លោកជំទាវ ម៉ែន សំអន ជំរុញ​ឲ្យ​ក្រុមការងារ ​ចុះ​មូលដ្ឋាន​យកចិត្តទុកដាក់​ជាមួយ​ប្រជាពលរដ្ឋ​តាមរយៈធ្វើ​វេទិកា​សាធារណៈ

លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល ប្រធានក្រុមការងារគណៈកម្មាធិការកណ្ដាល ចុះជួយខេត្តស្វាយរៀង មានប្រសាសន៍ថា ដើម្បីពង្រឹងការងារឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត និងសម្រេចឲ្យបានជោគជ័យយើងត្រូវប្រឹងប្រែងរួមគ្នាបំពេញកិច្ច ការសំខាន់ៗមួយចំនួន ដូចខាងក្រោម ត្រូវពង្រឹងសមត្ថភាពរៀនសូត្រស្រាវជ្រាវឲ្យយល់ ច្បាស់ពីគោលនយោបាយ យុទ្ធសាស្ត្រអភិវឌ្ឍន៍ សភាពការណ៍សេដ្ឋកិច្ច នយោបាយនិងការរីកចម្រើននានារបស់រាជរដ្ឋាភិបាល ដើម្បីជាមូលដ្ឋានក្នុងការពន្យល់បកស្រាយចម្ងល់នានារបស់ប្រជាពលរដ្ឋ ។

ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង ក្នុងក្រុមការងារដោយធ្វើការនិងពិភាក្សាគ្នាជាសមូហភាពឬជាក្រុម ដើម្បីរួមគ្នាដោះស្រាយបញ្ហានិងសំណួរដែលប្រជាពលរដ្ឋលើកឡើង។ ត្រូវរក្សាខ្ជាប់នូវឧត្ដមគតិស្នេហាជាតិ និងស្រឡាញ់ប្រជាជនខិតខំធ្វើតែអំពើល្អ ហើយជៀសវាងដាច់ខាតរាល់ទង្វើមិនត្រឹមត្រូវដែលបំពានលើគោលការណ៍ គណបក្សនិងច្បាប់របស់រដ្ឋ ធ្វើឲ្យប៉ះពាល់ដល់សិទ្ធ និងផលប្រយោជន៍ប្រជាជន។

ត្រូវរួមគ្នាធានារក្សាស្ថិរភាពនយោបាយសន្តិសុខសណ្ដាប់ធ្នាប់សា ធារណៈជាមួយការរក្សាម៉ាក្រូសេដ្ឋកិច្ចលើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជាជន។ បន្តជំរុញឲ្យជោគជ័យកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលពិសេស យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ធ្វើកំណែទម្រង់ស៊ីជម្រៅកាត់បន្ថយ ភាពអសកម្មរបស់មន្ត្រីដឹកនាំទាំងស្ថាប័នបក្ស និងស្ថាប័នរដ្ឋដោយអនុវត្តតាមទិសស្លោក ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល។

ជួបប្រាស្រ័យដោយផ្ទាល់ដល់មូលដ្ឋាន ក្ដាប់ឲ្យបានច្បាស់លាស់រាល់សំណូមពរ បញ្ហាប្រឈម ការលំបាករបស់សមាជិកគណបក្សក៏ដូចជាប្រជាជនទូទៅនិងរិះរកគ្រប់ មធ្យោបាយជួយដោះស្រាយឲ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព សំដៅរួមចំណែកពង្រឹងជំនឿជឿជាក់លើការងាររបស់រាជរដ្ឋាភិបាលនិង ធ្វើការវាយបកភ្លាមៗរាល់ឧបាយកលញុះញង់បោកបញ្ឆោតរបស់ក្រុមប្រឆាំង។ ត្រូវផ្សព្វផ្សាយអំពីសមិទ្ធផល និងស្នាដៃជាប្រវត្តសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងវិស័យនយោបាយ ការទូត ទំនាក់ទំនងអន្តរជាតិការរីកចម្រើនខាងសេដ្ឋកិច្ចនិងការងារកំណែទម្រង់ របស់រាជរដ្ឋាភិបាលពិសេសកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ ត្រូវបន្តជួយដោះស្រាយបញ្ហានិងការលំបាករបស់ប្រជាជនដើម្បីផ្ដល់ ភាពកក់ក្ដៅ និងការជឿរជាក់លើរដ្ឋាភិបាល។

លោកជំទាវ ម៉ែន សំអន មានប្រសាសន៍បែបនេះក្នុងឱកាសលោកជំទាវអញ្ជើញជាអធិបតីភាពក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៤ និងទិសដៅការងារសម្រាប់ឆ្នាំ២០១៥របស់ក្រុមការងារកំណែទម្រង់ស៊ីជម្រៅ ថ្នាក់ជាតិចុះជួយខេត្តស្វាយរៀង កាលពីថ្ងៃទី១៧ខែកុម្ភៈ ឆ្នាំ២០១៥នៅសាលប្រជុំសណ្ឋាគារវ៉ៃគោស្ថិតក្នុងភូមិមេភ្លើង សង្កាត់ ស្វាយរៀងក្រុងស្វាយរៀង៕