លោកជំទាវ ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ លេខា​​គណៈកម្មាធិការ​​បក្ស​​ទី​ក្រុង​​ហូ​ជី​មិញ

នាសៀលថ្ងៃទី១០ ខែមេសា ឆ្នំា ២០១៥ នៅទីស្ដីការក្រសួង លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បាន អនុញ្ញាតឱ្យ ឯកឧត្តម ឡេ ថាញ់ហាយ (LE Thanh Hai ) សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាលេខាគណៈកម្មាធិការបក្ស

ទីក្រុងហូជីមិញ និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។

គោលបំណងនៃជំនួបនាឱកាសនោះ គឺដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការរវាងអ្នកវិនិយោគទុនធំៗនៅប្រទេសវៀតណាម ឱ្យមានជំនឿទុកចិត្ដកាន់តែខ្លំាងឡើងជាមួយកម្ពុជា លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងនយោបាយ ហើយជាងនេះទៅទៀត ។

លោកជំទាវ ម៉ែន សំអន បានមានប្រសាសន៍ថា ចាប់តាំងពីឆ្នំា២០០៣ រហូតដល់ឆ្នំា២០០៨ កម្ពុជាមានអត្រាកំណើនប្រចំា ឆ្នំាប្រហែល១០% ។ បន្ទាប់ពីពេលនោះមក កម្ពុជាអាចរក្សាបានកំណើនផលិតផលសរុបជាមធ្យមប្រចំាឆ្នំាលើស៧% ។ ប៉ុន្មានឆ្នាំចុងក្រោយ នេះ តាមការប៉ាន់ស្មានពីស្ថាប័នជំនាញជាច្រើនទំាងជាតិ និងអន្ដរជាតិកំណើនសេដ្ឋកិច្ចរបស់កម្ពុជាអាចបន្ដកើនក្នុងកម្រិតជាង៧% ហើយកំណើននេះនឹងនៅតែបន្ដនៅឆ្នំាបន្ដបន្ទាប់ទៀត ។

លោកជំទាវបន្ដថា វិស័យដែលដឹកនំាកំណើនសេដ្ឋកិច្ចកម្ពុជា ដែល លឿនជាងគេនោះគឺវិស័យឧស្សាហកម្ម កាត់ដេរ កសិកម្ម ទេសចរណ៍ សំណង់ ធនាគារ និងសេវាកម្មផ្សេងៗទៀត ។ ភាពជឿនលឿនគួរឱ្យកត់សម្គាល់របស់កម្ពុជានេះ ត្រូវបានគំាទ្រដោយកត្ដាស្ថេរភាពនយោបាយ និង គោលនយោបាយទីផ្សារសេរី និងការគំាពារពាណិជ្ជកម្ម ។ លោកជំទាវមានប្រសាសន៍ថា ភាពជោគជ័យនេះក៏បានធ្វើឱ្យកម្ពុជាមានពេលវេលាគ្រប់គ្រាន់ ដើម្បីពង្រីក និងពង្រឹងលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងនយោបាយ នៃប្រទេសទាំង២កម្ពុជា-វៀតណាម ឱ្យល្អយូរអង្វែងជាមួយគ្នាជារៀងរហូត ។

ពាក់ព័ន្ធនឹងវិស័យសុខាភិបាលវិញ លោកជំទាវឧនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ជាផ្លែផ្កានៃទំនាក់ទំនងរបស់ប្រទេសទាំងពីរយើងបានបង្កើតឱ្យមាន មន្ទីរពេទ្យមិត្ដភាពជោរៃភ្នំពេញ-វៀតណាម នៅខណ្ឌច្បារអំពៅ ដែលមន្ទីរពេទ្យនេះកំពុងពង្រឹងគុណភាពនិងពង្រីកខ្លួនបានយ៉ាង ល្អទទួលការព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋប្រកបដោយគុណភាព និងប្រសិទ្ធភាព ។

ឯកឧត្តម LE Thanh Hai បានបញ្ជាក់ថា តាងនាមតំណាងឱ្យប្រជាជន ក៏ដូចជារដ្ឋាភិបាលវៀតណាមទំាងមូល ឯកឧត្តមនឹងខិតខំកៀរគរអ្នកវិនិយោគទុនវៀតណាមឱ្យបានកាន់តែច្រើនឡើងបន្ថែមទៀត ដើម្បីមកបណ្តាក់ ទុននៅកម្ពុជា ដោយផ្អែកលើទំនាក់ទំនងល្អរវាងប្រទេសទំាងពីកម្ពុជា-វៀតណាម ។ ឯកឧត្តមបន្ដថា ក្នុងនាមតំណាងឱ្យប្រជាជននៃទីក្រុងហូជីមិញ ជាទីក្រុងដែលបានចងសម្ព័ន្ធភាពគ្នាជាមួយរាជធានីភ្នំពេញ ឯកឧត្តមចង់ឱ្យទំនាក់ទំនងនៃទីក្រុងទាំងពីរកាន់តែល្អប្រសើរជាងមុន ពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងនយោបាយ ។ ម្យ៉ាងវិញទៀត ឯកឧត្តម ចង់ឱ្យកម្ពុជាបើកទូលាយ និងផ្តល់ភាពងាយស្រួលដល់អ្នកវិនិយោគទុនវៀតណាម បានមករកស៊ីងាយស្រួលនៅកម្ពុជា ដើម្បីជំរុញឱ្យសេដ្ឋកិច្ច នៃប្រទេសទាំងពីរកាន់តែល្អប្រសើរ ឡើងថែមមួយកម្រិតទៀត ៕