លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញ ជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “សម្ព័ន្ធមេត្រីភាពរវាង អង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័នអង្គភាពស៊ីវិល” ២១/០៣/២០១៩01/04/2019 877 លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន, សិក្ខាសាលា លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “សម្ព័ន្ធមេត្រីភាពរវាង អង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័នអង្គភាពស៊ីវិល” ដែលបានប្រារព្ធនៅវិមានសន្តិភាព នាព្រឹកថ្ងៃព្រហស្បត្តិ៍ ១រោច ខែផល្គុន ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩។ ថ្លែងក្នុងឱកាសនោះដែរលោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានមានប្រសាសន៍ថា សិក្ខាសាលាថ្ងៃនេះ គឺជាឱកាសដ៏វិសេស វិសាលមួយដែលបានរៀបចំឡើងក្នុងគោលបំណង ដើមី្បពង្រឹងនិងជំរុញការយកចិត្តទុដាក់ដល់ការ អនុវត្តការងារសម្ព័ន្ធមេត្រីភាព ដែលជាកិច្ចការដ៏មានសារៈសំខាន់ ហើយក៏ជាឱកាសមួយដើម្បីពិនិត្យវាយតម្លៃឲ្យបានគ្រប់ជ្រុងជ្រោយ នូវអ្វីដែលយើងអនុវត្តបានកន្លង មក អ្វីដែលយើងអនុវត្តមិនទាន់បាន បទ ពិសោធន៍ ចំណុចខ្លាំង ចំណុចខ្សោយ និង ទិសដៅភារកិច្ចសម្រាប់អនុវត្តនាពេលខាងមុខ ប្រកបដោយភាពរលូន និងសម្រេចបានជោគជ័យតាមគោលដៅដែលអង្គសិក្ខាសាលា។ លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន បានថ្លៃងអំណរគុណដល់ម្ចាស់ជំនួយទាំងអស់ ដែលបានរួមចំ ណែកដ៏ថ្លៃថ្លា ក្នុងកិច្ចការពារជាតិ ដោយស្មារតីស្នេហាជាតិដ៏ស្មោះស្ម័គ្រ។ ក្នុងនាម រាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមសម្តេចតេជោ នាយករដ្ឋមន្ត្រី លោកជំទាវកិត្តិសង្គហបណ្ឌិតបានសំដែងការអបអរ សាទរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារសម្រេចបានក្នុងរយៈពេលកន្លង មករបស់អង្គភាពកងទ័ព និងកងគរបាលជាតិ ដែលបានបំពេញបេសកកម្ម ដ៏ឧត្តុង្គឧត្តម ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ ឆន្ទៈមោះមុត វិន័យថ្លៃថ្នូរ ស្មារតីស្នេហាជាតិ និង ការតស៊ូអត់ធ្មត់ អង់អាចក្លាហាន ដោយឈរជើងយ៉ាងរឹងមាំត្រៀមការពារទឹកដី។ លោកជំទាវបានបន្តទៀតថា ទោះបីជាប្រទេសជាតិមានសុខសន្តិភាពពេញផ្ទៃប្រទេសក៍ពិតមែនក៍កងទ័ពនៅតែមានតួនាទីតែងតែឈានមុខរួមសុខរួមទុក្ខជាមួយប្រជាប្រជាជនគ្រប់ពេលវេលានិងប្តូរអាយុជីវិតដើម្បីការពារសុខសន្តិភាពជូនប្រទេសជាតិ មិនអោយជនណាមួយបំផ្លាញដាច់ខាត។ ស្របពេលជាមួយគ្នានេះផងដែរ រាជរដ្ឋាភិបាលកម្ពុជាបាន ចេញសេចក្ដីសម្រេចស្ដីពីការរៀបចំការចងសម្ព័ន្ធមេត្រីភាពរវាងកងទ័ព កងនគរបាលជាតិជាមួយស្ថាប័ន អង្គភាពស៊ីវិល ក្នុងគោលបំណងលើកទឹកចិត្តស្ថាប័ន អង្គភាពស៊ីវិល ឲ្យរួមចំណែក ក្នុងវិស័យការពារជាតិនិងជួយដោះស្រាយការលំបាកនានា របស់អង្គភាពកងកម្លាំងប្រដាប់អាវុធយើង ឲ្យបានប្រសើរឡើងមួយកម្រិតទៀត ក៏ដូចផ្សាភ្ជាប់សមរភូមិមុខ និងសមរភូមិក្រោយ ឲ្យមានទំនាក់ទំនងជិតស្និទ្ធជាមួយគ្នា រួមចំណែកការ ពារជាតិមាតុភូមិ។ ជាលទ្ធផល ស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជនជាច្រើន បានចុះជួបសំណេះសំណាល ផ្តល់ជំនួយ ជាស្បៀងអាហារ អាវភ្លៀង អាវរងារ សម្ភារៈផ្សេងៗ ថ្នាំពេទ្យ សាងសង់បន្ទាយ លេណដ្ឋាន និងផ្តល់ថវិកា ជាច្រើនដល់អង្គភាពកងទ័ព និងកងនគរបាលយើងចុះសួរសុខទុក្ខកង កម្លាំងប្រដាប់អាវុធយើង ដល់ទីតាំងឈរជើង យ៉ាងស្រស្រាក់សស្រាំ៕