សារ​ស្វា​គមន៍


មិត្តអ្នកអានជាទីគោរពរាប់អាន !

ក្រោយការរំដោះពីរបបប្រល័យពូជសាសន៍ ប្រទេសកម្ពុជា ដែលបានធ្វើដំណើរចេញ ពីភាពអន្ធការត្រង់ចំណុចសូន្យ បានធ្វើ សមាហរណកម្មចូល ក្នុងសហគមន៍អន្តរជាតិ នៅលើមាគ៌ានៃយុគសម័យ វិវឌ្ឍននៃបច្ចេកវិទ្យាព័ត៌មានវិទ្យា ដែលជាកម្លាំងជំរុញសកលភាវូបនីយកម្ម ឈានឆ្ពោះទៅរកការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម នយោបាយ ទំនាក់ទំនងអន្តរជាតិ ការផ្លាស់ប្តូរអារ្យធម៌ និងព័ត៌មានគ្នា ។ល។

ដោយបានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រជាច្រើនជាបន្តបន្ទាប់ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជាប្រមុខដឹកនាំដ៏ឆ្នើម បានបន្តដាក់ឲ្យអនុវត្តនូវយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ ដែលរៀបចំឡើងតាមរចនាសម្ព័ន្ធមុំបួននៃចតុកោណប្រទាក់ក្រឡា និងផ្សារភ្ជាប់គ្នាគ្រប់ជ្រុងទាំងអស់ តំណាងឲ្យស្ថិរភាព និងចិរភាព ។ តាមន័យនេះជោគជ័យនៃការអនុវត្តន៍យុទ្ធសាស្ត្រចតុកោណ នឹងនាំមកឲ្យកម្ពុជានូវស្ថិរភាព និងការអភិវឌ្ឍន៍ប្រកបដោយចិរភាព ។ យុទ្ធសាស្ត្រចតុកោណ ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា មានអភិបាលកិច្ចល្អជាស្នូល ប្រកបដោយមុំ៤គឺ ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ កំណែទម្រង់រដ្ឋបាលសាធារណៈ និងកំណែទម្រង់កងកម្លាំងប្រដាប់អាវុធ ។ រាជរដ្ឋាភិបាលបានកំណត់ការងារជាអាទិភាព លើប្រសិទ្ធភាពនៃសេវាសាធារណៈ ដោយប្រែក្លាយរដ្ឋបាលសាធារណៈ ពីអ្នកគ្រប់គ្រងទៅជាអ្នកផ្តល់សេវា សំដៅបម្រើ ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង ដោយឈរលើគោលការណ៍និរន្តរភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ។

ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានចូលរួមចំណែកអនុវត្តយ៉ាងសកម្មតាម គោលនយោបាយ និងយុទ្ធសាស្ត្រនានារបស់រាជរដ្ឋាភិបាល ស្របតាមតួនាទី និងភារកិច្ចរបស់ខ្លួន ក្នុងបេសកកម្មដឹកនាំ គ្រប់គ្រងរាល់កិច្ចការសម្របសម្រួល ធ្វើទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងធ្វើអធិការកិច្ចលើគ្រប់វិស័យ នៅក្នុង ព្រះរាជាណាចក្រកម្ពុជា សំដៅប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការរំលោភដោយអំណាច និងបាតុភាពអសកម្មនានា ។ បេសកកម្មរបស់ក្រសួងចែកចេញជាពីរវិស័យសំខាន់គឺ ៖

១. វិស័យទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា ដែលផ្តោតលើការកសាង និងចូលរួមកសាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា ព្រមទាំងការផ្សព្វផ្សាយច្បាប់ដែលមានជាធរមានជូនដល់ប្រជាពលរដ្ឋ សំដៅលើកកម្ពស់ការយល់ដឹងពីវិស័យច្បាប់ និងការគោរពច្បាប់ឲ្យបានទូលំទូលាយទូទាំងប្រទេស ។

២. វិស័យអធិការកិច្ច ផ្តោតសំខាន់លើការត្រួតពិនិត្យ ការធ្វើអធិការកិច្ចលើគ្រប់វិស័យ និងការទទួល និងដោះស្រាយពាក្យបណ្តឹង ការពារទ្រព្យសម្បត្តិរដ្ឋ ទ្រព្យសម្បត្តិស្របច្បាប់របស់ប្រជាពលរដ្ឋ ប្រឆាំងនឹងអំពើពុករលួយ ការរំលោភដោយអំណាច និងបាតុភាពអសកម្ម លើកកម្ពស់អភិបាលកិច្ចល្អ និងពង្រឹងប្រសិទ្ធភាពនៃការអនុវត្តន៍ច្បាប់ ។

ថ្ងៃនេះគឺជាការបោះជំហានថ្មីមួយទៀត របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដែលបានបង្កើត និងដាក់ឲ្យទស្សនាគេហទំព័រ www.monasri.gov.kh ក្នុងឆន្ទៈផ្តល់ពន្លឺ និង‍‍ឱកាសថ្មីដល់ក្រសួង ស្ថាប័ន អង្គការជាតិ និងអន្តរជាតិ សង្គមស៊ីវិល សិស្ស និស្សិត និងសាធារណជន ចូលរួមស្វែងយល់កាន់តែច្បាស់ពីការងារក្រសួង និងអង្គភាពចំណុះទាំងអស់របស់ក្រសួង ។ គេហទំព័រនេះមានសារៈសំខាន់ខ្លាំងណាស់ក្នុងការជួយពង្រឹងស្ថាប័ន សម្រួលទំនាក់ទំនងការងារ ការសិក្សាស្រាវជ្រាវបង្កើនសមត្ថភាពមន្ត្រីរាជការរបស់ក្រសួង ទាំងលើវិស័យច្បាប់ ការងាររដ្ឋបាល ការងារជំនាញ ការស្វែងយល់ និងចែករំលែកបទពិសោធន៍ និងចំណេះដឹងល្អៗពីគ្នាទៅវិញទៅមក ។ យើងខ្ញុំសូមអបអរ កោតសរសើរចំពោះការរួមចំណែកដ៏មានតម្លៃ និងរង់ចាំទទួលនូវការឆ្លើយតប និងការរិះគន់ស្ថាបនាពីអស់លោកអ្នក ។

ជាថ្មីម្តងទៀត យើងខ្ញុំសូមសម្តែងនូវអំណរគុណដ៏ជ្រាលជ្រៅ ចំពោះមិត្តអ្នកអានទាំងអស់ ហើយសង្ឃឹមថា ព័ត៌មានដែលយើងខ្ញុំបានចុះផ្សាយ ក្នុងគេហទំព័រនេះ នឹងជួយជាប្រយោជន៍ខាងគតិ ការយល់ដឹង និងបញ្ញាស្មារតីដល់មិត្តអ្នកអានទាំងអស់ ។

សូមជូនពរសុខភាពល្អ និងវិបុលភាពគ្រប់ប្រការចំពោះមិត្តអ្នកអានទាំងអស់ ៕