លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដឹកនាំ​គណៈ​ប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាអញ្ជើញទស្សនាតំបន់ផែស្ងួត Vientiane Logistice Park

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាង​ដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ទស្សនា​តំបន់​កំពង់ផែស្ងួត Vientiane Logistice Park ដែលជាគម្រោងវិនិយោគលើបណ្តាញផ្លូវគមនាគមន៍ផ្លូវគោក ដ៏ធំមួយរបស់ប្រទេសឡាវ នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ ខណៈដែលគណៈប្រតិភូបានកំពុងបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅប្រទេសឡាវ។
តាមរបាយការណ៍របស់ថ្នាក់ដឹកនាំ កំពង់ផែស្ងួត Vientiane Logistice Park ថាគម្រោង វិនិយោគដោយទុន​នៅក្នុងស្រុក​ក្នុងទំហំ​ទឹកប្រាក់​​ប្រមាណជាង ៧០០លានដុល្លារ ក្នុងការតភ្ជាប់ផ្លូវដែកពីប្រទេសឡាវទៅប្រទេសចិន និងប្រទេសក្នុងតំបន់អាស៊ាន និងពីឡាវ​ទៅប្រទេសនៅប៉ែកអឺរ៉ុប មានអាល្លឺម៉ង់ជាដើម។ គម្រោងនេះនឹងធ្វើឱ្យប្រទេសឡាវ ដែលគ្មាន​កំពង់ផែសមុទ្រ​មានផ្លូវគមនាគមន៍​ដឹកជញ្ជូន​ភ្ជាប់ទៅកាន់ពិភពលោក គឺ Land locked to land linked។
តាមលោកអគ្គនាយកក្រុមហ៊ុនថា ទៅថ្ងៃអនាគតក្រុមហ៊ុនមានគម្រោងតភ្ជាប់ផ្លូវដែកពីឡាវមកកម្ពុជា ដែលជាមធ្យោបាយ​ដឹកជញ្ជូន​មួយ​ធ្វើឱ្យការដឹកជញ្ជូនទំនិញ ពិសេសកសិផលពីកម្ពុជាទៅប្រទេសចិននឹងចំណាយពេលវេលាខ្លីជាងបច្ចុប្បន្ននេះ និងនីតិវិធីងាយស្រួល​ទៀតផង។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានវាយតម្លៃខ្ពស់ចំពោះគម្រោងវិនិយោគដ៏ធំនេះ។ លោកជំទាវចាត់ទុកថា គម្រោងនេះ​ជា​ចក្ខុវិស័យ​វែងឆ្ងាយមួយ របស់ថ្នាក់ដឹកនាំប្រទេសឡាវ ហើយនេះជាគម្រោងមួយ គួរជាទីមោទនៈណាស់ ពីព្រោះបានប្រើប្រាស់​ទុន​នៅ​ក្នុង​ស្រុក។ ចំពោះគម្រោងចង់តភ្ជាប់ផ្លូវគមនាគមន៍​ចូលមកកម្ពុជានោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងពាំនាំគម្រោង​នេះជូន​ថ្នាក់​ដឹកនាំ។ លោកជំទាវបានបញ្ជាក់ថា កម្ពុជាត្រៀមស្វាគមន៍ជានិច្ច នៅពេលក្រុមហ៊ុនចុះទៅសិក្សានៅកម្ពុជានោះ៕