​ដល់​ក្រុមគ្រួសារ​ដ៏​តូច​មួយនេះ។ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងលោកជំទាវឧកញ៉ា អ៊ឹង ស៊ីស្រ៊ន ក៏បានឧបត្ថម្ភ​ជា​ថវិកា​មួយចំនួន​ដល់គ្រួសារ​ទីទាល់ក្រ និងឧបត្ថម្ភដល់អ្នកបើកមូតូកង់បី ដោយបានបង្ហាញអំពីទឹកចិត្តសប្បុរសក្នុងការចែករំលែកនូវក្តីអាណិតអាសូ និងក្តីស្រឡាញ់ ក្នុងនាមជាប្រជាពលរដ្ឋខ្មែរដូចគ្នា៕