សកម្មភាពការងារ

អគ្គនាយកដ្ឋានអធិការកិច្ច

អគ្គនាយកដ្ឋានអធិការកិច្ចមានភារកិច្ចធ្វើជាសេនាធិការឲ្យក្រសួង លើការងារ ៖
-គ្រប់គ្រងលើការងារអធិការកិច្ច ។ រៀបចំផែនការ កម្មវិធីការងារ និងចាត់តាំងអនុវត្តលើគ្រប់វិស័យ ដែលទាក់ទងនឹងកិច្ចការអធិការកិច្ច ឲ្យស្របតាមនីតិវិធី និងកាលៈទេសៈជាក់ស្តែង
-អញ្ជើញមន្ត្រីរាជការ ឬជនពាក់ព័ន្ធផ្ទាល់មកបំភ្លឺ តាមការប្រគល់សិទ្ធិពីរដ្ឋមន្ត្រី ដើម្បីសាកសួរព័ត៌មាន ផ្តល់ឯកសារ ឬចូលរួមសហការក្នុងសកម្មភាពអធិការកិច្ច
-ធ្វើរបាយការណ៍ តាមការធ្វើអធិការកិច្ចជាក់ស្តែង បញ្ជាក់ពីទង្វើទាំងឡាយរបស់បុគ្គលល ឬ ស្ថាប័នពាក់ព័ន្ធ ធ្វើការសន្និដ្ឋាន និងលើកសំណូមពរច្បាស់លាស់ជូនរដ្ឋមន្ត្រី ដើម្បីសុំការឯកភាព ផ្ញើជូនប្រមុខរាជរដ្ឋាភិបាល ពិនិត្យសម្រេច ។

អគ្គនាយកដ្ឋានអធិការកិច្ច ដឹកនាំដោយអគ្គនាយក ០១ រូប និងមានអគ្គនាយករងមួយចំនួនជាជំនួយការ និងមាននាយកដ្ឋានចំនួន ០៥ គឺ ៖
១-នាយកដ្ឋានទំនាក់ទំនងជាមួយអធិការកិច្ច តាមបណ្តាស្ថាប័ន
២-នាយកដ្ឋានអធិការកិច្ច
៣-នាយកដ្ឋានតាមដានការអនុវត្តន៍ច្បាប់
៤-នាយកដ្ឋានទទួលពាក្យបណ្តឹង និងអង្កេតស្រាវជ្រាវ
៥-នាយកដ្ឋានវិវាទកម្ម

១-នាយកដ្ឋានដ្ឋានទំនាក់ទំនងជាមួយអធិការកិច្ច តាមបណ្តាស្ថាប័ន មានភារកិច្ច ៖
-ទទួលរាល់សំណុំឯកសារ របាយការណ៍ រួចបូកសរុបលទ្ធផលការងារអធិការកិច្ច របស់អគ្គាធិការដ្ឋាន អធិការដ្ឋាន នៅតាមបណ្តាក្រសួង រដ្ឋលេខាធិការដ្ឋាន
-ទំនាក់ទំនងសម្របសម្រួលរាល់សកម្មភាពរបស់អគ្គាធិការដ្ឋាន អធិការដ្ឋាន តាមបណ្តាក្រសួង រដ្ឋលេខាធិការដ្ឋាន ដើម្បីជួយឲ្យការងាររបស់ស្ថាប័នទាំងនោះ ឲ្យបានសុក្រឹត្យ
-ពិនិត្យ និងធ្វើអធិការកិច្ចឡើងវិញ នូវលទ្ធផលអធិការកិច្ចនៃអគ្គាធិការដ្ឋាន អធិការដ្ឋាន តាមបណ្តាក្រសួង រដ្ឋលេខាធិការដ្ឋាន ដែលធ្វើរួចហើយ ក្នុងករណីមានការតវ៉ា ឬយល់ឃើញថាមិនត្រឹមត្រូវ
-ចូលរួមសន្និបាត សិក្ខាសាលា នៃអគ្គាធិការដ្ឋាន អធិការដ្ឋាន តាមបណ្តាក្រសួង រដ្ឋលេខាធិការដ្ឋាន ។

