ឯកឧត្តម លីវ សុភក្ត្រា ដឹកនាំ​កិច្ចប្រជុំ​ស្តីពី វិធានការ​ការពារ​ការឆ្លង​ជម្ងឺ​កូវិដ-១៩ និង​ការរៀបចំ​ដំណើរការ​បើក​វគ្គ​បណ្តុះបណ្តាល​ឡើងវិញ​របស់​វិទ្យាស្ថានជាតិ​អធិការកិច្ច

នារសៀលថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម លីវ សុភក្ត្រា អនុរដ្ឋលេខាធិការ បានដឹកនាំកិច្ចប្រជុំស្តីពី វិធានការការពារការឆ្លងជម្ងឺកូវិដ-១៩ និងការរៀបចំដំណើរការបើកវគ្គបណ្តុះបណ្តាលឡើងវិញរបស់វិទ្យាស្ថានជាតិអធិការកិច្ច ដោយមានការចូលរួមពី ឯកឧត្ដមបណ្ឌិត សោម បូរ៉ាន់ នាយកវិទ្យាស្ថាន ព្រមទាំងមន្រី្ដក្រោមឱវាទទាំងអស់នៅទីស្តីការក្រសួង។


ដើម្បីធានាបានសុវត្ថិភាព និងប្រសិទ្ធភាពនៃការបើកដំណើរការឡើងវិញនូវវគ្គបណ្តុះបណ្តាលរបស់វិទ្យាស្ថានជាតិអធិការកិច្ច ឯកឧត្តម លីវ សុភក្ត្រា បានផ្ដល់អនុសាសន៍ដល់វិទ្យាស្ថាន ត្រូវយកចិត្តទុកដាក់ខ្ពស់ដើម្បីការពារការឆ្លងរីករាលដាលជម្ងឺកូវីដ១៩ ក្នុងអំឡុងពេលបើកវគ្គបណ្តុះបណ្តាល ដោយពង្រឹងវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ដោយមានការចាត់តាំងឲ្យក្រុមការងារទទួលបន្ទុកការវាស់កម្ដៅ និងលាងសម្អាតដៃនៅគ្រប់ច្រកចេញ-ចូល បាញ់ថ្នាំសម្លាប់មេរោគក្នុងបរិវេណវិទ្យាស្ថាន តម្រូវឲ្យមន្រ្តីរាជការ គ្រូបង្រៀន និងសិក្ខាកាមពាក់ម៉ាសនៅម៉ោងសិក្សា សម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុលឲ្យបានញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពសង្គមជាដើម។