លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញ​គោរពវិញ្ញាណក្ខន្ធ​សព មហាឧបាសក​ពុទ្ធសាសនូបត្ថម្ភ ផឹង គឹង

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញដឹកនាំប្រតិភូក្រសួង គោរពវិញ្ញានក្ខន្ធ មហាឧបាសកពុទ្ធសាសនូបត្ថម្ភ ផឹង គឹង ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល នារសៀលថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។
លោកជំទាវកិត្តិសង្គហបណ្ឌិត មានក្តីរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងថា មហាឧបាសកពុទ្ធសាសនូបត្ថម្ភ ផឹង គឹង (ត្រូវជាឪពុកក្មេករបស់ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម) បានទទួលមរណភាពនៅវេលាម៉ោង ១ៈ៤៥ រំលងអធ្រាត្រ ថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០២១ ក្នុងជន្មាយុ៩២ឆ្នាំ ដោយជរាពាធ។
នៅក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានសម្តែងនូវការសោកស្តាយស្រណោះ អាឡោះអាល័យជាទីបំផុត ជាមួយក្រុមគ្រួសារនៃសព ព្រោះការបាត់បង់មហាឧបាសកពុទ្ធសាសនូបត្ថម្ភ ផឹង គឹង គឺជាការបាត់បង់នូវលោកឪពុក ជីតា ជីតាទួត ដែលប្រកបដោយព្រហ្មវិហារធម៌ល្អប្រពៃ ចំពោះកូនចៅជាទីស្រឡាញ់របស់លោក កន្លងមកមហាឧបាសកពុទ្ធសាសនូបត្ថម្ភ តែងតែរួមចំណែកលើកកម្ពស់ ដល់វិស័យព្រះពុទ្ធសាសនានៅកម្ពុជា យ៉ាងច្រើនពុំអាចបំភ្លេចបាន។
លោកជំទាវបាលោកសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ មហាឧបាសកពុទ្ធសាសនូបត្ថម្ភ ផឹង គឹង សូមឆាប់បានចាប់កំណើត កើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