សេចក្តីព្រាងច្បាប់ស្តីពី អធិការកិច្ច ត្រូវបានដាក់ប្រជុំពិភាក្សាកម្រិតបច្ចេកទេសនៅទីស្តីការគណៈរដ្ឋមន្រ្តី

កិច្ចប្រជុំពិភាក្សាបច្ចេកទេសលើសេចក្តីព្រាងច្បាប់ស្តីពី អធិការកិច្ច ដឹកនាំដោយសហប្រធាន ឯកឧត្តម អ៊ូច ថោងសេង សមាជិកក្រុមប្រឹក្សា សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និង ឯកឧត្តម ស៊ា ម៉ៅ អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ ត្រូវបានដាក់ប្រជុំពិភាក្សាព្រឹកថ្ងៃអង្គារ៍ ៧កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០១៩ នៅសាលប្រជុំបន្ទប់ ៦-០៧B នៅទីស្តីការគណៈរដ្ឋមន្ត្រី។

នៅក្នុងកិច្ចប្រជុំនេះផងដែរ តំណាងក្រសួងសាមីក៏បានដឹកនាំដោយ លោកជំទាវ សុខ វិឡាយ រដ្ឋលេខាធិការ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារតាក់តែងសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួង និង​សមាជិក​ប្រតិភូក៏បានចូលរួមពិភាក្សាយោបល់ផងដែរ។

ច្បាប់ស្តីពីអធិការកិច្ចនេះ បានចែកចេញជា ១៣ជំពូក និង ៥៣មាត្រា មានដូចតទៅ៖ ជំពូកទី១ បទប្បញ្ញត្តិទូទៅ, ជំពូកទី២ ស្ថាប័នមានសមត្ថកិច្ច, ជំពូកទី៣ ស្ថាប័នអធិការកិច្ច, ជំពូកទី៤ ភារកិច្ច សិទ្ធិអំណាចរបស់ស្ថាប័នអធិការកិច្ច, ជំពូកទី៥ ប្រភេទអធិការកិច្ច, ជំពូកទី៦ មន្ត្រីអធិការកិច្ច, ជំពូកទី៧ កាតព្វកិច្ច និងសិទ្ធិរបស់ស្ថាប័នរងអធិការកិច្ច, ជំពូកទី៨ នីតិវិធីអធិការកិច្ច, ជំពូកទី៩ សេចក្តីសម្រេចស្តីពីលទ្ធផលអធិការកិច្ច, ជំពូកទី១០ ប្រតិអធិការកិច្ច, ជំពូកទី១១ ទោសប្បញ្ញត្តិ, ជំពូកទី១២ អន្តរប្បញ្ញត្តិ, និង ជំពូកទី១៣ អវសានប្បញ្ញត្តិ៕