រចនាសម្ព័ន្ធ

អគ្គនាយកដ្ឋានរដ្ឋបាលកិច្ចការទូទៅ

អគ្គនាយកដ្ឋានរដ្ឋបាលកិច្ចការទូទៅមានភារកិច្ច ធ្វើជាសេនាធិការឲ្យក្រសួង លើការងារ ៖
-សម្របសម្រួលគ្រប់គ្រងការងាររដ្ឋបាល បុគ្គលិក គណនេយ្យ ហិរញ្ញវត្ថុ ផែនការ ស្ថិតិ សម្ភារៈ បរិក្ខា និងសារពើភ័ណ្ឌរបស់ក្រសួង
-បូកសរុបការងារគ្រប់វិស័យរបស់ក្រសួង ។

អគ្គនាយកដ្ឋានរដ្ឋបាលកិច្ចការទូទៅ ដឹកនាំដោយអគ្គនាយក ០១ រូប និងមានអគ្គនាយករងជាជំនួយការ និងមាននាយកដ្ឋានចំណុះចំនួន ០៣ គឺ ៖
១-នាយកដ្ឋានរដ្ឋបាល និងបុគ្គលិក
២-នាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់
៣-នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ

១-នាយកដ្ឋានរដ្ឋបាល និងបុគ្គលិក មានភារកិច្ច ៖
-សម្របសម្រួលការងារគ្រប់ផ្នែក របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច
-គ្រប់គ្រង និងចរាចរឯកសាររដ្ឋបាលផ្សេងៗរបស់ក្រសួង
-ធានាប្រសិទ្ធភាព សុវត្ថិភាពរដ្ឋបាល និងគ្រប់គ្រងការងារសង្គមកិច្ចរបស់ក្រសួង
-សរុប និងធ្វើរបាយការណ៍ការងារ ប្រចាំសប្តាហ៍ ខែ ត្រីមាស ឆមាស ឆ្នាំ ដែលផ្ញើមកពីបណ្តាអង្គភាពចំណុះ ក្រសួង និងសកម្មភាពផ្សេងៗរបស់ក្រសួង រួចបញ្ជូនទៅទីស្តីការគណរដ្ឋមន្ត្រី
-គ្រប់គ្រងផ្នែករដ្ឋបាល មន្ត្រីរាជការ និងភ្នាក់ងាររាជការរបស់ក្រសួង ដោយធ្វើទំនាក់ទំនងជាមួយរដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ និងក្រសួងពាក់ព័ន្ធ
-រៀបចំលិខិតរដ្ឋបាល សម្រាប់គ្រប់គ្រងអាជីព មន្ត្រីរាជការរបស់ក្រសួង
-រៀបចំការងារបៀវត្សពលកម្ម ប្រាក់កំរ៉ៃ និងរបបឧបត្ថម្ភសន្តិសុខសង្គម
-រៀបចំតំណែង ឯកទេស និងធនធានមនុស្សរបស់ក្រសួង
-វាយតម្លៃតម្រូវការ បណ្តុះបណ្តាលបុគ្គលិក
-លើកសំណើដោយផ្ទាល់ ឬតាមសំណូមពររបស់អង្គភាពក្រោមឱវាទក្រសួង ជូនរដ្ឋមន្ត្រីពិនិត្យសម្រេច
-រៀបចំកម្មវិធីបណ្តុះបណ្តាលដំបូង និងបន្តធ្វើទំនាក់ទំនងជាមួយរដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ និងអនុវត្ត គោលការណ៍ផ្សេងៗ
-រៀបចំស្ថិតិលើការគ្រប់គ្រងបុគ្គលិក និងតារាងព័ត៌មានប្រតិបត្តិ ។

