លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងលោកជំទាវឧកញ៉ា អ៉ឹង ស៊ីស្រ៊ន ប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុព្រះសង្ឃចំនួន ០៥វត្ត ២៧/០៥/២០២០27/05/2020 503 ប្រពៃណី-សាសនា លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងលោកជំទាវឧកញ៉ា អ៉ឹង ស៊ីស្រ៊ន បានមូលមតិគ្នាប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុព្រះសង្ឃគង់ចាំព្រះវស្សារយៈពេលត្រីមាសចំនួន ០៥វត្តរួមមាន៖ វត្តអង្គសិរីសួស្តី វត្តអង្គតាគៀត វត្តសារាវ័ន្តតេជោ វត្តកោះ និងវត្តទួលទំពូង ដែលបានរៀបចំនៅភោជនីយដ្ឋានសូរិយា រាជធានីភ្នំពេញ ព្រឹកថ្ងៃអង្គារ៍ ៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០។ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា ការចូលព្រះវស្សា គឺជាព្រះវិន័យដែលព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្តិឡើង ដើម្បីឱ្យ ព្រះសង្ឃសាវ័កគ្រប់អង្គប្រតិបត្តិតាម ដែលមានរយៈពេល៣ខែ គឺចាប់ថ្ងៃ១រោច ខែអាសាធ ដល់ទី១៥ កើត ខែអស្សុជ។ ការបញ្ញត្តិឱ្យមានការ កាន់ព្រះវស្សា គឺព្រះពុទ្ធជាម្ចាស់ទ្រង់មានព្រះបំណងចង់ឱ្យព្រះសង្ឃ មានភាពងាយស្រួលក្នុងរដូវវស្សារយៈពេលបីខែនេះ ដែលជារដូវភ្លៀង ធ្លាក់ជោកជាំ។ ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនាជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ។ ពិធីបុណ្យនេះដែរ ក៏មានជួបជុំពុទ្ធបរិស័ទនមស្សការព្រះរតនត្រ័យ និមន្តព្រះសង្ឃ ចម្រើនព្រះបរិត្ត ដើម្បីឧទ្ទិសមហាកុសលផលបុណ្យជូនដល់ញ្ញាតិការទាំង ៧សណ្តាន និងបុព្វការីជនដែលបានចែកឋានទៅកានបរមលោកខាងមុខ មកទទួលយកផល្លាអានិសង្ឃ ដែលកើតចេញអំពីបុណ្យក្នុងថ្ងៃនេះ តាមបែបប្រពៃណីព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ ទេយ្យទានដែលបានវេរ និងប្រគេនដល់ព្រះសង្ឃចំនួន ៥វត្ត នៅក្នុងថ្ងៃនេះរួមមាន៖ ទៀនព្រះវស្សា ១គូ ត្រៃយ៍ធំ១ បាត្រ១ ទឹកក្រូច ២កេស ទឹកសុទ្ធ ២កេស ស្ករស ២៥គីឡូក្រាម ទឹកដោះគោ ១កេស ត្រីខ ១កេស ទឹកស៊ីអ៉ីវ ១ឡូ តែស្លឹក ១គីឡូក្រាម អង្ករ ២៥គីឡូក្រាម ត្រីងៀតនិងសាច់ក្រ ៥គីឡូក្រាម ផ្លែឈើ ១កន្ត្រក កន្ទេលខ្សែ ១ដុំ ក្រូចឃ្វិច ១កេស នំប័ុង ស្ករគ្រាប់ និងបច្ច័យចូលបុណ្យ៕