លោកជំទាវ ​ម៉ែន សំអន ស្នើ​ឱ្យ​ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន​វៀត​ណាម ជួយ​បណ្ដុះ​បណ្ដាល​មន្រ្ដី​ទំនាក់​ទំនង​រដ្ឋ​សភា ព្រឹទ្ធ​សភា និង​អធិការ​កិច្ច

កាលពីរសៀលថ្ងៃទី២៧ វិច្ឆិកា ២០១៣ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូ ទីភ្នាក់ងារសារព័ត៌មានវៀតណាម( VNA) ដែលដឹកនំាដោយ ឯកឧត្តម ង្វៀន ឌឹកលឹ ( NGUYEN DUCLOI )ក្នុងគោលបំណងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្ដិការ ផ្លាស់ប្ដូរបទពិសោធន៍ ក្នុងក្របខណ្ឌនៃប្រទេសទំាងពីរ ក្នុងន័យរឹតចំណងមិត្ដភាពឱ្យកាន់តែរឹងមំាឡើងថែមទៀត ។

លោកជំទាវ ម៉ែន សំអន បានបញ្ជាក់ថា តាមរយៈកិច្ចសហប្រតិបត្ដិការដ៍ល្អនេះ អគ្គនាយកដ្នានទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា ក៍មានភារកិច្ចចម្បង ក្នុងការអប់រំផ្សព្វផ្សាយច្បាប់ដែលរដ្ឋសភាបានអនុមត័រួច ជូនដល់ប្រជាពលរដ្ឋបានយល់ដឹង ក្នុងក្របខណ្ឌទូទំាង ប្រទេសផងដែរ ។ ដូច្នេះ ក្នុងនាមរាជរដ្ឋាភិបាល និងក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា សូមស្នើឱ្យប្រធានគណៈប្រតិភូ ពិនិត្យលទ្ធភាពជួយផ្ដល់ការបណ្ដុះបណ្ដាលផ្នែកតែង និពន្ធសារព័ត៌មាន និងជំនាញផ្សព្វផ្សាយឱ្យដល់ មន្រ្ដីផ្សព្វផ្សាយច្បាប់របស់កម្ពុជា ទៅតាមលទ្ធភាពជាក់ស្ដែង ។

លោកជំទាវបានបន្ដថា កន្លងមកក្នុងកាលៈទេសៈដ៍លំបាកគឺក្រោយថ្ងៃរំដោះ ៧មករា ឆ្នំា១៩៧៩ទីភ្នាក់ងារសារពត៌មានវៀតណាម VNA ក៍បានឧបត្ថម្ភគំាទ្រយ៉ាងពេញទំហឹង ដល់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP លើផ្នែកនិពន្ធព័ត៌មានជាភាសាខ្មែរ ភាសាអង់គ្លេស និងផ្នែកថតរូប រួមទំាងការងារបច្ចេកទេសជាច្រើនទៀត និងជំនួយជាសម្ភារៈការិយាលយ័ សម្ភារៈបម្រើឱ្យការផ្សព្វផ្សាយ ម៉ាស៊ីនបោះពុម្ព ដើម្បីឱ្យអង្គភាពមួយនេះ មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការផ្សព្វផ្សាយព័ត៌មាន ឱ្យដល់មូលដ្ឋាននៅជនបទ ពិសេសប្រជាពលរដ្ឋ លោកបានជ្រាប បានដឹងពីហេតុកាណ៍ និងព្រឹត្តការណ៍សំខាន់ៗ ពីថ្នាក់លើដល់ថ្នាក់ក្រោមបានដឹងច្បាស់ពីគោលការណ៍ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្ដ និងអភិវឌ្ឍន៍ប្រទេសជាតិ ។ ព្រោះថា សារព័ត៌មាន ជាកញ្ចក់ឆ្លុះបញ្ចំាង នំាសារមួយដ៍សំខាន់ឱ្យប្រជាពលរដ្ឋទូទៅបានដឹង បានឮពីគោលបំណងរបស់ថ្នាក់ដឹកនំាកំពូល ក្នុងការអនុវត្ដការងារ ការទូត និងអនុវត្ដវិស័យនយោបាយ សេដ្ឋកិច្ច កសិកម្ម ពាណិជ្ជកម្ម ឧស្សាហកម្ម និងវប្បធម៌ ពីតំបន់មួយទៅតំបន់មួយ និងការងារជាច្រើនទៀត ។

ក្នុងជំនួបនោះដែរ  ប្រតិភូនៃប្រទេសទាំងពីរ បានលើកឡើងពីទំនាក់ទំនងល្អ លើគ្រប់វិស័យ និងសហប្រតិបត្តិការល្អបន្ថែមទៀត សំដៅជំរុញឲ្យប្រជាជនប្រទេសទាំងពីរ មានជីវភាពកាន់តែធូរធារ ពិសេសប្រែក្លាយព្រំដែននៃប្រទេសទាំងពីរ ឲ្យទៅជាតំបន់សេដ្ឋកិច្ច និងអភិវឌ្ឍន៍ពិតៗ ។ ឯកឧត្តម ង្វៀន ឌឹកលឹ ( NGUYEN DUCLOI ) អគ្គនាយកទីភ្នាក់ងារសារព័ត៌មានវៀតណាម VNA ក៍បានសាទរនៃការទំនាក់ទំនងការទូត លើវិស័យសារព័ត៌មាននេះ តំាងពីឆ្នំា១៩៧៩ មក ។

ឯកឧត្តមបន្ដថា កន្លងមក ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ក៍បានចុះកិច្ចព្រមព្រៀងជាមួយ VNA ចាប់តំាងពីឆ្នំា២០០០ ដើម្បីធ្វើកិច្ចសហប្រតិបត្ដិការ វិជ្ជាជីវៈ និងបានចុះកិច្ចព្រមព្រៀងម្ដងទៀត នៅឆ្នំា២០០៦ តាមរយៈកិច្ចព្រមព្រៀងនេះ នំាឱ្យមានការផ្លាស់ប្ដូរ ដំណើរទស្សនកិច្ចគ្នាទៅវិញទៅមក ជារៀងរាល់ឆ្នំា រហូតដល់សព្វថ្ងៃនេះផងដែរ ។

ប្រតិភូនៃប្រទេសទាំងពីរ ក៍បានសំដែងនូវទឹកចិត្តរួមគ្នា ក្នុងការទំនាក់ទំនង និងសហប្រតិបត្តិការលើគ្រប់វិស័យបន្តទៀត និងបង្កើនចំណងសាមគ្គីភាពយូរអង្វែង ព្រមទាំងបង្កលក្ខណៈងាយស្រួល លើកិច្ចការងារដែលទាក់ទងគ្នា និងចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមក ក្នុងនោះអំពីសកម្មភាព មិត្តភាពប្រជាជនវៀតណាម កម្ពុជា ផងដែរ សំដៅជំរុញសេដ្ឋកិច្ចនៃប្រទេសទាំងពីរ កាន់តែល្អប្រសើរ ៕