លោកជំទាវ​ ម៉ែន សំអន ​អញ្ជើញជាអធិបតីភាពក្នុងពិធីបិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារឆ្នាំ ​២០១២​ និងលើកទិសដៅការងារសម្រាប់​អនុវត្ដ​ឆ្នាំ​ ២០១៣ ​របស់​ក្រសួង​ទំនាក់ទំនង​ជាមួយ​​​រដ្ឋសភា-​ព្រឹទ្ធសភា ​និង​អធិការកិច្ច

នាល្ងាចថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៣ នៅក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច លោកជំទាវម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញបិទ សន្និបាតបូកសរុបលទ្ធផលការងារក្រសួង

ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ចតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលពិធីនេះក៏មានការអញ្ជើញជាកិត្តិយសពីសំណាក់ ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ទូទាំងក្រសួង ព្រមទាំងក្រសួងមន្ទីរពាក់ព័ន្ធចូលរួមផងដែរ។

លោកជំទាវ ម៉ែន សំអន បានមានប្រសាសន៍សង្កត់ធ្ងន់ថា៖ ក្រសួងទំនាក់ទំនង មានភារកិច្ចយ៉ាងសំខាន់ ក្នុងការអនុវត្ដកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី២ ដោយមានអភិបាលកិច្ចល្អជាស្នូល ពិសេសក្រុមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចអគ្គមហសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។ លោកជំទាវឧបនាយករដ្ឋមន្ដ្រី ក្នុងនាមសម្ដេចតេជោ បានថ្លែងនូវការកោតសរសើរ ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ទូទាំងក្រសួងទំនាក់ទំនង ដែលបានប្រឹងប្រែង បំពេញ ការងារ នឹងសកម្មភាព ដែលរាជរដ្ឋាភិបាលបានដាក់ទិស រួមនឹងស្វែងយល់បទពិសោធន៍ការងារ ក្នុងឆ្នាំកន្លងមក ទទួលបានលទ្ធផលគួរចាប់អារម្មណ៍ និងមានប្រសិទ្ធភាពសំដៅលើកកម្ពស់ ការអនុវត្ដច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា និងបទបញ្ជាផ្សេងៗ។

លោកជំទាវ ម៉ែន សំអន បានបន្ដថា ៖ សម្រាប់អនុវត្ដការងារឆ្នាំ២០១៣នេះ ក្រសួង និងមានផែនការអនុវត្ដន៍ច្បាប់ ដើម្បីជំរុញឲ្យបណ្ដាអង្គភាព ស្ថាប័ននានា របស់រាជរដ្ឋាភិបាល ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវអនុវត្ដបេសកកម្ម តួនាទីភារកិច្ចឲ្យសមស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តិ រួមទាំងបទបញ្ជានានា របស់រាជរដ្ឋាភិបាល។ លោកជំទាវក៏សង្កត់ធ្ងន់ថា៖ រាល់មន្ត្រីអធិការកិច្ច ក្នុងពេលបំពេញបេសកកម្មចុះធ្វើអធិការកិច្ច ត្រូវគោរព្ធឲ្យបានខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់ នូវក្រមសីលធម៌មន្ដ្រីរាជការ អធិការកិច្ចដែលបានដាក់ចេញរួចហើយ។ ការងារមួយទៀតគឺដែលយើងត្រូវបន្តគឺ ការងារទទួលខុសត្រូវ និងដោះស្រាយពាក្យបណ្ដឹង ត្រូវយកចិត្ដទុកដាក់ចុះអង្កេតស្រាវជ្រាវពាក្យ បណ្ដឹង ដើម្បីក្ដាប់ឲ្យបានព័ត៌មានច្បាស់លាស់ គ្រប់ជ្រុងជ្រោយឲ្យមានតុល្យភាព តាមអង្គហេតុ និងអង្គច្បាប់។ រាល់ពាក្យបណ្ដឹង ដែលបញ្ជូនទៅ សមត្ថកិច្ចពាក់ព័ន្ធពិនិត្យដោះស្រាយ ត្រូវតាមដានស៊ើបអង្កេតព័ត៌មាន អំពីវឌ្ឍនភាព នៃការដោះស្រាយឲ្យបានច្បាស់លាស់ និងទាន់ពេលវេលា រួចបញ្ជូនព័ត៌មានទៅដើមបណ្ដឹងវិញ។ ទង្វើនេះបង្ហាញពីការទទួលខុសត្រូវ របស់ស្ថាប័នរដ្ឋ ដែលជាអ្នកផ្ដល់សេវាជួន ចំពោះប្រជាពលរដ្ឋ ដែលជាអ្នកទទួលសេវា។ កត្តាមួយទៀត ត្រូវខិតខំបញ្ចប់សេចក្ដីព្រាងច្បាប់ស្ដីពីអធិការកិច្ច និងក្រមខណ្ឌគោលនយោបាយស្ដីពីសិទ្ធទទួលព័ត៌មាន ហើយបន្តបណ្ដុះបណ្ដាលជំនាញរួមទាំងការបញ្ជ្រាបយេនឌ័រ ឲ្យមានវគ្គបណ្ដុះបណ្ដាលជំនាញឲ្យបានច្រើនដូចជាជំនាញ អធិការកិច្ច និងជំនាញផ្សេងៗទៀតដែលជាតម្រូវការចាំបាច់របស់ក្រសួង៕