លោក​ជំទាវ​ម៉ែន ​សំអន​ អញ្ជើញ​សម្ពោធ​សាលាបឋមសិក្សា​មិត្ត ​ខ្មែរ​-វៀតណាម

សមិទ្ធផលនានារួមមានប្រព័ន្ធទឹកស្អាតបរិវេណ និងសាលារៀនមួយខ្នង៤បន្ទប់ទើបតែកសាងរួចថ្មីសន្លាងនៅភូមិព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀងត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពលោកជំទាវម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ចកាលពីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៤។

លោកជំទាវឧបនាយករដ្ឋមន្ត្រីប្រចាំការបានមានប្រសាសន៍អបអរសាទរ និងអរគុណចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់មន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាលសប្បុរសជនជិតឆ្ងាយពិសេសមិត្តវៀតណាមខេត្តឡុងអាន ខេត្តតៃនិញ ខេត្តដុងថាប់និងក្រុងហូជីមិញព្រមទាំងប្រជាពលរដ្ឋលោកគ្រូអ្នកគ្រូព្រះសង្ឃនៅខេត្តស្វាយរៀងដែលបានសហការចូលរួមក្នុងពិធីសម្ពោធសមិទ្ធផលនានា ដែលកំពុងត្រូវបានប្រារព្ធនេះ។ លោកជំទាវក៏បានពាំនាំការនឹករលឹកសាកសួរសុខទុក្ខពីសំណាក់សម្តេចទាំង៣ប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជាចំពោះបងប្អូនមិត្តវៀតណាម និងប្រជាពលរដ្ឋព្រះសង្ឃ និងវត្តមានភ្ញៀវដែលបានចូលរួមក្នុងពិធីទាំងមូលក្នុងកិច្ចអភិវឌ្ឍនៅមូលដ្ឋានភូមិឃុំ។ លោកជំទាវមែន សំអន ឧបនាយករដ្ឋមន្ត្រីជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ចបានថ្លែងថា កត្តាសន្តិភាពជាកត្តាសំខាន់ណាស់នាំមកនូវស្ថិរភាពនយោបាយ និងការអភិវឌ្ឍន៍ពិតៗជូនប្រជាពលរដ្ឋ និងប្រទេសជាតិក្រោយពីផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពតរួចមក។ លោកជំទាវឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សមិទ្ធផលនានាជាច្រើនដូចសព្វថ្ងៃនេះ កើតឡើងដោយគុណបុណ្យថ្ងៃរំដោះ៧មករាពិសេសក្រោមការដឹកនាំរបស់សម្តេចទាំង៣ជាប្រមុខដឹកនាំគណបក្សប្រជាជនបន្ទាប់ពីផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត៣ឆ្នាំ៨ខែ២០ថ្ងៃរួចមក។ ថ្ងៃ៧មករានេះហើយជាថ្ងៃកំណើតទី២របស់យើងទាំងអស់គ្នាជាថ្ងៃដែលយើងរស់ឡើងវិញប្រទេសកម្ពុជាទាំងមូលរួចផុតពីសង្គ្រាមរ៉ាំរ៉ៃ។ លោកជំទាវបានសម្តែងនូវការអរគុណចំពោះបងប្អូនប្រជាពលរដ្ឋដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាសំខាន់ជូនសម្ដេចតេជោ ហ៊ុន សែនជានាយករដ្ឋមន្ត្រីនាអាណត្តិទី៥និងអាណត្តិក្រោយៗបន្តទៀត។ ជាមួយគ្នានេះដែរលោកជំទាវឧបនាយករដ្ឋមន្ត្រីបានថ្លែងនូវការអរគុណចំពោះមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ទូទាំងខេត្តព្រមទាំងមន្ត្រីជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាល និងខាងមិត្តវៀតណាមនិងព្រះសង្ឃសប្បុរសជនជិតឆ្ងាយដែលរួមសហការគ្នាកសាងនូវសមិទ្ធផលដែលកំពុងត្រូវបានសម្ពោធនាឱកាសនេះ។ លោកជំទាវម៉ែនសំអនបានឧទ្ទិសកុសលនិងបួងសួងសូមឲ្យទេវតាឆ្នាំថ្មី និងវត្ថុសក្ដិសិទ្ធិក្នុងលោកតាមជួយថែរក្សាប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសជួបតែសុខសន្តិភាព និងអភិវឌ្ឍន៍ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចទាំង៣ពិសេសសម្តេចអគ្គមហាសេនាបតីតោជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជានិច្ចនិរន្ត និងអរគុណមិត្តវៀតណាមដែលបានជួយសមិទ្ធផលជាហូរហែ ដល់កម្ពុជាផងដែរ៕