អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុក​រមាស​ហែក ដែលមានតំលៃជាង ១លានដុល្លារ ត្រូវ​បាន​សម្ភោធ​ជា​ផ្លូវការ ក្រោម​អធិបតីភាព លោកជំទាវ​កិត្តិសង្គហបណ្ឌិត ម៉ែន សំអន

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធី សម្ពោធអគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុករមាសហែក ខេត្តស្វាយរៀង ព្រឹកថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ ។
ថ្លែងក្នុងឱកាសនោះ លោកជំទាវបាននាំនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណ:បក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចទាំងទ្វេរ តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការគិតគូរពីសុខទុក្ខប្រជាពលរដ្ឋទូទាំងប្រទេស ។
ពិធីនេះប្រារព្ធឡើង គឺស្របពេលដែលឆ្នាំនេះ ជាខួបលើកទី ៤៣ នៃទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍ ដែល​ប្រទេសជាតិ​យើង បានរំដោះ និង ផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត ក្រោមការដឹកនាំរបស់​សម្តេអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី ។ ហើយឆ្នាំនេះក៏ជាខួបលើកទី ២៣ឆ្នាំ នៃការបញ្ជប់សង្គ្រាមនៅកម្ពុជា ក្រោមនយោបាយ ឈ្នះ-ឈ្នះ (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២១) ដែលកម្ពុជា រកបាន​នូវ​សុខ​សន្តិភាពពេញលេញ និងមានការឯកភាពជាតិទាំងស្រុងជា​ប្រវត្តិសាស្ត្រ​ ។
អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ដែលសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយនៅក្នុងស្រុក រមាសហែក ខេត្តស្វាយរៀង ដែលបំរើឲ្យរដ្ឋបាលគណ:បក្សនៅថ្នាក់មូលដ្ឋាន ហើយអគារនេះក៏បានបង្ហាញពីភាពរឹងមាំ និងជាគណបក្សដែលមានភាពចាស់ទុំខាងនយោបាយ ក្នុងការដឹកនាំប្រទេស ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិកមគ្គុទេ្ទសឯក និងប្រតិបត្តិករ នយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញេលញ ។
លោកជំទាវកិត្តិសង្គហបណ្ឌិត បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ សូមអញ្ជើញទៅពិនិត្យ ផ្ទៀងផ្ទាត់ឈ្មោះនៅតាមការិយាល័យ គ.ជ.ប ដែលបានកំណត់នៅតាមមូលដ្ឋានឲ្យបានគ្រប់ៗគ្នា ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ។ ព្រោះការបោះឆ្នោតនេះមានសារ:សំខាន់ណាស់សំរាប់អភិវឌ្ឍន៍មូលដ្ឋាន ពិសេសក៏ជាការចូលរួម ថែរក្សាសុខសន្តិភាពដែលមាននាពេលបច្ចុប្បន្ន ឱ្យនៅគង់វង្ស យូរអង្វែង ដើម្បីឱ្យប្រទេសជាតិកាន់តែមានការអភិវឌ្ឍន៍ រីកចម្រើនថែមទៀត ។
បន្ថែមលើនេះ លោកជំទាវកិត្តិសង្គហបណ្ឌិត សុំឲ្យប្រជាជនយើង សមាជិកបក្សយើង ត្រូវចូលរួមថែក្សាសមិទ្ធិផល​ទាំងឡាយ​ដែលកើត​ចេញ​​ពីការខិតខំរបស់យើងទាំងអស់គ្នាឲ្យបានគង់វង់ ត្រូវប្រឆាំងដាច់ខាតជនទាំងឡាយណាដែល មានគំនិតចង់​បំផ្លាញ​សុខសន្តិភាព​នៅក្នុងប្រទេស និងត្រូវបន្តចូលរួមគាំទ្រការអនុវត្តន៍កម្មវិធីចតុកោណ ដំណាក់កាលទី៦ របស់រាជរដ្ឋាភិបាល។
ស្ថិតនៅ​ក្នុងបរិបទប្រឈមនឹងបញ្ហាកូវីដ-១៩ មិនទាន់ឃ្លាតចេញឆ្ងាយមនុស្សលើសកលលោក លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវឲ្យប្រជាជនយើងបន្តអនុវត្តន៍​ឱ្យបានទៀងទាត់តាមការណែនាំ​របស់​ក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល ៣កុំនិង៣ការពារ ដើម្បីកុំឱ្យឆ្លងជំងឺកូវីដ-១៩ ទាំងទម្រង់ចាស់ និងថ្មី និងបានជម្រុញឲ្យមូលដ្ឋាននីមួយៗត្រូវពិនិត្យមើល ចំពោះប្រជាពលរដ្ឋដែលពុំទាន់បានចាក់វ៉ាក់សាំងដូសទី ១ និងជម្រុញផ្សព្វផ្សាយ សម្រាប់ការចាក់ដូសទី ៣ ឲ្យបានឆាប់រហ័ស ។
លោកជំទាវបានថ្លែងអំណរគុណចំពោះ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា សមាជិក​ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការ កណ្តាល អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តស្វាយរៀង ដែលបានរួមគ្នា អគារស្នាក់ការគណបក្សប្រជាជន កម្ពុជាដ៏ស្កឹមស្កៃ កម្ពស់ ២ជាន់ រួមជាមួយនឹងការបំពាក់នូវសម្ភារៈបរិក្ខាប្រើប្រាស់តាមបែបឌីជីថល និងតាមបែប ប្រព័ន្ធព័ត៌មានវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធ ចំណាយថវិកាអស់ជាង ១លានដុល្លារសហរដ្ឋអាមេរិក ដែលបានចំណាយ ពេលសាងសង់ អស់រយៈពេល២ឆ្នាំ ។
សមិទ្ធិផលដែលសម្ពោធដាក់ឲ្យប្រើប្រាស់ថ្ងៃនេះរួមមាន៖
១. អគារកម្ពស់២ជាន់ ទំហំ ១៦ម៉ែត្រx៦១.២៩ម៉ែត្រ
២. ការងារក្រាលម៉ាប ដាំស្មៅរៀបចំខឿន (ទំហំ៦,៦៧០ម៉ែត្រការ៉េ) លាបថ្មាំរបង និងដងទង់ជាតិ
៣. កៅអីប្រជុំចំនួន ៨៣០កៅអី ៤. LED Screen