ស្រ្តីម្នាក់មានជំងឺដុំសាច់ក្នុងពោះ ទទួល​បានអំណោយគ្រឿងឧបភោគ បរិភោគ និងថវិកា ពី​លោកជំទាវ​កិត្តិសង្គហបណ្ឌិត ម៉ែន សំអន​

គ្រឿងឧបភោគ បរិភោគ​ និងថវិកាមួយចំនួន​របស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច​ ត្រូវបានប្រគល់ជូនលោក​ស្រី ឡេង ស្រីឡូ អាយុ ៤៦ឆ្នាំ​ បច្ចុប្បន្នរស់នៅភូមិ៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល​ ដែលមានជំងឺដុះដុំសាច់ក្នុងពោះ តាមរយៈ លោកជំទាវ សុខ វិឡាយ លោកជំទាវ វង់ មយូរា និងលោកជំទាវ ម៉ែន សំអ៊ុីន អនុប្រធានភូមិ ៥ និង យុវជន សសយក សង្កាត់ស្វាយរលំ នារសៀលថ្ងៃចន្ទ ១២រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០។

លោក​ស្រី ឡេង ស្រីឡូ ក៏បានបញ្ជាក់ថា សព្វថ្ងៃនេះគាត់មិនអាចប្រកបការងារអ្វីបានទេ ក្រៅតែពី​សម្រាកនៅ​លើគ្រែ​នេះ​អស់រៈពេល​ជាង​កន្លះ​ឆ្នាំហើយ ពីមួយថ្ងៃទៅមួយថ្ងៃដុំសាច់ក្នុងពោះក៏ចេះកាន់តែធំទៅៗ ដែលធ្វើឲ្យគាត់ពិបាកក្នុងការដកដង្ហើម និងពេលគេង ។

លោក​ស្រី ឡេង ស្រីឡូ ក៏បានថ្លែងអំណរគុណចំពោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏ដូចជាប្រតិភូដែលលោកជំទាវបានចាត់ឲ្យមកសួរសុខទក្ខលោកស្រីដល់គេហដ្ឋាននាពេលនេះ សូមប្រកបបាននូវសុខភាពល្អ និងទទួលបាននូវពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

សូមបញ្ជាក់ថាអំណោយរួមមាន ៖ ថវិកាមួយចំនួន អង្ករ ៤ការ៉ុង,​ ទឹកផ្លែឈឺ ២កេស ត្រីខកំប៉ុង ២យួរ ទឹកសុទ្ធ ២កេស ទឹកដោះគោឆៅ ២យួរ និងរបស់របរមួយចំនួនទៀត ៕