លោកជំទាវឧបនាយក​រដ្ឋមន្ត្រី​ ម៉ែន សំអន អញ្ជើញជាអធិបតីចូលរួមក្នុងពិធីបុណ្យវិសាខបូជា នៅភ្នំ​ព្រះរាជ្យទ្រព្យ

លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីចូលរួមក្នុងពិធីរាប់បាត្រ ព្រះសង្ឃ ក្នុងឱកាសបុណ្យ វិសាខបូជា នៅភ្នំព្រះរាជទ្រព្យ ស្ថិតក្នុងស្រុកពញាឮ ខេត្តកណ្តាល ដែលមានព្រះសង្ឃ ៣០០អង្គ និងតាជី យាយជី ប្រជាពលរដ្ឋ ចូលរួមប្រមាណជាង ១០០០នាក់ នាព្រឹក ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៤នេះ។

អញ្ជើញចូលរួមក្នុងឱកាសនេះ ក៏មានវត្តមានឯកអគ្គរាជទូតព្រះរាជាណាចក្រថៃ ប្រចាំកម្ពុជា តំណាងស្ថានទូតឡាវ តំណាងស្ថានទូតឥណ្ឌា តំណាងស្ថានទូតមីយ៉ាន់ម៉ា ព្រមទាំងសមាជិក សមាជិកកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងមន្ត្រីរាជការតាមក្រសួង ស្ថាប័ននានា យ៉ាងច្រើនកុះករ។

បន្ទាប់ពី ពិធីនានាខាងសាសនា ដូចជាការប្រកាសបួងសួង នមស្ការព្រះរតនត្រ័យ និងសមាទានសីល ប្រកាសមាឃបូជា វេរភត្តប្រគេនព្រះសង្ឃ ព្រះសង្ឃភត្តានុមោទនា និងអាចារ្យឧទ្ទិស កុសល រួចមក ក៏មានពិធីរាប់បាត្រប្រគេនព្រះសង្ឃចំនួន ៣០០ អង្គផងដែរ។

ពិធីបុណ្យវិសាខបូជា ជាថ្ងៃមហាមង្គល និងជាថ្ងៃដែលរំលឹកដល់ព្រះពុទ្ធ  ទ្រង់ប្រសូត ទ្រង់ត្រាស់ដឹងជាព្រះពុទ្ធ ទ្រង់ចូលព្រះបរិនិព្វាន នៅ ថ្ងៃ១៥កើត ខែវិសាខ (ពិសាខ) ។ពិធីបុណ្យវិសាខបូជា គឺជាបុណ្យមួយយ៉ាងធំ ក្នុងព្រះពុទ្ធសាសនា រាប់ថា ជាពុទ្ធានុស្សរណកិច្ច ដ៏សំខាន់ សំរាប់រំលឹកដល់ព្រះពុទ្ធ សមណគោត្តមបរមគ្រូ នាថ្ងៃពេញបូណ៌មី (គឺថ្ងៃ១៥កើត)ខែពិសាខ ដែលពុទ្ធសាសនិកទាំងព្រះសង្ឃ ទាំងគ្រហស្ថ តែងធ្វើសក្ការបូជាប្រកបដោយជំនឿថា ជាមហាកុសលដ៏ប្រសើរ។ តាមការស្រាវជ្រាវឃើញថា បុណ្យវិសាខបូជាត្រូវបានអង្គការសហប្រជាជាតិទទួល ស្គាល់ចំពោះបណ្ដាប្រទេសកាន់ ព្រះពុទ្ធសាសនាលើសាកលលោក ក្នុងនោះមានប្រទេសកម្ពុជាផងដែរ តាំងពីឆ្នាំ២០០០មកម្ល៉េះ។

ជាការកត់សំគាល់ ការដែលប្រារព្ធពិធីបូជា នាថ្ងៃ១៥កើត ខែពិសាខនេះ អាស្រ័យដោយលោកអ្នកប្រាជ្ញខាងពុទ្ធសាសនាបានកំណត់ទុកក្នុងគម្ពីរ បឋមសម្ពោធិថា ជាមហាមង្គល ត្រូវនឹងថ្ងៃដែលព្រះសម្ពុទ្ធបរមគ្រូ: ទ្រង់ប្រសូតចាកឧទរមាតា ទ្រង់ត្រាស់ដឹងអនុត្តរសម្មាសម្ពោធិញ្ញាណ ទ្រង់រំលត់ខន្ធចូលកាន់ព្រះបរមនិព្វាន សម្ដេចព្រះបរមសាស្ត្រាចារ្យរបស់យើងទ្រង់ប្រសូត ត្រាស់ដឹង និងបរិនិព្វានសុទ្ធតែក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ ទាំងអស់ ប្លែកតែឆ្នាំប៉ុណ្ណោះ។