លោកជំទាវឧបនាយក​រដ្ឋមន្ត្រី​ ម៉ែន សំអន បាន​ផ្តួច​ផ្តើម​ប្រារព្ធ​ពិធី​បុណ្យ​ឆ្លង​ប្រាសាទ​ត្រពាំង​មហានគរ​ និង​រាប់បាត្រ​ព្រះសង្ឃ​ជាង ១០០​អង្គ នៅ​ភូមិ​ថ្នល់ដាច់ ឃុំពពេល ស្រុក​សូទ្រនិគម

លោកជំទាវ ម៉ែនសំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានផ្ដួចផ្ដើមប្រារព្ធពិធីបុណ្យឆ្លងប្រាសាទត្រពាំងមហានគរ ស្ថិតនៅភូមិថ្នល់ដាច់ ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប នៅថ្ងៃទី១៣កើត ខែវិសាខ ឆស័ក  ពស ២៥៥៨ ត្រូវនឹងថ្ងៃអាទិត្យទី១១ ខែឧសភា ឆ្នាំ២០១៤។

លុះព្រឹកឡើងនៅថ្ងៃទី១២ ឧសភា លោកជំទាវឧបនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួង ព្រមទាំងសប្បុរសជនជិតឆ្ងាយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅខេត្តសៀមរាប បានអញ្ជើញចូលរួមក្នុងកម្មវិធីបុណ្យឆ្លងប្រាសាទ និងបន្តរាប់បាត្រព្រះសង្ឃចំនួន ១០៩អង្គ។ នៅក្នុងពិធីបុណ្យឆ្លងនោះ ក៏មានវត្តមានអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលដឹកនាំដោយឯកឧត្តម ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ចូលរួមជាកិត្តិយសផងដែរ។

លោកជំទាវឧបនាយរដ្ឋមន្ត្រី ម៉ែន សំអន បានមានប្រសាសន៍ឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជនមាតាបិតា ញាតិដិកាលទាំង៧សន្តាន ពិសេស យុទ្ធជន យុទ្ធនារី ដែលបានពាក់លីជីវិតក្នុងបុព្វហេតុការពារទឹកដីសុវណ្ណភូមិ កាលពីជំនាន់មុនៗក៏ដូច កងទ័ពការពារព្រំដែនដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ក្នុងកាតព្វកិច្ចការពារព្រំដែន ខ្សែក្រវាត់ប្រទេសកម្ពុជា។ លោកជំទាវ បានមានប្រសាសន៍បន្តថា យើងមានថ្ងៃនេះដោយសារគុណដ៏ធំធេង របស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចទាំង៣ ជាប្រមុខដឹកនាំ ក្នុងកាតព្វកិច្ចរំដោះជាតិមាតុភូមិឲ្យរួចផុតពីនឹមប្រល័យពូជសាសន៍ ប៉ុល ពត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ដែលប្រជាជនគ្រប់រូប មិនអាចបំភ្លេចបានឡើយ។ គុណថ្ងៃ៧មករា ត្រូវបានប្រជាពលរដ្ឋកម្ពុជាគ្រប់ៗរូប ចាត់ទុកជាថ្ងៃកំណើតទី២ ដែលបានរស់រានមានជីវិតនិងមានអ្វីៗគ្រប់បែបយ៉ាងមកដល់បច្ចុប្បន្ននេះ ពិសេសក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលអនុវត្តនូវគោលនយោបាយឈ្នះៗ ធ្វើឲ្យប្រទេសកម្ពុជាទាំងមូល ពោពេញដោយសុខសន្តិភាព និងការអភិវឌ្ឍន៍គ្រប់ទីតំបន់ និងបានធ្វើឲ្យពុទ្ធចក្រ និងអាណាចក្រ រីកចម្រើនលើគ្រប់វិស័យ។

លោកជំទាវឧបនាយរដ្ឋមន្ត្រី បានថ្លែងនូវការអរគុណចំពោះ លោកជំទាវ អ៊ឹង ស៊ីស្រ៊ុន លោកជំទាវ ហ៊ុន ស៊ីណាត លោកជំទាវ ស៊ុយ សុផាន និងសប្បុរសជន មន្ត្រីរាជការពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែកក្នុងការផ្តើមបុណ្យឆ្លងប្រាសាទខាងលើនេះនៅលើទីទួលបុរាណចាស់មួយកន្លែងដែលប្រជាពលរដ្ឋតែងតែគោរពបូជា និងមានជំនឿជាយូរយាណាស់មកហើយ។

នៅក្នុងឱកាសនោះដែរ លោកជំទាវ ក៏បានឧទ្ទិសកុសលជូនដល់ប្រមុខដឹកនាំរបស់គណបក្សប្រជាជនដែលមានសម្តេចទាំង៣ ជាប្រមុខ ពិសេសសម្តេចតេជោ ហ៊ុន សែន និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងអ្នកផ្តើមបុណ្យទាំងអស់ ជួបតែសេចក្តីសុខសន្តិភាព និងបួងសួងទេវតាឆ្នាំថ្មី តាមថែរក្សាប្រជាពលរដ្ឋទូទាំងប្រទេសជួបតែសុខសន្តិភាព ជានិច្ចនិរន្ត។

លោកជំទាវឧបនាយករដ្ឋមន្ត្រីក៏បានចែកជាអំណោយបុណ្យដល់លោកយាយ លោកតា ប្រជាពលរដ្ឋ និងកងកម្លាំងការពារ និងវេប្រគេនប្រច័្ចយគ្រឿងសាដក ដល់ព្រះសង្ឃទាំងអស់ ១០៩ អង្គ តាមរយៈការប្រារព្ធពិធីរាប់បាត្រតាមទំនៀមទម្លាប់ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ៕