លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រគល់អំណោយកាកបាទក្រហមកម្ពុជាជូនគ្រួសាររងគ្រោះដោយអគ្គីភ័យឆេះផ្ទះ និងថ្លែងអំណរគុណកងកម្លាំង ២៤/០៥/២០២០25/05/2020 590 កាកបាទក្រហមកម្ពុជា, ស្វាយរៀង នាព្រឹកថ្ងៃច័ន្ទ ៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បាននាំយកអំណោយកាកបាទក្រហមកម្ពុជា ដឹកនាំដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនប្រជាពលរដ្ឋ ១គ្រួសារ ដែលរងគ្រោះដោយសារអគ្គីភ័យ ដែលបណ្តាលឲ្យផ្ទះខូចខាតទាំងស្រុង កាលពីរាត្រីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០។ ក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានពាំនាំនូវកាផ្តាំផ្ញើរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុ ន រ៉ា នី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជានូវការសួរសុខទុក្ខ ដោយក្តីអាណិតអាសូរ និងការសោកស្តាយចំពោះឧបទ្ទវហេតុ ដែលបានបំផ្លាញលំនៅដ្ឋាន និង ទ្រព្យសម្បត្តិរបស់គ្រួសាររងគ្រោះនាពេលនេះ។ ជាមួយគ្នានេះ លោកជំទាវក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ភ្លើង និងចរន្តអគ្គិសនី ដែលជាប្រភពនៃគ្រោះថ្នាក់ ជៀសវាងមានគ្រោះអគ្គីភ័យកើតឡើងជាយថាហេតុ។ អំណោយដែលបានចែកជូនគ្រួសាររងគ្រោះទទួលបាន អង្ករ ៥០គីឡូក្រាម កៅស៊ូតង់១ ធុងទឹកជ័រ ១, ឆ្នាំងបាយសម្ល ២, កន្ទេលបត់ ១, មី ១ កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអុីវ ៦ដប, មុង ១, ភួយ ១, ក្រម៉ា ១, សារុង ១ និង ថវិកាមួយចំនួន។ បន្ទាប់មកទៀតលោកជំទាវក៏បានអញ្ជើញថ្លែងអំណរគុណដល់កងកម្លាំងស្នងការនគរបាលខេត្តស្វាយរៀងដែលបានចូលរួមក្នុងសកម្មភាពពន្លត់អគ្គីភ័យកាលពីរាត្រីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០។ លោកជំទាវក៏បានជម្រុញឲ្យនគរបាលគ្រប់មូលដ្ឋានបន្តរាល់សកម្មភាព បង្ការ ការពារសង្គ្រោះប្រជាពលដែលជួបគ្រោះអាសន្ន ពិសេសករណីអគ្គីភ័យនេះតែម្តង។ ជាមួយនោះ លោកជំទាវក៏បានក្រើនរំលឹកឲ្យកងកម្លាំងនគរខេត្តស្វាយរៀងទាំងអស់បន្តអនុវត្តនូវវិធានការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩។