លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បាន​ដឹកនាំ​ប្រតិភូ​ក្រសួង​ ចូល​ជួប​សំដែង​ការ​គួរសម​ សម្តេច​អគ្គ​មហា​ពញា​ចក្រី​កិត្តិព្រឹទ្ធបណ្ឌិត​ ហេង សំរិន នៅ​វិមាន​រដ្ឋសភា​ជាតិ

នាព្រឹកថ្ងៃ ព្រហស្បតិ៍ ទី២២ ខែឧសភា ឆ្នាំ២០១៤ នៅវិមានរដ្ឋសភាជាតិ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំប្រតិភូក្រសួង ចូលជួបសំដែងការគួរសម សម្តេចអគ្គមហាពញាចក្រីកិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន ប្រធានរដ្ឋសភា ក្នុងឱកាសគម្រប់ជន្មាយុ ៨០ ឈានចូល ៨១ឆ្នាំ របស់សម្តេច នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៤ ខាងមុខនេះ។

ឆ្លៀតក្នុងឱកាសនេះ លោកជំទាវឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវក្តីគោរពកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ សម្តេចអគ្គមហាពញាចក្រីកិត្តិព្រឹទ្ធបណ្ឌិត ក្នុងនាមសម្តេច ជាប្រធានរដ្ឋសភា នីតិកាលទី៥ ដែលបាន និងបន្តរួមចំណែកក្នុងការជំរុញការអភិវឌ្ឍន៍ប្រទេសជាតិ ក៏ដូចជាការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា។

ជាថ្មីម្តងទៀតក្នុងឱកាសដ៏មហាមង្គលវិសេសវិសាលគម្រប់ជន្មាយុ ៨០ ឈានចូល ៨១ឆ្នាំ របស់សម្តេច ដែលខិតជិតចូលមកដល់ លោកជំទាវឧបនាយករដ្ឋមន្ត្រី សូមប្រសិទ្ធពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូន សម្តេចអគ្គមហាពញាចក្រីកត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន ប្រធានរដ្ឋសភា និងសូមគុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក តាមជួយគាំពារថែរក្សា សម្តេច បានប្រកបដោយកម្លាំងមាំមួនក្លៀវក្លា បញ្ញាញាណវាងវៃ សុខភាពល្អបរិបូរណ៍ ដើម្បីដឹកនាំស្ថាប័នរដ្ឋសភា ឱ្យកាន់តែរីកចម្រើនថ្កុំថ្កើនរុងរឿងជាបន្តទៀត៕