លោក​ជំទាវ​ម៉ែន សំអន ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​មន្ទីរពេទ្យ​បង្អែក​រមាសហែក​ជា​អំណោយ​របស់​អង្គការ​អន្តរជាតិ​អាល្លឺម៉ង់

លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យ ប្រើប្រាស់អគារមន្ទីរពេទ្យបង្អែករមាសហែកផ្នែកសម្ភព១ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់អង្គការភូមិសន្តិភាពអន្តរជាតិអាល្លឺម៉ង់ សម្រាប់បម្រើវិស័យសុខាភិបាលជូនប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយភាពក្រីក្រ ដោយបាន ចំណាយថវិកាអស់ប្រមាណជាង១០ម៉ឺនដុល្លារអាមេរិកកាលពីរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ ស្ថិតនៅឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។

លោក កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានបញ្ជាក់ថា ដោយមើលឃើញពី សភាពលំបាករបស់មណ្ឌលសុខភាពបង្អែករមាសហែកនេះ ទើបអង្គការភូមិសន្តិភាពអន្តរជាតិ អាល្លឺម៉ង់ សម្រេចផ្ដល់ជាអំណោយអាគារថ្មី ធ្វើអំពីថ្មប្រក់ក្បឿងឡើងវិញ ដោយបានចំណាយថវិកាអស់ប្រមាណជាង១០ម៉ឺនដុល្លារអាមេរិក បំពាក់សម្ភារៈបរិក្ខារពេទ្យ ដើម្បីផ្ដល់ភាពងាយស្រួលគ្រូពេទ្យ មានកន្លែងធ្វើការសមរម្យ មានគ្រឿងសម្ភារៈ បរិក្ខារគ្រប់គ្រាន់ បានផ្ដល់សេវាជូនបងប្អូនប្រជាពលរដ្ឋនៅទីនេះបានងាយស្រួល និងដើម្បីចូលរួម ជាមួយរាជរដ្ឋាភិបាល កាត់បន្ថយភាពក្រីក្រ។

លោកជំទាវ ម៉ែន សំអន បានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាល គ្រប់នីតិកាល នៃរដ្ឋសភា តែងចាត់ទុកវិស័យ សុខាភិបាល ជាវិស័យអាទិភាពមួយ ក្នុងបណ្ដា វិស័យអាទិភាពដទៃទៀត ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ដោយបានដាក់បញ្ចូលទៅក្នុង កម្មវិធីនយោបាយយុទ្ធសាស្ត្រត្រីកោណ ចតុកោណដំណាក់កាល ទី១ ទី២ និងទី៣ ជាពិសេស ផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៤ ដល់២០១៨។ រាជរដ្ឋាភិបាល បានបង្កើតសេវាសុខភាពបឋម សុខភាព បន្តពូជអាហារូបត្ថម្ភ ការទប់ស្កាត់ជំងឺគ្រុនចាញ់ និងការទប់ស្កាត់ការរីករាលដាល នៃជំងឺអេដស៍។ អនុវត្តតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប្រកបដោយគតិបណ្ឌិត ដែលកំពុងដើរលើមាគ៌ាដ៏ត្រឹមត្រូវ តាមលំអានសម័យសង្គមរាស្ត្រ និយមរបស់ព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តមសីហនុ ដែលជាជានិច្ចកាលតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ គិតគូរពីសុខភាព របស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង និងគ្រប់កាលៈទេសៈ។

លោក ជំទាវ ម៉ែន សំអន ក៏បានអគុណដល់សប្បុរសជន អង្គការសន្តិភាពអន្តរជាតិអាល្លឺម៉ង់ ដែលបានយកចិត្តទុកដាក់ ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ផ្ដល់នូវអាគារមណ្ឌលសុខភាព ដល់មន្ទីរពេទ្យបង្អែករមាសហែក ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងជំរុញឲ្យមានមណ្ឌលសុខភាពសម្រាប់បម្រើ សេវាសុខភាពជូនបងប្អូនប្រជាពលរដ្ឋ នៅជិតផ្ទះរបស់បងប្អូន ក្នុងន័យកាត់បន្ថយភាពក្រីក្រ និងពន្លឿនភាពរីកចម្រើនក្នុងសង្គមជាតិ។

ក្នុង ឱកាសនោះដែរ លោកជំទាវ ម៉ែន សំអន ក៏បានចែកជូនអំណោយដល់អ្នកជំងឺចំនួន២០០នាក់ ដែលដេកនៅមន្ទីរពេទ្យ ដោយម្នាក់ៗថវិកា២ម៉ឺនរៀល ឃីតមួយកញ្ចប់ ជូនដល់កម្លាំងការពារម្នាក់ៗ២ថវិកាម៉ឺនរៀល និងប្រជាពលរដ្ឋចូលរួមជិត២ពាន់នាក់ ម្នាក់ៗប្រេងកូឡាមួយប្រអប់៕