កិច្ចប្រជុំពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ការងារលើវិស័យអធិការកិច្ចរវាងស្ថាប័ន នៃ​ប្រទេស​កម្ពុជា​ ឡាវ​

នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៤ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអនុញ្ញាតឱ្យគណៈប្រតិភូឡាវ ដឹកនាំដោយ ឯកឧត្តម Khamsouk BOUNYAVONG អនុប្រធានអាជ្ញាធរប្រឆាំងអំពើពុករលួយ និងអធិការកិច្ចរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតឡាវ ចូលជួបពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ការងារនៅទីស្តីការក្រសួង ។

អញ្ជើញអមដំណើរគណៈប្រតិភូអាជ្ញាធរអធិការកិច្ចរដ្ឋ និងប្រឆាំងអំពើពុករលួយ នៃសាធារណរដ្ឋប្រជាមានិតឡាវ មានវត្តមាន ឯកឧត្តម ឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងសហការី ចូលរួមផងដែរ ។ ក្នុងពិធីជំនួបនាឱកាសនេះមានគោលបំណង ដើម្បីពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ការងារលើវិស័យអធិការកិច្ចរវាងស្ថាប័នទាំងពីរ និងស្នើសុំចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ផងដែរ ។