អគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បង្ហាញ​ពី​ការ​បន្ត​យកចិត្ត​ទុកដាក់​ជួយ​ឧបត្ថម្ភ​ដល់​កម្ពុជា បើទោះជា​កំពុង​ជួប​បញ្ហា​កូវីដ​-១៩ ក៏ដោយ

ភ្នំពេញ ៖ នៅក្នុងពេលជួបសម្តែងការគួរសមជាមួយលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម មីកាមី ម៉ាសាហ៊ិរូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានជម្រាបជូនលោកជំទាវកិត្តិសង្គហបណ្ឌិត ពីជំហរយកចិត្តទុកដាក់របស់រដ្ឋាភិបាលជប៉ុន ដែលកំពុងគិតគូរបន្តយកចិត្តទុកដាក់ជួយដល់កម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា បើទោះបីជាយើងកំពុងប្រឈមនឹងបញ្ហាកូវីដ-១៩ ដូចប្រទេសនានាលើសកលលោកក៏ដោយ។
ឯកឧត្តម អគ្គរាជទូត បានឲ្យដឹងបន្ថែមទៀតថា ៖ រាជរដ្ឋាភិបាលជប៉ុន បានត្រៀមរួចជាស្រេចដើម្បីជួយដល់កម្ពុជា ក្នុងវិស័យមួយចំនួនដូចជាវិស័យសុខាភិបាលជាដើម ក្នុងនោះជំនួយទឹកប្រាក់ប្រមាណជាង ២៥ពាន់យេន គ្រោងនឹងរៀបចំចុះហត្ថលេខា នាពេលខាងមុខនេះ។ ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលជប៉ុន កំពុងពិនិត្យរៀបចំការតភ្ជាប់គ្នាឡើងវិញនូវជើងហោះហើរពីជប៉ុនមកកម្ពុជា ពីកម្ពុជាទៅកាន់ប្រទេសជប៉ុន បន្ទាប់ពីបានអាក់ខានដោយសារកូវីដ-១៩ មកនេះ។
ជាការឆ្លើយតប លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងនាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចាត់ទុកប្រទេសជប៉ុនជាមហាមិត្តរបស់កម្ពុជា ដែលបានជួយឧបត្ថម្ភដល់កម្ពុជា តាមរយៈការផ្តល់ជំនួយឥតសំណង និងប្រាក់កម្ចីសម្បទាន ក្នុងដំណាក់កាល ដែលកម្ពុជាត្រូវការជំនួយដើម្បីស្តារ និងអភិវឌ្ឍន៍ប្រទេស។ ជំនួយដ៏ថ្លៃថ្លារបស់ជប៉ុន បានជួយកម្ពុជាមានការផ្លាស់ប្តូរមុខមាត់ និងបម្រើដល់ប្រជាជនកម្ពុជាទូទៅ។
លោកជំទាវកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា ក្រៅពីជំនួយលើវិស័យសេដ្ឋកិច្ច សុខាភិបាល និង​ការជួយស្តារឡើងវិញ​នូវ​វិស័យ​ហេដ្ឋា​រចនាសម្ព័ន្ធតភ្ជាប់ប្រព័ន្ធផ្លូវគមនាគមន៍ ជប៉ុនគឺជាប្រទេសមួយដែលបានជួយជ្រោមជ្រែងស្វែងរកសន្តិភាព ការបង្រួបបង្រួមជាតិ ផ្សះផ្សារ​ជាតិ ដល់កម្ពុជា នឹងបានឈានទៅដល់មានកិច្ចព្រមព្រាងសន្តិភាពក្រុងប៉ារីស ២៣ តុលា ១៩៩១ ព្រមទាំងបានដំណើរការបោះឆ្នោត​នៅឆ្នាំ១៩៩៣ ទៀតផង ។
តាមរយៈ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្ញើនូវការថ្លែងអំណរគុណ ចំពោះប្រជាជន និង​រដ្ឋាភិបាលជប៉ុនដែលបានជួយដល់កម្ពុជា ព្រោះប្រទេសទាំងពីរបានភ្ជាប់ចំណងទាក់ទងគ្នាតាំងពីថ្ងៃទី១៩ ខែមករា ឆ្នាំ១៩៥៣ មកម៉្លេះ។
ឯកឧត្តម មីកាមី ម៉ាសាហ៊ិរ៉ូ បានថ្លែងនូវការចាប់អារម្មណ៍ចំពោះការរីកចម្រើននៅកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានធ្វើឲ្យប្រទេសមួយ ដែលធ្លាប់ជួបប្រទះនឹងសង្ក្រាមបែកបាក់ មកជាប្រទេសមានសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។ ពិសេសគឺការរក្សាបានស្ថិរភាព សន្តិភាព និង សន្តិសុខសណ្តាប់ធ្នាប់ ដែលជាមូលដ្ឋានស្នូលនាំមក នូវការអភិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់របស់កម្ពុជា។
ចុងបញ្ចប់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានសុំឲ្យមានការជួយពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន ដែលមានបេសកកម្មស្រដៀង និងក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ជាពិសេស វិស័យអធិការកិច្ច និងទប់ស្កាត់អំពើពុករលួយ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច និងការបណ្តុះបណ្តាល និង សូមជូនពរ ឯកឧត្តម ឯកអគ្គរាជទូត ប្រកបដោយសុខភាពល្អបរិបូរណ៍ និងជោគជ័យក្នុងបេសកកម្មការទូតរបស់ ឯកឧត្តម នៅកម្ពុជា៕