លោក​ជំទាវ ​ម៉ែន សំអន​​ អនុញ្ញាត​ឱ្យប្រតិភូ​ឡាវ​ជួប​ពិភាក្សា​ការងារ​ដើម្បី​ផ្លាស់ប្ដូរ​បទពិសោធន៍

លោក ជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច កាលពីល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៤ នៅទីស្ដីការក្រសួងបានអនុញ្ញាតឲ្យប្រតិភូនៃរដ្ឋាភិបាលសាធារណរដ្ឋ ប្រជាមានិតឡាវដឹកនាំដោយលោកស្រី ស៊ីសាយ លឺតឌីមួនសនសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងជាសហព័ន្ធនារីឡាវជួបពិភាក្សាការងារ និងផ្លាស់ប្ដូរបទពិសោធន៍ពីគ្នាទៅវិញទៅមក។

ក្នុងជំនួបពិភាក្សានាឱកាសនោះលោកជំទាវ ម៉ែន សំអន បានថ្លែងនូវការអរគុណចំពោះថ្នាក់ដឹកនាំរបស់បក្សរដ្ឋាភិបាលឡាវ និងដឹកនាំប្រតិភូមកទស្សនកិច្ចផ្លូវការនៅកម្ពុជា ហើយលោកជំទាវក៏សួរសុខទុក្ខដល់ថ្នាក់ដឹកនាំបក្ស និងរដ្ឋនៃសាធារណរដ្ឋប្រជាមានិតឡាវផងដែរ។ លោកជំទាវឧបនាយករដ្ឋមន្ត្រី បានថ្លែងនូវការអរគុណ និងកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការល្អប្រកបដោយផ្លែផ្ការវាង ប្រទេសឡាវ និងកម្ពុជាពិសេសក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ចកម្ពុជា និងក្រសួងពាក់ព័ន្ធឡាវ ពិសេសសហព័ន្ធនារីឡាវនាពេលកន្លងមក ក៏ដូចបច្ចុប្បន្ន និងពេលអនាគត។ លោកជំទាវក៏បានបញ្ជាក់ពីសភាពការណ៍រួមនៅកម្ពុជាដែលទើបតែបញ្ចប់ នូវការបោះឆ្នោតនីតិកាលទី៥ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣កន្លងមកនេះ ស្របតាមច្បាប់រដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា ហើយជាលទ្ធផលគណបក្សប្រជាជនកម្ពុជាបានទទួលជ័យជំនះឈ្នះដាច់លើ គណបក្សនានាដោយទទួលបាន៦៨អាសនៈ។ ជាមួយនឹងជ័យជំនះនេះដែរ ព្រះមហាក្សត្របានតែងតាំងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៥នៃរដ្ឋសភា។

លោកជំទាវក៏បានបញ្ជាក់ពីតួនាទីភារកិច្ចដ៏ចម្បងរបស់ក្រសួងទំនាក់ ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចថា ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទបានដឹកនាំគ្រប់គ្រងរាល់កិច្ចការសម្របសម្រួល ធ្វើទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងធ្វើអធិការកិច្ចលើគ្រប់វិស័យនៅក្នុងព្រះរាជាណាចក្រកម្ពុជាសំដៅ ប្រឆាំងអំពើពុករលួយ ការរំលោភដោយអំណាច និងបាតុភាពអសកម្មនានា។

លទ្ធផលការងារដែលក្រសួងសម្រេចបានមានការងារទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា គឺមានការកសាងសេចក្ដីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា ធ្វើការផ្សព្វផ្សាយច្បាប់ទៅតាមបណ្ដាខេត្ត រាជធានីក្រុងស្រុកខណ្ឌ និងបណ្ដាច្បាប់ជាច្បាប់ជលផល ច្បាប់កិច្ចការពារបរិស្ថាន និងគ្រប់គ្រងធនធានធម្មជាតិ ច្បាប់ភូមិបាល ច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងការពារជនរងគ្រោះ ច្បាប់បង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ ច្បាប់គ្រប់គ្រងឱសថ អនុក្រឹត្យស្ដីពីការគ្រប់គ្រងដីរដ្ឋ។ ទិសដៅបន្តគឺត្រៀមធ្វើការផ្សព្វផ្សាយច្បាប់ឲ្យកាន់តែទូលំទូលាយទៀត ។ ដោយឡែកសមាគមនារីកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែនជាប្រធានកិត្តិយសមានមោទកភាពខ្ពស់យ៉ាងក្រៃលែង បានដឹកនាំសមាគមនារីដែលមានរូបលោកជំទាវផ្ទាល់ជាប្រធានសមាគមតាំងពី បាតដៃទទេរហូតមានរីកចម្រើនដូចសព្វថ្ងៃនេះ។ជាមួយគ្នានេះដែរ ប្រតិភូឡាវដែលដឹកនាំដោយលោក ស្រីស៊ីសាយ លឺតឌីមួនសន បានមានប្រសាសន៍ថ្លែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្ដេចតេជោ ហ៊ុន សែនជានាយករដ្ឋមន្ត្រី តែងតែសហប្រតិបត្តិការលើគ្រប់វិស័យជាមួយប្រទេសឡាវ និងជាប្រទេសដែលមានភូមិផងរបងជាប់ជាមួយគ្នា ពិសេសគឺមានចំណងសាមគ្គីភាពយ៉ាងល្អប្រសើរជាមួយគ្នាទៀតផង។ គណៈប្រតិភូបានសំដែងនូវការអរគុណដល់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែជួបពិភាក្សាផ្លាស់ប្ដូរបទពិសោធន៍ការងារអធិការកិច្ចជាមួយគ្នា ទទួលបានលទ្ធផលល្អប្រសើរនាពេលកន្លងទៅ ក៏ដូចពេលអនាគត ដើម្បីឲ្យរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតឡាវជាមួយនឹងកម្ពុជា ព្រមទាំងក្រសួងទំនាក់ទំនងនៃព្រះរាជាណាចក្រកម្ពុជាផងដែរ ហើយប្រទេសទាំង២ក៏ដូចក្រសួងពាក់ព័ន្ធព្រមទាំងខាងសហព័ន្ធនារីនឹង បន្តការងារដ៏ល្អប្រសើរជាមួយគ្នា និងដកស្រង់យកបទពិសោធន៍ជាមួយគ្នាឲ្យកាន់តែល្អប្រសើរបន្ថែមទៀត៕