បេសកកម្ម


ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ត្រូវបានរាជរដ្ឋាភិបាលប្រគល់បេសកកម្ម ឱ្យដឹកនាំ និងគ្រប់គ្រង រាល់កិច្ចការសម្របសម្រួល ធ្វើទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងធ្វើអធិការកិច្ច លើគ្រប់វិស័យនៅព្រះរាជាណាចក្រកម្ពុជា សំដៅ បង្ការ ទប់ស្កាត់ កែលម្អ និងមានវិធានការ ដើម្បីប្រឆាំងនឹងអំពើពុករលួយ ការរំលោភដោយអំណាច និងបាតុភាពអសកម្មនានា ។

ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច មានតួនាទី និងភារកិច្ចដូចតទៅ៖

-រៀបចំ និងអនុវត្តគោលនយោបាយ ផែនការយុទ្ធសាស្ត្រ វិស័យទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងវិស័យអធិការកិច្ច
-ចេញប្រកាស សេចក្តីសម្រេច សារាចរ សេចក្តីជូនដំណឹងផ្សេងៗ ដើម្បីបំពេញបេសកកម្មរបស់ខ្លួន
-រៀបចំសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគិតិយុត្តផ្សេងៗទៀត ដែលនាយករដ្ឋមន្ត្រីប្រគល់ជូន
-ចួលរួមពិនិត្យ ផ្តល់យោបល់ លើសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតរបស់ក្រសួង ស្ថាប័ននានា
-ក្រើនរំឭក និងសម្របសម្រួលទំនាក់ទំនងរាល់ការងារ រវាងរាជរដ្ឋាភិបាលជាមួយរដ្ឋសភា ព្រឹទ្ធសភា
-ចូលរួមសម្របសម្រួលប្រតិទិនការងាររវាងរាជរដ្ឋាភិបាល និងផែនការការងាររបស់រដ្ឋសភា ព្រឹទ្ធសភា ដើម្បីកំណត់របៀបវារៈ និងអាទិភាពរបៀបវារៈដែលរាជរដ្ឋាភិបាលស្នើសុំ
-ចូលរួមប្រជុំជាមួយគណៈកម្មការបច្ចេកទេស និងគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ព្រឹទ្ធសភា តាមការអញ្ជើញរបស់រដ្ឋសភា ព្រឹទ្ធសភា
-ចូលរួមស្តាប់សម័យប្រជុំពេញអង្គរដ្ឋសភា ព្រឹទ្ធសភា ដើម្បីមានមូលដ្ឋានរាយការណ៍ជូននាយករដ្ឋមន្ត្រី
-ជួយអន្តរាគមន៍ឱ្យមានវត្តមានរដ្ឋមន្ត្រីសាមីបញ្ហា សម្រាប់ការពារនៅពេលរដ្ឋសភាកោះអញ្ជើញ
-សិក្សា ស្រាវជ្រាវ ពីការលំបាក រវាងអង្គការនីតិប្រតិបត្តិ និងអង្គការនីតិបញ្ញត្តិ
-រួមសហការជាមួយក្រសួងសាមី រៀបចំសមាសភាពតំណាងរាជរដ្ឋាភិបាល ដាក់ជូននាយករដ្ឋមន្ត្រី ដើម្បីបំភ្លឺលើសេចក្តីព្រាងច្បាប់ និងអត្ថបទច្បាប់ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ និងគណៈកម្មការបច្ចេកទេស នៃរដ្ឋសភា ព្រឹទ្ធសភា
-ផ្តល់ព័ត៌មាន ដែលពាក់ព័ន្ធនឹងនីតិវិធី និងសកម្មភាព របស់រដ្ឋសភា ព្រឹទ្ធសភា ជូនដល់ប្រធានស្ថាប័នសាមី ដើម្បីត្រៀមលក្ខណៈ ការពារសេចក្តីព្រាងច្បាប់ និងអត្ថបទច្បាប់
-រៀបចំកម្មវិធីអប់រំ ផ្សព្វផ្សាយច្បាប់ គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតជូនប្រជាពលរដ្ឋទូទាំង ព្រះរាជាណាចក្រកម្ពុជា ឱ្យបានយល់ដឹង និងប្រតិបត្តិតាម
-សិក្សាស្វែងយល់ពីកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋ តាមរយៈវេទិកាសាធារណៈ ការស្ទង់មតិ និងសិក្ខាសាលា ដើម្បីរាយការណ៍ជូនរាជរដ្ឋាភិបាល
-សិក្សា ស្ទង់មតិអំពីការយល់ដឹងរបស់ប្រជាពលរដ្ឋលើវិស័យច្បាប់
-លើកវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាប នូវការរំលោភដោយអំណាច និងប្រឆាំងអំពើពុករលួយ ចំពោះមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ដែលជាអំពើអសកម្ម ធ្វើឱ្យប៉ះពាល់ដល់ការស្តារ ការអភិវឌ្ឍជាតិ និងអភិបាលកិច្ចល្អ
