លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ក្រុមហ៊ុនយក្សមួយនៅប្រទេសបារាំងឈ្មោះ CONFORAMA បានចុះអនុស្សារណៈយោគយល់គ្នាជាដៃគូពាណិជ្ជកម្មជាមួយក្រុមហ៊ុន LINDA GOLD CRUCIBLE នៅព្រះរាជាណាចក្រកម្ពុជា

ក្រុមហ៊ុន CONFORAMA មកពីប្រទេសបារាំងបានចុះអនុស្សារណៈយោគយល់គ្នាជាដៃគូពាណិជ្ជកម្មជាមួយក្រុមហ៊ុន LINDA GOLD CRUCIBLE របស់លោកស្រី សុង ធីតានៅសណ្ឋាគារផ្កាយប្រាំ RAFFLES LE ROYAL នៅទីក្រុងភ្នំពេញនៅរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវកិត្តិសង្កហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច និង លោកជំទាវ EVA NGUYEN BINH ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង​ប្រចាំ​នៅ​ព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពី ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ច័ន្ទមុន្នី ជាគណៈអធិបតី និង​ភ្ញៀវ​កិត្តិយស​ជាអ្នកមុខអ្នកការ ពីក្រសួង និង ស្ថាប័ននានាចំណុះរាជរដ្ឋាភិបាល និងខាងវិស័យឯកជន មានអ្នកឧកញ៉ា លោកឧកញ៉ា សមាសភាព​សរុបទាំងអស់ជិតមួយរយនាក់។

លោកស្រី សុង ធីតា ដែលជាប្រធានក្រុមហ៊ុន LINDA GOLD CRUCIBLE និង​ជា​ភាគី​ហត្ថលេខីនៅកម្ពុជា បានមានប្រសាសន៍ថា លោកស្រីមានមោទនភាពខ្លាំងណាស់ក្នុងការចាប់ដៃគូពាណិជ្ជកម្មផ្តាច់មុខ ជាមួយក្រុមហ៊ុន CONFORAMA ពីព្រោះ​គឺជាក្រុមហ៊ុន​យក្ស​មួយ​ដែលជាប់ចំណាត់ថ្នាក់លេខ១នៅប្រទេសបារាំង និង ចំណាត់ថ្នាក់​លេខ២នៅអឺរ៉ុប។ គឺមិនមែនជាការ​ចៃដន្យទេ​ដែលក្រុមហ៊ុន​យក្ស​មួយនេះមកកម្ពុជា នេះជាផ្លែផ្កានៃការខំប្រឹងប្រែងអស់រយៈពេលជាង២ឆ្នាំ ដែល​យើង​ខ្ញុំ​មាន​ទំនាក់ទំនងផ្ទាល់ជាមួយថ្នាក់ដឹកនាំ CONFORAMA នៅទីក្រុងប៉ារីស ដោយបានធ្វើ​ការសិក្សា​ទីផ្សារ​យ៉ាង​ល្អិតល្អន់​អស់​រយៈពេល​រាប់ខែ​នៅកម្ពុជាដោយ​មាន​អ្នកជំនាញ​មក​ពី​ក្រុមហ៊ុន CONFORAMA។ នាងខ្ញុំក៏សូមបញ្ជាក់ដែរថា លទ្ធផល​ទាំងនេះ​ក៏អាស្រ័យ​ជាបឋម​ដោយក្រុមការងារ​យុវជន​នៅទ្វីបអឺរ៉ុប​ដឹកនាំ​ដោយ ឯកឧត្តម ហួត ហាក់ តាមការចង្អុលទិស និង ការណែនាំ​ជាប្រចាំ​ពី​សំណាក់​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ាណែត ដែលតែង​ប្រឹងប្រែង​គៀងគរក្រុមហ៊ុនឬវិនិយោគិនពីក្រៅប្រទេស ដោយឡែកពីទ្វីបអឺរ៉ុប ឬ ពីប្រទេស​បារាំង​ឲ្យមក​វិនិយោគ​នៅប្រទេសកម្ពុជា​យើងនេះ ដែលនាងខ្ញុំ​សង្ឃឹមថា​នឹងមាន​ក្រុមហ៊ុនផ្សេងៗទៀត​ពីខាងក្រៅប្រទេស ឬអឺរ៉ុប​អាចយក​គម្រូតាម​ក្រុមហ៊ុន CONFORAMA ។

កត្តាមួយទៀតដែលសំខាន់គឺអាស្រ័យដោយសន្តិភាពនិងស្ថិរភាពនយោបាយនៅប្រទេសកម្ពុជាយើង គួបផ្សំនឹងកំណើន​សេដ្ឋកិច្ច​ជា​រៀងរាល់ឆ្នាំជាង៧ភាគរយ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលជម្រុញឲ្យដៃគូរបស់ខ្ញុំ គឺក្រុមហ៊ុន CONFORAMA ធ្វើការសម្រេចចិត្តមកចាប់ដៃគូពាណិជ្ជកម្មផ្តាច់មុខជាមួយក្រុមហ៊ុន LINDA GOLD CRUCIBLE នៅកម្ពុជានេះ។លោក STANISLAS CONSEILLER ដែលជាភាគីហត្ថលេខីមកខាងទៀត តំណាងក្រុមហ៊ុន CONFORAMA ជួសមុខប្រធានអគ្គនាយកក្រុមហ៊ុនគឹ លោក Alexandre Nodale បានមានប្រសាសន៍ថា​ ក្រុមហ៊ុន CONFORAMA មានប្រាក់ចំណូល៣៥០០លានអឺរ៉ូក្នុង១ឆ្នាំ មានសហការីបម្រើការងារជាង១៤០០០នាក់ នៅតាមចំនួន ៣៣៧ហាង ដែលនៅ​តាម​បណ្តា​ប្រទេស៨លើពិភពលោក។

គោលដៅរបស់ CONFORAMA មកវិនិយោគនៅកម្ពុជា ក៏ដោយ​បានឃើញមានស្ថិរភាព​ខាង​កំណើន​សេដ្ឋកិច្ចនិងកម្ពុជា​ជាប្រទេស​កំពុង​អភិវឌ្ឍមិនឈប់ឈរ ដែលផ្តល់​ឪកាសឲ្យអតិថិជនវ័យក្មេង​សម្រាប់តម្រូវការរបស់ខ្លួន​នៅតាម​គេហដ្ឋាន​នូវ​គ្រឿងសង្ហារឹម​ដែល​ទាន់​សម័យ គុណភាពល្អ តម្លៃសមរម្យ ដែលអាចជម្រុញឲ្យមានសន្ទុះជាវិជ្ជមានក្នុងការពង្រីកហាង CONFORAMAយ៉ាងលឿននៅទីនេះ។​ពិធីចុះអនុស្សារណៈ​នេះបានបញ្ចប់ដោយមានការថតរូប​ជាអនុស្សាវរីយ៍ជាមួយគណៈអធិបតី​ក្រោមបរិយាកាសដ៏មានអត្ថន័យក្រៃលែង។