លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធី បិទសន្និបាត របស់រដ្ឋបាលខេត្តស្វាយរៀង

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តស្វាយរៀង តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធី បិទសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារ ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តស្វាយរៀង នារសៀលថ្ងៃពុធ ៨កើត ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវបានថ្លែងថា ក្នុង​នាម​រាជរដ្ឋាភិបាលកម្ពុជា ប្រធានក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​មូលដ្ឋាន​ខេត្ត​ស្វាយរៀង សូមសម្តែង​ការកោត​​សរសើរ និង​វាយ​តម្លៃខ្ពស់​ចំពោះ​រដ្ឋបាល​ខេត្ត ដោយ​មាន​ការចូលរួម​ពីមន្ទីរ អង្គភាព​ជំនាញ​​នានា រដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ កង​កម្លាំង​មាន​សមត្ថកិច្ច និង​ប្រជាពល​រដ្ឋ​ ​នៃខេត្ត​ស្វាយរៀងទាំងមូល ដែល​បាន​ខិតខំ​រួម​គ្នា​​សម្រេចបាន ​នូវសមិទ្ធផល​លើ​គ្រប់វិស័យ រួម​ចំណែក​​ក្នុង​ការថែរក្សា សុខសន្តិភាព​ស្ថិរភាព​​នយោបាយ រក្សាការពារ​​បូរណភាព​ទឹកដី អធិបតេយ្យភាព​​​ជាតិ សន្តិសុខ​សណ្តាប់​ធ្នាប់​សាធារណៈ សុវត្ថិភាពសង្គម និង​ខិតខំ​ជំរុញ​​ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។

លោកជំទាវក៏បានផ្តល់អានុសាសន៍ ៨ ចំណុច សម្រាប់អនុវត្តបន្ត ៖

ទី១. រួមគ្នាថែរក្សាការពារសុខសន្តិភាព ស្ថិរភាព​នយោបាយ និង​រក្សា​ឲ្យ​បាន​ដាច់ខាត​​នូវអធិបតេយ្យភាព បូរណភាព​ទឹក​ដី​របស់​ជាតិ

ទី២. ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាព​​​សង្គម​ និង​ការប្រយុទ្ធ​ប្រឆាំង​គឿងញៀន

ទី៣. ការគ្រប់គ្រង រក្សាការពារសន្តិសុខ និង​ការអភិវឌ្ឍ​តំបន់​ព្រំដែន

ទី៤. ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម

ទី៥. អនុវត្តឲ្យបាននូវកំណែទម្រង់វិមជ្ឈការ និង​វិសហមជ្ឈការ

ទី៦. ត្រូវផ្តល់សេវាសាធារណៈឲ្យបានឆាប់រហ័ស និងរួមគ្នាដោះស្រាយ​បញ្ហា​ប្រឈម​នៅមូលដ្ឋាន

ទី៧. ត្រៀមលក្ខណៈសម្រាប់គ្រោះរាំងស្ងួត

ទី៨.ការពង្រឹងរបៀបរបបការងារ

ជាទីបញ្ចប់ លោកជំទាវសង្ឃឹមថា ស្មារតីទទួល​ខុសត្រូវ​ខ្ពស់​របស់​ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នៅក្នុង​បំពេញ​ការងារ​ឲ្យសម្រេចបាន សមិទ្ធផលដ៏ត្រចះត្រចង់ថ្មីៗបន្ថែម ទៀត​នា​ឆ្នាំ​២០១៩ ដើម្បីចូលរួមចំណែក អភិវឌ្ឍនខេត្តស្វាយរៀង។