ពិព័រណ៍ពាណិជ្ជកម្ម គ្រឿង អលង្ការ និងត្បូងថ្មលើកទី៦ ជាព្រឹត្តិការណ៍ប្រចំាឆ្នាំ អន្តរជាតិ សំខាន់បំផុត នៅកម្ពុជា

នេះជាលើកទី៦ហើយ ដែលក្រសួងពាណិជ្ជកម្ម បានរៀបចំពិព័រណ៍ពាណិជ្ជកម្ម គ្រឿងអលង្ការ និងត្បូងថ្ម មានតម្លៃកម្ពុជា នៅមជ្ឈមណ្ឌលពិព័រណ៍ កោះពេជ្រ ចាប់ពីថ្ងៃ ទី១២ ដល់១៥ ខែមិថុនា ឆ្នាំ ២០១៤ នេះតទៅ។

លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែង នៅក្នុងពិធីនោះថា ពិព័រណ៍គ្រឿងអលង្ការ និងត្បូងថ្ម មានតម្លៃ គឺជាប្រធានបទ ដ៏សំខាន់មួយ ដែលក្រសួង ពាណិជ្ជកម្ម ត្រូវយកចិត្តទុកដាក់ ជាពិសេស រាជរដ្ឋាភិបាលកម្ពុជា ខិតខំជំរុញ ឲ្យព្រឹត្តិការណ៍ប្រចំាឆ្នាំ អន្តរជាតិ ដ៏សំខាន់បំផុត នៅកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ហើយក៏ជាលើកទី៦ដែរ ព្រឹតិ្តការណ៍ បានចាប់ផ្តើម នៅឆ្នាំនេះ។

រយៈពេល៥លើកកន្លងទៅនេះ ពិព័រណ៍គ្រឿងអលង្ការ និងត្បូងថ្ម មានតម្លៃកម្ពុជា បានរីកចម្រើន ទាំងបរិមាណ និងគុណប្រយោជន៍ នឹងបានទាក់ទាញ បណ្តាញពាណិជ្ជករ អ្នកទិញ និងអ្នកផលិត ជាច្រើនមកពីជុំវិញពិភពលោក ជាពិសេសមកពីក្នុងតំបន់។ ជោគជ័យរបស់ព្រឹត្តិការណ៍ ប្រចាំឆ្នាំ ដែលមានការគំាទ្រយ៉ាងខ្លាំង ពីរដ្ឋាភិបាល គឺពិតជាមិនអាចកាត់ផ្តាច់ ចេញពីគោលការណែនំា ស្តីពីការអភិវឌ្ឍន៍ ទីផ្សារយុទ្ធសាស្រ្ត របស់រដ្ឋាភិបាល កម្ពុជាបានឡើយ។

លោកជំទាវ ម៉ែន សំអន បានបន្តថា គ្រឿងអលង្ការ និងត្បូងថ្ម មានតម្លៃកម្ពុជា ជានិច្ចកាល គឺជាវេទិកាដ៏សំខាន់ បំផុតមួយ នៅក្នុងប្រទេសសម្រាប់ ក្នុងតំបន់ និងពិភពលោក។ កម្ពុជាគ្រោងនឹងធ្វើជាអ្នកផ្គត់ផ្គង់ ទីផ្សារឈានមុខគេ ខាងគ្រឿងអលង្ការ និងត្បូងថ្ម មានតម្លៃ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយបង្ហាញនូវ ប្រភពសក្តានុពល ត្បូងថ្ម មានតម្លៃ នៅក្នុងប្រទេស។ ទន្ទឹងនឹងនេះ ការខិតខំប្រឹងប្រែង ឥតឈប់ឈររបស់ក្រសួងពាណិជ្ជកម្ម ក្នុងការត្រួតពិនិត្យ និងកសាងយុទ្ធសាស្ត្រ រយៈពេលវែងសម្រាប់ការ អភិវឌ្ឍន៍ផ្នែកនេះ។

លោកជំទាវ បានថ្លែងបន្ថែមទៀតថា គំនិតផ្តួចផ្តើមដ៏សំខាន់របស់រដ្ឋាភិបាលកម្ពុជា ដើម្បីទទួលបាន នូវអត្តប្រយោជន៍ ដ៏សំខាន់ ក្នុងការទទួលបាន នូវការទុកចិត្តផ្នែកច្បាប់ ក្នុងឧស្សាហ៍កម្មនេះ និងអាចទាក់ទាញនូវ បណ្តាអ្នក វិនិយោគិន សំខាន់ៗ ដើម្បីបង្កើតរោងចក្រ ច្នៃត្បូងពេជ្រ នៅកម្ពុជា និងការចូលជាសមាជិក របស់អង្គការ Kimberley Process។ រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងពាណិជ្ជកម្ម បានខិតខំប្រឹងប្រែង ដោយឥតខ្លាចនឿយហត់ រហូតដល់ ទីបំផុត បំពេញនូវរាល់លក្ខណៈ វិនិច្ឆ័យ ដែលចំាបាច់ និងត្រូវបានទទួលស្គាល់ ជាផ្លូវការថា ជាសមាជិកអង្គការ អន្តរជាតិ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០១២ នៅទីក្រុង វ៉ាស៊ីនតោន សហរដ្ឋអាមេរិក ។

ពិព័រណ៍គ្រឿងអលង្ការ និងត្បូងថ្ម មានតម្លៃកម្ពុជាលើកទី៦ ឆ្នាំនេះ ត្រូវបានគេសង្កេតឃើញថា មានការចូលរួម ដោយអ្នកតាំងពិព៍រណ៍ បរទេស ដែលបានអញ្ជើញមកទីក្រុង ហុងកុង -ចិន អ៊ីតាលី សឹង្ហបុរី ជប៉ុន ថៃ វៀតណាម ព្រមទាំងអ្នកគំាទ្រ ដ៏សកម្មពីបណ្តា អ្នកជំនួញក្នុងស្រុក ដែលនឹងធ្វើការដាក់តំាងបង្ហាញ ផលិតផលគ្រឿងអលង្ការ និងត្បូងមានតម្លៃនៅកម្ពុជា រួមទាំងគ្រឿងបរិក្ខា និងសេវាឧស្សាហកម្ម ប្រកបដោយគុណភាពខ្ពស់ ក្នុងន័យជំរុញ រាល់ពាណិជ្ជករ គ្រឿងអលង្ការ ក្នុងស្រុកទាំងអស់ បានទាញយកប្រយោជន៍ ពីការតំាងពិព័រណ៍ រយៈពេល៤ថ្ងៃ ដើម្បីស្វែងយល់ពីបទពិសោធន៍ ថែមទៀត ពីអ្នកតំាងពិព័រណ៍បរទេស៕