-គ្រប់គ្រង សម្របសម្រួលជាមួយអង្គភាពអធិការកិច្ចតាមក្រសួង ស្ថាប័ន រាជធានី ខេត្ត លើកិច្ចការជំនាញ តាមរយៈការណែនាំការងារ ការបណ្តុះបណ្តាល អធិការកិច្ចទាំងក្នុង និងក្រៅប្រទេស
-ធ្វើអធិការកិច្ច ឬអង្កេតស្រាវជ្រាវឡើងវិញ ចំពោះលទ្ធផលអធិការកិច្ច ឬអង្កេតស្រាវជ្រាវដែលថ្នាក់ក្រោមបានសម្រេច ហើយមានការតវ៉ាថាធ្វើពុំទាន់បានត្រឹមត្រូវ
-តាមដាន និងធ្វើអធិការកិច្ចរាល់ការអនុវត្តច្បាប់ គោលនយោបាយ យុទ្ធសាស្ត្រ លិខិតបទដ្ឋានគតិយុត្តផ្សេងទៀត និងអនុសាសន៍របស់នាយករដ្ឋមន្ត្រី
-ចាត់តាំងគណៈប្រតិភូ ឬបេសកជន ឱ្យចុះធ្វើអធិការកិច្ចលើគ្រប់វិស័យនៅតាមក្រសួង ស្ថាប័ន រាជធានី ខេត្ត គ្រឹះស្ថានសាធារណៈរដ្ឋបាល និងសហគ្រាសសាធារណៈ និងតម្រូវឱ្យអង្គភាពអធិការកិច្ច និងអង្គភាពពាក់ព័ន្ធ ចូលរួមសហការតាមការចាំបាច់
-ទទួលពិនិត្យ និងដោះស្រាយបណ្តឹងតវ៉ា បណ្តឹងបរិហារ ដែលស្ថិតក្នុងសមត្ថកិច្ចរបស់រាជរដ្ឋាភិបាល
-ធ្វើរបាយការណ៍អំពីលទ្ធផលនៃការធ្វើអធិការកិច្ច ឬអង្កេតស្រាវជ្រាវ ដោយមានការសន្និដ្ឋាន និងលើកយោបល់ជូននាយករដ្ឋមន្ត្រីពិនិត្យ និងសម្រេច
-អញ្ជើញជនពាក់ព័ន្ធតាមរយៈប្រធានស្ថាប័ន ឬអាជ្ញាធរមានសមត្ថកិច្ច ដើម្បីមកបំភ្លឺ ផ្តល់ព័ត៌មាន ផ្តល់ឯកសារ ឬចូលរួមសហការ ក្នុងសកម្មភាពអធិការកិច្ច ឬអង្កេតស្រាវជ្រាវ ។ ក្នុងករណីមិនបានមកតាមការអញ្ជើញចំនួន ០២លើក ដោយគ្មានមូលហេតុក្រសួងត្រូវចាត់វិធានការតាមនីតិវិធីច្បាប់
-លើកសំណើសុំការសម្រេចពីនាយករដ្ឋមន្ត្រី ផ្អាកការងារជាបណ្តោះអាសន្ន ចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ដែលមិនសហការក្នុងការធ្វើអធិការកិច្ច ឬអង្កេតស្រាវជ្រាវ
-ផ្អាកជាបណ្តោះអាសន្ន ចំពោះការអនុវត្តទាំងឡាយណា ដែលពិនិត្យឃើញថាបាននឹងកំពុង ឬរៀបនឹងបង្កអន្តរាយ ប៉ះពាល់ដល់ផលប្រយោជន៍ជាតិ ផលប្រយោជន៍សាធារណៈ និងឯកជន រួចរាយការណ៍ជាបន្ទាន់ជូននាយករដ្ឋមន្ត្រីពិនិត្យ និងសម្រេច
-កសាងសំណុំរឿងពាក់ព័ន្ធនឹងការងារអធិការកិច្ច ឬអង្កេតស្រាវជ្រាវ ដាក់ជូននាយករដ្ឋមន្ត្រីពិនិត្យ និងសម្រេច ដើម្បីបញ្ជូនទៅតុលាការ ចំពោះរូបវន្តបុគ្គល ឬនីតិបុគ្គល ដែលអនុវត្តខុសតួនាទី ឬរំលោភអំណាច ធ្វើឱ្យប៉ះពាល់ដល់នយោបាយ សេដ្ឋកិច្ច ឬថវិកាជាតិ
-អាចផ្សព្វផ្សាយជាសាធារណៈនូវលទ្ធផលនៃការធ្វើអធិការកិច្ច ឬអង្កេតស្រាវជ្រាវ ដែលរាជរដ្ឋាភិបាលបានសម្រេចរួចហើយ និងតាមដានការអនុវត្តសេចក្តីសម្រេចនោះ
-រៀបចំគម្រោង ចូលរួមសម្របសម្រួល និងធ្វើសហប្រតិបត្តិការ លើវិស័យដែលពាក់ព័ន្ធជាមួយអង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ និងបណ្តាប្រទេសផ្តល់ជំនួយ ដើម្បីអភិវឌ្ឍក្រសួង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល
-ទទួលប្រាក់រង្វាន់តាមការកំណត់របស់នាយករដ្ឋមន្ត្រី នូវទឹកប្រាក់ដែលបានរកឃើញពីការគៃបំបាត់ ដើម្បីលើកទឹកចិត្តមន្ត្រីរបស់ក្រសួងដែលមានស្នាដៃ
-ទទួលអនុវត្តការងារផ្សេងទៀត ដែលរាជរដ្ឋាភិបាលប្រគល់ជូន ៕

អំពីអគ្គនាយកដ្ឋាន