អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុករំដួល ដែល​មានតំលៃជាង ៤៣ម៉ឺនដុល្លា ត្រូវ​បាន​សម្ភោធ​ជាផ្លូវការ ក្រោមអធិបតីភាព លោកជំទាវ​កិត្តិសង្គហ​បណ្ឌិត ម៉ែន សំអន

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធី សម្ពោធអគារ​ស្នាក់ការ​គណបក្សប្រជាជនកម្ពុជា ស្រុករំដួល ខេត្តស្វាយរៀង ព្រឹកថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ ។
ថ្លែងក្នុងឱកាសនោះ លោកជំទាវបាននាំនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធាន​គណ:បក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចទាំងទ្វេរ តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការគិតគូរពីសុខទុក្ខប្រជាពលរដ្ឋទូទាំងប្រទេស ។
អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ដែលសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយនៅក្នុងស្រុករំដួល ខេត្ត​ស្វាយរៀង ដែលបំរើឲ្យរដ្ឋបាលគណៈបក្សនៅថ្នាក់មូលដ្ឋាន ហើយអគារនេះក៏បានបង្ហាញពីភាពរឹងមាំ និង​ជា​គណបក្ស​ដែលមាន​ភាព​ចាស់ទុំ​ខាងនយោបាយ ក្នុងការដឹកនាំប្រទេស ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិកមគ្គុទេ្ទសឯក និងប្រតិបត្តិករ នយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញេលញ ។
លោកជំទាវកិត្តិសង្គហបណ្ឌិត បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ សូមអញ្ជើញ​ទៅពិនិត្យ​ផ្ទៀងផ្ទាត់​ឈ្មោះនៅតាមការិយាល័យ គ.ជ.ប ដែលបានកំណត់នៅតាមមូលដ្ឋានឲ្យបានគ្រប់ៗគ្នា ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ។ ព្រោះការបោះឆ្នោតនេះមានសារៈសំខាន់ណាស់សំរាប់អភិវឌ្ឍន៍មូលដ្ឋាន ពិសេសក៏ជាការចូលរួម​ថែរក្សា​សុខសន្តិភាព​ដែល​មាន​នា​ពេល​បច្ចុប្បន្ន ឱ្យនៅគង់វង្ស យូរអង្វែង ដើម្បីឱ្យប្រទេសជាតិកាន់តែមានការអភិវឌ្ឍន៍រីកចម្រើនថែមទៀត ។
បន្ថែមលើនេះ លោកជំទាវកិត្តិសង្គហបណ្ឌិត សុំឲ្យប្រជាជនយើង សមាជិកបក្សយើង ត្រូវចូលរួមថែរក្សា​សមិទ្ធិផល​ទាំងឡាយ​ដែល​កើត​ចេញពីការខិតខំរបស់យើងទាំងអស់គ្នាឲ្យបានគង់វង់ ត្រូវប្រឆាំងដាច់ខាតជនទាំងឡាយណាដែល មានគំនិត​ចង់បំផ្លាញ​សុខសន្តិភាព​នៅ​ក្នុងប្រទេស និងត្រូវបន្តចូលរួមគាំទ្រការអនុវត្តន៍កម្មវិធីចតុកោណ ដំណាក់កាលទី៦ របស់រាជរដ្ឋាភិបាល ។
ស្ថិតនៅក្នុងបរិបទប្រឈមនឹងបញ្ហាកូវីដ-១៩ មិនទាន់ឃ្លាតចេញឆ្ងាយពីមនុស្សលើសកលលោក លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវ​ឲ្យប្រជាជនយើងបន្តអនុវត្ត​ឱ្យបានទៀងទាត់​តាមការណែនាំ​របស់​ក្រសួង​សុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល ៣កុំនិង៣ការពារ ដើម្បីកុំឱ្យឆ្លងជំងឺកូវីដ-១៩ ទាំងទម្រង់ចាស់ និងថ្មី និងបានជម្រុញ​ឲ្យ​មូលដ្ឋាននីមួយៗត្រូវពិនិត្យមើល ចំពោះប្រជាពលរដ្ឋដែលពុំទាន់បានចាក់វ៉ាក់សាំងដូសទី ១ និងជម្រុញផ្សព្វផ្សាយ សម្រាប់​ការចាក់​ដូស​ទី៣ ឲ្យបានឆាប់រហ័ស ។
លោកជំទាវបានថ្លែងអំណរគុណចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរភូមិន្ទ និងជា​មេបញ្ជាការបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋាន ស្រុករំដួល រួមជាមួយសហការី និង​អាជ្ញារធរខេត្តគ្រប់លំដាប់ថ្នាក់ បានរួមគ្នាកសាងនូវអគារស្នាក់ការគណបក្សប្រជាជនកម្ពុជាដ៏ស្កឹមស្កៃ រួមជាមួយនឹង​ការបំពាក់​នូវ​សម្ភារៈ​បរិក្ខាប្រើប្រាស់ និងហេដ្ឋារចនាសម្ព័ន្ធ ចំណាយថវិកាអស់ជាង ៤៣ម៉ឺនដុល្លាសហរដ្ឋអាមេរិក ដែលបានចាប់ផ្តើម​កសាងឡើង​នៅថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ២០២០ និងត្រូវបានបញ្ចប់ជាស្ថាពរនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ មានរយៈពេល១០ខែ និង៣ថ្ងៃ។
សមិទ្ធិផលដែលសម្ពោធដាក់ឲ្យប្រើប្រាស់ថ្ងៃនេះរួមមាន៖
អគារស្នាក់ការគណបក្ស ០១ខ្នង ទំហំ ៦៧៦ម៉ែត្រការ៉េ មានបន្ទប់ធ្វើការ០៤ បន្ទប់រង់ចាំ០១ សាលប្រជុំ០១ និងបង្គន់អនាម័យខាងក្នុង ០៣ បន្ទប់ទឹករួម (ខាងក្រៅ) ០១ខ្នង ទំហំ ៤២,៧៥ម៉ែត្រការ៉េ រួមមាន បន្ទប់ទឹកស្ត្រី និងបុរស . មានតបណ្តាញចែកចាយទឹកក្រៅអគារ ០១កំប្លេ . ប្រព័ន្ធលូបង្ហូរទឹកភ្លៀងក្រៅអគារ . បណ្តាញអគ្គិសនីក្រៅអគារ . របងប្រវែង ២១៣ម៉ែត្រ .ក្លោងទ្វារ​ស្នាក់ការ . ដងទង់ជាតិ . កសាងក្លោងទ្វារសាលាស្រុក និងសម្ភារៈបំពាក់នៅស្នាក់ការគណបក្ស ។
បានឧបត្ថម្ភអាវយឺតគណៈបក្ស ២.០០០អាវ និងមួកគណបក្ស ២.០០០មួក ប្រគល់ជូនគណៈកម្មាធិការបក្សស្រុក ឧបត្ថម្ភបេក្ខជនឈរឈ្មោះបោះឆ្នោតពេញសិទ្ធចំនួន ១៣២នាក់ មេភូមិ ៧នាក់ មណ្ឌលសុខភាព ទាំង ៤ ឧបត្ថម្ភមន្ទីរពេទ្យបង្អែកស្រុករំដួល កងកម្លាំងទាំងបីប្រភេទ កងស្ថាបនាសំណង់អាគារលេខ ៧៣ ឃុំទាំង ១០ សាលារៀនទាំង ៤ និងគណៈកម្មាធិការបក្សស្រុករំដួល សរុប ថវិកា ៤២លាន៥សែនរៀល ៕