 ២-នាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ មានភារកិច្ច ៖
-ចុះបញ្ជីការគណនេយ្យជាប្រចាំ
-ត្រួតពិនិត្យបច្ចេកទេស ផែនការប្រតិបត្តិលទ្ធកម្មសាធារណៈរបស់ក្រសួង
-ព័ត៌មានវិទ្យាសកម្មភាពហិរញ្ញវត្ថុ និងបន្ទុកគណនី
-លើកគម្រោងថវិការបស់ក្រសួងប្រចាំឆ្នាំ និងតាមរំលឹកការប្រតិបត្តិ
-ប្រមូលផ្តុំ និងសម្របសម្រួលជំពូកថវិកា ឲ្យសមស្របតាមគម្រោងថវិការដ្ឋ
-តាមដាន រំលឹក ការគ្រប់គ្រងរាល់ការចំណាយរបស់ក្រសួង
-គ្រប់គ្រងបន្ទុកគណនី នូវការអនុវត្តលទ្ធកម្មសាធារណៈ
-គ្រប់គ្រងចំណូល-ចំណាយឲ្យបានសមស្រប និងបង់ចំណូលចូលថវិការដ្ឋឲ្យបានតាមការកំណត់នៃច្បាប់ហរិញ្ញវត្ថុ
-ប្រមូលផ្តុំតម្រូវការ ធ្វើកម្មវិធីចំណាយ គ្រប់គ្រងការរៀបចំជួសជុលសម្ភារៈ និងបរិក្ខារបស់ក្រសួង
-គ្រប់គ្រងចលនទ្រព្យ អចលនទ្រព្យ សន្និធិសម្ភារៈ និងធ្វើបញ្ជីសារពើភ័ណ្ឌ
-គ្រប់គ្រងយានដ្ឋាន និងយានយន្តរបស់រដ្ឋ ដែលប្រគល់ជូនក្រសួង ព្រមទាំងធ្វើកម្មវិធីចំណាយ និងបែងចែក ប្រេងឥន្ទនៈ និងគ្រឿងបន្លាស់
-ត្រួតពិនិត្យជាប្រចាំ នូវផែនការផ្គត់ផ្គង់សម្ភារៈ បរិក្ខារ
-ទទួល និងបែងចែកសម្ភារៈ បរិក្ខារ ជូនបណ្តាអង្គភាព ក្រោមឱវាទក្រសួង ។

៣-នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ មានភារកិច្ច ៖
-សម្របសម្រួល និងទំនាក់ទំនងការងារជាមួយអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ និងទីភ្នាក់ងារផ្តល់ជំនួយ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ការងារគ្រប់វិស័យរបស់ក្រសួង
-សម្របសម្រួល និងទំនាក់ទំនងការងារជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
-រៀបចំពិធីការសម្រាប់ថ្នាក់ដឹកនាំ កិច្ចប្រជុំនានា និងពិធីផ្សេងៗរបស់ក្រសួងជាមួយភ្ញៀវបរទេស
-សម្រួលលិខិតស្នាមដូចជា លិខិតឆ្លងដែន ទិដ្ឋាការ របស់មន្ត្រីរាជការក្រោមឱវាទក្រសួងដែលត្រូវទៅបំពេញបេសកកម្មនៅ ក្រៅប្រទេសតាមការចាត់តាំងរបស់ក្រសួង និងជំនាញការបរទេស ដែលបំពេញការងារជាមួយក្រសួង
-ទទួលបន្ទុកកិច្ចការអាស៊ាន
-រៀបចំគម្រោងសហប្រតិបត្តិការទ្វេរភាគី និងពហុភាគី ជាមួយអន្តរជាតិទៅលើវិស័យដែលពាក់ព័ន្ធជាមួយក្រសួងតាមគោលការណ៍ របស់រាជរដ្ឋាភិបាល
-រៀបចំសំណុំឯកសារផ្សេងៗ ដែលពាក់ព័ន្ធនឹងកិច្ចការអន្តរជាតិ សម្រាប់ចរចា និងចុះហត្ថលេខាលើកំណត់ហេតុ អនុស្សារណៈ ពិធីសារ និងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា ជូនថ្នាក់ដឹកនាំ ដើម្បីបង្កើនប្រសិទ្ធភាពនៃសហប្រតិបត្តិការអន្តរជាតិ
-បូកសរុប វាយតម្លៃរាល់សកម្មភាពរបស់អង្គការមិនមែនរដ្ឋាភិបាល អង្គការអន្តរជាតិ ដែលបានចុះពិធីសារ ជាមួយក្រសួង ហើយរាយការណ៍ពីលទ្ធផល នៃការងារទាំងនោះ ដោយសុំមតិកែសម្រួល ឬសុំបញ្ចប់កិច្ចព្រមព្រៀងណា ដែលអនុវត្តមិនបានត្រឹមត្រូវតាមគោលការណ៍កំណត់។