លោកជំទាវ ម៉ែន សំអន ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ​ ជំងឺប្រជាពលរដ្ឋក្នុងឃុំមុខដា ខេត្តស្វាយរៀង

នាព្រឹកថ្ងៃអាទិត្យទី២០ ខែកញ្ញា ឆ្នាំ២០១៥ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តស្វាយរៀង

បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ចុះជួយពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋ រស់នៅក្នុងឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង។

ពិធីពិនិត្យ និងព្យាបាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនេះ បានរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា រួមសហការជាមួយលេខាធិការដ្ឋានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង រដ្ឋបាលខេត្ត និងអញ្ជើញដឹកនាំក្រុមគ្រូពេទ្យផ្ទាល់ដោយ លោកជំទាវ យឹម ឆៃលីន ប្រធានកិត្តិយសសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ដែលជាក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ស្រុក រួមទាំងអាជ្ញាធរគ្រប់ លំដាប់ថ្នាក់ ពិសេសសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ជួយសម្រួលដល់ចាស់ជរា ព្រមទាំងអាហារសម្រន់ប្រកបដោយភាពស្និតស្នាល និងយកចិត្តទុក្ខដាក់បំផុត។

ថ្លែងក្នុងអង្គពិធី លោកជំទាវ ម៉ែន សំអន មានប្រសាសន៍សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានយកចិត្តទុក្ខដាក់ណាស់អំពីសុខមាលភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ព្រមទាំងផ្ដល់អាទិភាពដល់វិស័យសុខាភិបាល ដើម្បីឲ្យ ប្រជាពលរដ្ឋគ្រប់រូបក្នុងមូលដ្ឋានមានសុខភាពល្អ។ ជាក់ស្ដែងថ្ងៃនេះមានក្រុមសម្ព័ន្ធគ្រូពេទ្យរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ដែលមាន លោកជំទាវ យឹម ឆៃលីន ដឹកនាំផ្ទាល់ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងឃុំមុខដានាឱកាសនេះ ទាំងនេះជាទង្វើមនុស្សធម៌មិនអាចកាត់ថ្លៃបាន។

លោកជំទាវឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានចុះជួយពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដល់មូលដ្ឋានក្នុងខេត្តស្វាយរៀងរយៈពេលកន្លងមក រួមមានក្រុមសម្ព័ន្ធគ្រូពេទ្យរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមគ្រូពេទ្យមូលនិធិអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន ពេទ្យវៀតណាម និងក្រុមគ្រូពេទ្យផ្សេងៗជាច្រើនទៀត។

លោកវេជ្ជបណ្ឌិត ប្រធានក្រុមគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា មានប្រសាសន៍ឲ្យដឹងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលចុះមកពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនាថ្ងៃនេះមាន វេជ្ជបណ្ឌិតគ្រប់ជំនាញ សរុបចំនួន៩០នាក់ ក្នុងនោះមានវេជ្ជបណ្ឌិត ៥០នាក់ និងត្រៀមវេជ្ជបណ្ឌិត ៤០នាក់ ហើយការព្យាបាល រួមមានផ្នែកជំងឺទូទៅ ជំងឺកុមារ រោគស្ត្រី និងពិនិត្យផ្ទៃពោះវះកាត់តូច ជំងឺមាត់ធ្មេញ ជំងឺរលាកបំពង់ក ជំងឺភ្នែកព្រមទាំងមានពិនិត្យជំងឺផ្លូវចិត្តទៀតផង ហើយបើតាមគម្រោងយើងព្យាបាលជូនពលរដ្ឋចំនួនជាង ១០០០នាក់ ក្នុងរយៈ ពេលមួយថ្ងៃ។ គួររំលឹកថាក្រុមគ្រូពេទ្យស្ម័គ្រតាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនេះជាលើកទី៣០ ហើយក្នុងខេត្តស្វាយរៀង ដោយឡែកក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា នេះជាលើកទី៤ ក្នុងឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង៕