លោកជំទាវ ម៉ែន សំអន ចុះពិនិត្យសមិទ្ធផលនានា នៅវត្ដមហោសថសុវណ្ណគិរីបឹងដែង

នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៥ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិតិ្ដព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងជាប្រធានគណៈកម្មការសាងសង់ប្រាសាទតម្កល់ព្រះអង្គធំ

បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ ប្រជាពលរដ្ឋ និងចុះពិនិត្យសមិទ្ធផលនានាដែលបានសាងសង់រួច និងបន្តសាងសង់ នៅវត្ដមហោសថសុវណ្ណគិរីបឹងដែង ហៅវត្ដផ្កាឈូកមាស ស្ថិតនៅភូមិបឹងដែង ឃុំព្រែកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ថ្លែងក្នុងពិធីសំណេះសំណាលនាឱកាសនោះ លោកជំទាវ ម៉ែន សំអន បានបញ្ជាក់ថា វត្ដមហោសថសុវណ្ណគិរីបឹងដែងហៅវត្ដផ្កាឈូកមាស ត្រូវបានជួសជុលឡើងវិញ តាមសំណូមពររបស់ប្រជាពលរដ្ឋ ព្រោះទីអារាមនៅវត្ដនេះត្រូវបានបំផ្លិចបំផ្លាញ ខូចខាតស្ទើរទាំងស្រុងកាលពីរបបខ្មែរក្រហម។ បច្ចុប្បន្ននេះ ប្រជាពលរដ្ឋតែងតែមកគោរពបូជា បន់ស្រន់ តាមជំនឿសាសនា ប្រពៃណីដូនតា សុំសេចក្ដីសុខ សេចក្ដីចម្រើន ដែលប្រជាពលរដ្ឋមានជំនឿថាពូកែស័ក្ដិសិទ្ធិតាំងពីសម័យដើមមកម៉្លេះ។ លោកជំទាវឧបនាយករដ្ឋមន្ត្រី បន្ដថាកន្លងមក លោកជំទាវ តែងតែមកទីនេះ ហើយបានឃើញប្រជាពលរដ្ឋជាច្រើនមកធ្វើបុណ្យ និងមកបន់ស្រន់ តែមិនសមជាកន្លែងដែលសមគួរ ដោយវិហារត្រូវបានបាក់បែកខូចខាតស្ទើរទាំងស្រុងតាំងពីសម័យសង្គ្រាម ដូច្នេះលោកជំទាវ និងមន្ដ្រីរាជការ ពុទ្ធបរិស័ទ បានសម្រេចចិត្ដគៀងគររកសប្បុរសជន ជិតឆ្ងាយ ដើម្បីនាំយកថវិកាមកចូលរួមជួសជុល ឲ្យមានសោភ័ណភាពស្អាត ក្លាយជាតំបន់ទេសចរណ៍ដ៏សំខាន់ សម្រាប់បងប្អូនប្រជាពលរដ្ឋជិតឆ្ងាយមកទស្សនាកំសាន្តផងដែរ និងជាពិសេសទៀត ដើម្បីឲ្យស័ក្តសមជាទីសក្ការបូជា តាមគន្លងប្រពៃណីព្រះពុទ្ធសាសនានៃយើង។

វត្ដមហោសថសុវណ្ណគិរីបឹងដែង ត្រូវបានជួសជុលឡើង វិញតាមរចនាបទបែបបុរាណខ្មែរ ដោយបានកសាង វិមាន លោកតាបឹងដែង ១អង្គ លោកយាយបឹងដែង ១អង្គ សាលាឆាន់ ១ខ្នង រោងវេទិកា ១ខ្នង កុដិ ២ខ្នង បុស្បុក ៨ សិលាចារិក ១ផ្ទាំង រូបនរសិង្ហ ៨ ធ្វើអំពីថ្មភក់ អណ្ដូងទឹកស្អាតចំនួន២ បង្គោលភ្លើង ខ្លោងទ្វារវត្ដ ដងទុង ១គូ និងចាក់សាបទីធ្លាជុំវិញវត្ដ ដោយបានចាប់ផ្ដើមជួសជុលកសាងតាំងពីខែកញ្ញា ឆ្នាំ២០១៣ រហូតមកដល់ពេលនេះ សមិទ្ធលផលនានា សម្រេចបានប្រមាណ ៨០ភាគរយ ហើយ។
លោកជំទាវ ម៉ែន សំអន ក៏បានថ្លែងនូវការអរគុណចំពោះ សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសប្បុរសជន ក្នុង និងក្រៅប្រទេសដែលបានចូលរួមឧបត្ថម្ភគាំទ្រក្នុងការជួយជ្រោមជ្រែងកសាងសមិទ្ធផលនានា ក្នុងបរិវេណវត្តតាមទំនៀមទម្លាប់ ប្រពៃណីសាសនានៃយើង ហើយថ្ងៃអនាគត តំបន់នេះនឹងក្លាយជាទីកន្លែងទេសចរណ៍មួយដ៏សំខាន់សម្រាប់ភ្ញៀវជាតិ អន្ដរជាតិ ចូលមកទស្សនាកំសាន្ត និងគោរពបូជា៕