២-នាយកដ្ឋានអធិការកិច្ច មានភារកិច្ច ៖
-ធ្វើអធិការកិច្ចលើការពាក់ព័ន្ធនឹងចំណូល-ចំណាយ ថវិកាជាតិ នៅតាមក្រសួង រដ្ឋលេខាធិការដ្ឋាន ខេត្ត ក្រុង គ្រឹះស្ថានសាធារណៈរដ្ឋបាល និងសហគ្រាសសាធារណៈ
-ត្រួតពិនិត្យសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ ជារៀងរាល់ឆ្នាំ នៅគ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ខេត្ត ក្រុង គ្រឹះស្ថានសាធារណៈរដ្ឋបាល និងសហគ្រាសសាធារណៈ
-ធ្វើអធិការកិច្ចលើករណីពាក់ព័ន្ធ ក្លែងបន្លំ កិបកេង សម្បត្តិរដ្ឋ និងប្រព្រឹត្តអំពើពុករលួយ ធ្វើឲ្យបាត់បង់ថវិកាជាតិ
-ធ្វើអធិការកិច្ចលើស្ថាប័ននានា ដែលបានទទួលការគ្រប់គ្រង ប្រើប្រាស់ជំនួយជាតិ និងអន្តរជាតិ
-ចូលរួមសហការការងារអធិការកិច្ច តាមសំណូមពររបស់ស្ថាប័ននានា ។

៣-នាយកដ្ឋានតាមដានការអនុវត្តន៍ច្បាប់ មានភារកិច្ច ៖
-តាមដានការអនុវត្តន៍ច្បាប់ដែលចូលជាធរមានរួចហើយ
-តាមដានការអនុវត្តន៍កម្មវិធីនយោបាយ អនុក្រឹត្យ និងសេចក្តីសម្រេចនានារបស់រាជរដ្ឋាភិបាល
-តាមដានការអនុវត្តន៍សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដែលពាក់ព័ន្ធទៅនឹងសកម្មភាពអធិការកិច្ច

៤-នាយកដ្ឋានទទួលពាក្យបណ្តឹង និងអង្កេតស្រាវជ្រាវ មានភារកិច្ច ៖
-ពិនិត្យលើបាតុភាពទាក់ទិន ដល់ការងារអធិការកិច្ច ដែលត្រូវបានចុះផ្សាយក្នុងសារព័ត៌មាន ដើម្បីបញ្ជូនតាមសមត្ថកិច្ចពាក់ព័ន្ធ
-ទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ និងពីមជ្ឈដ្ឋាននានា ហើយធ្វើការសិក្សា ដើម្បីអង្កេតស្រាវជ្រាវ
-ធ្វើកិច្ចសហប្រតិបត្តិការអង្កេត ស្រាវជ្រាវ រឿងវិវាទរដ្ឋបាល ដែលស្ថិតក្នុងរង្វង់សមត្ថកិច្ចរបស់រាជរដ្ឋាភិបាល
-អង្កេត ស្រាវជ្រាវ បាតុភាពផ្សេងៗ ដែលក្រសួងប្រគល់ឲ្យ
-អង្កេត ស្រាវជ្រាវ រាល់កិច្ចការ ដែលរាជរដ្ឋាភិបាលប្រគល់ឲ្យ
-អង្កេត ស្រាវជ្រាវ លទ្ធផលរបស់អធិការកិច្ចថ្នាក់ខេត្ត ក្រុង ដែលមានការតវ៉ាថា ធ្វើពុំត្រឹមត្រូវ ដើម្បីធ្វើអង្កេតស្រាវជ្រាវជាថ្មី រួចសន្និដ្ឋាន និងធ្វើសំណូមពរជូនរដ្ឋមន្ត្រីពិនិត្យឯកភាព រូចបញ្ជូនទៅប្រមុខរាជរដ្ឋាភិបាលសម្រេច ។

៥-នាយកដ្ឋានវិវាទកម្ម មានភារកិច្ច ៖
-ប្រមូលផ្តុំសំណុំរឿង ដើម្បីវិភាគ និងដោះស្រាយជាមួយអង្គភាពពាក់ព័ន្ធ
-រៀបចំប្រមូលសំណុំរឿង ចំពោះករណីដែលត្រូវបញ្ជូនទៅតុលាការ
-ធ្វើការសិក្សាស្រាវជ្រាវ អំពីទំហំនៃការប្រព្រឹត្តខុសឆ្គងរបស់ស្ថាប័ន គ្រឹះស្ថានសាធារណៈរដ្ឋបាល សហគ្រាសសាធារណៈ និងអ្នកធ្វើកំហុស រួចធ្វើសន្និដ្ឋាន និងធ្វើសំណូមពរដាក់ជូនរដ្ឋមន្ត្រី ធ្វើការស្នើសុំការសម្រេចពីប្រមុខរាជរដ្ឋាភិបាល ។

ទីតាំង​របស់​អ្នក៖ Home សកម្មភាពការងារ monasri អគ្គនាយកដ្ឋានអធិការកិច្ច