សាវតារ


ក្រោយពេលដែលប្រទេសកម្ពុជាទទួលបានឯករាជ្យពីអាណានិគមនិយម បារាំងក្នុងឆ្នាំ ១៩៥៣, ប្រទេសកម្ពុជាសម័យសង្គមរាស្ត្រនិយម ឆ្នាំ ១៩៥៣-១៩៧០ បានបង្កើតគណៈកម្មការជាតិនៃការបោសសំអាតទូទៅ សម្រាប់វិស័យអធិការកិច្ច។ គណៈកម្មការនេះមានបេសកកម្មពិនិត្យនូវសំណុំរឿងមន្ត្រីរាជការស៊ីវិល ទាហាន ភ្នាក់ងាររបស់អង្គការ សហគ្រាសសាធារណៈដែលជាកម្មវត្ថុនៃការបោសសំអាត និងដាក់ទណ្ឌកម្ម។ ដោយឡែកក្នុងសម័យសាធារណៈរដ្ឋខ្មែរ ដែលដឹកនាំដោយសេនាប្រមុខ លន់ ណុល (១៩៧០-១៩៧៥) និងសម័យកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដែលកម្ពុជាស្ថិតក្នុងភ្លើងសង្គ្រាមស៊ីវិល និងនយោបាយប្រល័យពូជសាសន៍ខ្មែរ គេពុំឃើញមានឯកសារណាមួយ បញ្ជាក់ពីគោលនយោបាយវិស័យអធិការកិច្ច ក៏ដូចជាការប្រឆាំងអំពើពុករលួយ សម្រាប់សម័យកាលទាំងនេះទេ។

ក្រោយពីការដួលរលំរបបកម្ពុជាប្រជាធិបតេយ្យ ឆ្នាំ ១៩៧៩ កម្ពុជាបានរៀបចំរចនាសម្ព័ន្ធចាត់តាំងនយោបាយឡើងវិញ និងចាប់ផ្តើមក៏សាង/អភិវឌ្ឍន៍លើគ្រប់វិស័យ ដោយផ្តើមចេញពីបាតដៃទទេ «ចំណុចសូន្យ»។ ក្នុងនោះសម័យ សាធារណរដ្ឋប្រជាមានិតកម្ពុជា និងរដ្ឋកម្ពុជា (១៩៧៩-១៩៩៣) ស្ថាប័នអធិការកិច្ចថ្នាក់ជាតិមាន ក្រសួងត្រួតពិនិត្យកិច្ចការរដ្ឋ ដែលបង្កើតឡើងនៅឆ្នាំ ១៩៨១ ដោយរដ្ឋសភាសម្រាប់វិស័យអធិការកិច្ច ហើយក្រោយមកប្តូរឈ្មោះជាក្រសួង ត្រួតពិនិត្យវិញ តែពុំមានស្ថាប័នទំនាក់ទំនងសភាដូចសព្វថ្ងៃទេ។

ក្នុងឆ្នាំ ១៩៩៣ រាជរដ្ឋាភិបាលចម្រុះបានបង្កើតឡើង ដោយការបោះឆ្នោតជាសកលដែលរៀបចំដោយអាជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ហៅកាត់ថា អ៊ុន តាត់។ ក្នុងនីតិកាលទី ១ នៃរដ្ឋសភា (១៩៩៣-១៩៩៨) ស្ថាប័នទំនាក់ទំនងសភានិងអធិការកិច្ច រាជរដ្ឋាភិបាលនៅដាច់ពីគ្នា គឺរដ្ឋលេខាធិការដ្ឋានទំនាក់ទំនងសភា ជាស្ថាប័នមួយ និងអគ្គលេខាធិការដ្ឋាន អធិការកិច្ចរាជរដ្ឋាភិបាលជំនួសឲ្យក្រសួងត្រួតពិនិត្យជាស្ថាប័នមួយ។ ស្ថាប័នទាំងពីរ គឺចំណុះឲ្យទីស្តីការគណៈរដ្ឋមន្ត្រី ដូចគ្នា។ ចាប់ពីឆ្នាំ ១៩៩៨ តមក រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតស្ថាប័នថ្មីមួយ គឺ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដោយរួមបញ្ចូលគ្នារវាងស្ថាប័នទាំងពីរខាងលើគឺរដ្ឋលេខាធិការដ្ឋានទំនាក់ទំនងសភា និងអគ្គលេខាធិការដ្ឋានអធិការកិច្ចរាជរដ្ឋាភិបាលក្នុងក្របខ័ណ្ឌយុទ្ធសាស្រ្តដើម្បីកសាងសង្គមកម្ពុជាឲ្យក្លាយទៅជាសង្គម មួយដ៏រឹងមាំប្រកបដោយយុត្តិធម៌ គុណធម៌ និងសមធម៌លើគ្រប់វិស័យ បន្ថែមពីនេះទៅទៀត គឺជំរុញឲ្យប្រជាពលរដ្ឋ គ្រប់ស្រទាប់បានយល់ដឹងទូលំទូលាយអំពីច្បាប់ និងសេរីភាពក្នុងសង្គមជាតិទាំងមូល៕