លោកជំទាវ ម៉ែន សំអន អញ្ជើញចុះជួបសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋ នៅស្រុកស្វាយជ្រំ

នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៥ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចុះជួបសំណេះសំណាល និងចែកអំណោយមនុស្សធម៌

របស់សាខាកាកបាតក្រហមកម្ពុជាខេត្តស្វាយរៀង ជូនដល់ប្រជាពលរដ្ឋ ចាស់ជរាគ្មានទីពឹង ជនពិការ អ្នករស់នៅជាមួយមេរោគអេដស៍ កុមារកំព្រា និងជនរងគ្រោះដោយអគ្គីភ័យ(ភ្លើងឆេះផ្ទះអស់) ចំនួន១៦៣គ្រួសារ មកពី ០៩ឃុំ ក្នុងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ក្នុងឱកាសនោះដែរជំទាវឧបនាយករដ្ឋមន្ត្រី បាននាំយកបណ្តាំសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រិទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាល សម្ដេចតែងតែយកចិត្តទុកដាក់ និងនឹករលឹកដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសបងប្អូនទីទ័លក្រ ដែលជួបការលំបាកខ្វះខាត ដោយមិនអោយប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារដាច់បាយឡើយ។

លោកជំទាវ ម៉ែន សំអន ក៏បាននាំយកអំណោយមនុស្សធម៌របស់សាខាកាកបាតក្រហមកម្ពុជាខេត្តស្វាយរៀង ចែកជូនដល់ប្រជាពលរដ្ឋ ចាស់ជរាគ្មានទីពឹង ជនពិការ អ្នក រស់នៅជាមួយមេរោគអេដស៍ កុមារកំព្រា និងជនរងគ្រោះដោយអគ្គីភ័យ(ភ្លើងឆេះផ្ទះអស់) ចំនួន ១៦៣គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ៣០គីឡូក្រាម កញ្ចប់ឃីត១កញ្ចប់(មុង ភួយ សារុង ក្រមា) ត្រីខ ១០កំប៉ុង មី ១កេះ ទឹកស៊ីអ៊ីវ ៦ដប និងថវិកាធ្វើដំណើរចំនួន២ម៉ីនរៀល។ ដោយឡែក ០៣គ្រួសារដែលរងគ្រោះដោយភ្លើងឆេះផ្ទះក្នុងមួយគ្រួសារទទួលបានអង្ករ ៥០គីឡូក្រាម កន្ទេលជ័រ១ កៅស៊ូតង់ ១កញ្ចប់ ឃីត ១កញ្ចប់(មុង ភួយ សារុង ក្រមា) ឆ្នាំងបាយសម្ល ២ ធុងទឹកជ័រ ១ ត្រីខ ១០កំប៉ុង មី ១កេះ ទឹកស៊ីអ៊ីវ ៦ដប និងថវិកាចំនួន ២០ម៉ីនរៀលរៀល៕