លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ទទួល​​ជួប​​ពិភាក្សា​​ការងារ​​ជាមួយ​​ប្រតិភូ​​អធិការកិច្ច​​ រ​ដ្ឋាភិបាល​ នៃ​​សាធារណរដ្ឋ​​សង្គម​និយម​​​វៀតណាម

នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៣ នៅទីស្ដីការក្រសួង លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអនុញ្ញាតឲ្យប្រតិភូអគ្គអធិការកិច្ចរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាមចូលជួបពិភាក្សាការងារ និងផ្លាស់ប្ដូរបទពិសោធន៍។

 

ក្នុងជំនួបពិភាក្សានាឱកាសនោះលោកជំទាវ ម៉ែន សំអន បានថ្លែងនូវការអរគុណចំពោះលោកង្វៀង ជានប៊ិញ អគ្គនាយករងអធិការកិច្ចរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានដឹកនាំប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការចំនួន៤ថ្ងៃនៅព្រះរាជាណាចក្រកម្ពុជា ហើយលោកជំទាវក៏ផ្តាំសួរសុខទុក្ខដល់ឯកឧត្តម ង្វៀន តាន់យ៉ុង នាយករដ្ឋមន្ត្រី រួមនឹងថ្នាក់ដឹកនាំបក្ស និងរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមផងដែរ។

លោកជំទាវ ឧបនាយករដ្ឋមន្ត្រី បានថ្លែងនូវការអរគុណនិងកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការល្អ ប្រកបដោយផ្លែផ្ការវាង អធិការកិច្ចរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា អធិការកិច្ចកម្ពុជា នាពេលកន្លងមក ក៏ដូចពេលអនាគត។ លោកជំទាវ ក៏បាន បញ្ជាក់ ពី សភាពការណ៍ រួម នៅ កម្ពុជា ដែល កម្ពុជាទើបតែបញ្ចប់នូវការបោះឆ្នោតនីតិកាលទី៥ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣កន្លងមកនេះ ស្របតាមច្បាប់រដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា ហើយជាលទ្ធផលគណបក្សប្រជាជនកម្ពុជាបានទទួលជ័យជំនះឈ្នះដាច់លើ គណបក្សនានាដោយទទួលបាន៦៨អាសនៈ។ ជាមួយនឹងជ័យជំនះនេះដែរ ព្រះមហាក្សត្របានតែងតាំងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៥នៃរដ្ឋសភា។

ទន្ទឹមនឹងសភាពការណ៍បោះឆ្នោតទើបតែបានបញ្ចប់នោះកម្ពុជាបានទទួលរងនូវ គ្រោះធម្មជាតិទឹកជំនន់ចំនួន១៨ខេត្ត បណ្ដាលឲ្យបាត់បង់អាយុជីវិតប្រជាពលរដ្ឋជាង១០០នាក់ និងបង្កឲ្យប៉ះពាល់ផលដំណាំ និងហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរផងដែរ។ លោកជំទាវ ក៏បានបញ្ជាក់ពីតួនាទីភារកិច្ចដ៏ចម្បងរបស់ក្រសួងទំនាក់ជាមួយរដ្ឋសភា- ព្រឹទ្ធសភា និងអធិការកិច្ច ថាថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទបានដឹកនាំគ្រប់គ្រងរាល់កិច្ចការសម្របសម្រួល ធ្វើទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងធ្វើអធិការកិច្ចលើគ្រប់វិស័យនៅក្នុងព្រះរាជាណាចក្រកម្ពុជាសំដៅ ប្រឆាំងអំពើពុករលួយ ការរំលោភដោយអំណាច និងបាតុភាពអសកម្មនានា។

លទ្ធផលការងារដែលក្រសួងសម្រេចបានមានការងារទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា គឺមានការកសាងសេចក្ដីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា ធ្វើការផ្សព្វផ្សាយច្បាប់ទៅតាមបណ្ដាខេត្ត រាជធានីក្រុងស្រុកខណ្ឌ និងបណ្ដាច្បាប់ជាច្រើនដូចជា ច្បាប់ជលផល ច្បាប់កិច្ចការពារបរិស្ថាន និងគ្រប់គ្រងធនធានធម្មជាតិ ច្បាប់ភូមិបាល ច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងការពារជនរងគ្រោះ ច្បាប់បង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ ច្បាប់គ្រប់គ្រងឱសថ អនុក្រឹត្យស្ដីពីការគ្រប់គ្រងដីរដ្ឋ។ ទិសដៅបន្តគឺត្រៀមធ្វើការផ្សព្វផ្សាយច្បាប់ឲ្យកាន់តែទូលំទូលាយទៀត។ ជាមួយគ្នានេះដែរលោកជំទាវឧបនាយករដ្ឋមន្ត្រីបានស្វាគមន៍ចំពោះការចុះអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីការអនុវត្តកិច្ចព្រមព្រៀងរវាង ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា- ព្រឹទ្ធសភា និងអធិការកិច្ចនៃព្រះរាជាណាចក្រកម្ពុជា និងអធិការកិច្ចរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមវៀតណាម។

ជាមួយគ្នានេះដែរប្រតិភូអធិការកិច្ចវៀតណាមដឹកនាំដោយលោក ង្វៀង ជានប៊ិញ បានមានប្រសាសន៍ថ្លែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី តែងតែសហប្រតិបត្តិការលើគ្រប់វិស័យជាមួយប្រទេសវៀតណាម និងជាប្រទេសដែលមានភូមិផងរបងជាប់ជាមួយគ្នា ពិសេសគឺមានចំណងសាមគ្គីភាពយ៉ាងល្អប្រសើរជាមួយគ្នាទៀតផង។ គណៈប្រតិភូបានសំដែងនូវការអរគុណដល់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែជួបពិភាក្សាផ្លាស់ប្ដូរបទពិសោធន៍ការងារអធិការកិច្ចជាមួយគ្នា ទទួលបានលទ្ធផលល្អប្រសើរនាពេលកន្លងទៅ ក៏ដូចពេលអនាគត ហើយគណៈប្រតិភូវៀតណាមក៏បានរីករាយស្វាគមន៍ចំពោះការចុះអនុស្សរណៈនៃ ការយោគយល់គ្នាស្ដីពីការអនុវត្តកិច្ចព្រមព្រៀងរវាងអធិការកិច្ច រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមជាមួយនឹងក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៃព្រះរាជាណាចក្រកម្ពុជាផងដែរ ហើយអធិការកិច្ចទាំង២នឹងបន្តការងារដ៏ល្អប្រសើរជាមួយគ្នា និងដកស្រង់យកបទពិសោធន៍ជាមួយគ្នាឲ្យកាន់តែល្អប្រសើរបន្ថែមទៀត៕