ពិធីបុណ្យមហាសង្ឃទានរាប់បាត្រប្រគេនព្រះសង្ឃចំនួន ៤៥០០អង្គ

នៅថ្ងៃទី១៩ និងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញជាអធិបតីនៅក្នុងពិធីបុណ្យមហាសង្ឃទានរាប់បាត្រប្រគេនព្រះសង្ឃចំនួន

៤៥០០អង្គ នៅតំបន់ឧទ្យានអង្គរ ខេត្តសៀមរាប។

កម្មវិធីបុណ្យនេះផ្ដើមរៀបចំឡើងដោយមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា សហការជាមួយស្ថាប័នពាក់ព័ន្ធជាច្រើនទៀត ដោយមានអ្នកចូលរួមប្រមាណជាង ៧ម៉ឺននាក់។

គោលបំណងនៃការប្រារព្ធពិធីបុណ្យដ៏ធំនេះ គឺដើម្បីឧទ្ទិសមហាកុសលដល់បុព្វមហាបុរសខ្មែរក្នុងអតីតកាល ជាពិសេស គឺឧទ្ទិសព្រះរាជមហាកុសល ថ្វាយនិងជូនបុព្វមហាបុរសខ្មែរនាសម័យមហានគរ ឧទ្ទិសថ្វាយទេវតា និងវត្ថុស័ក្ដិសិទ្ធិ ដែលថែរក្សាព្រះរាជាណាចក្រកម្ពុជា ព្រមជាមួយនឹងការឧទ្ទិសមហាកុសល ជូនមាតាបិតា និងញាតិក្នុងសង្សារវដ្ដ ផ្សព្វផ្សាយនិងលើកតម្កើងព្រះពុទ្ធសាសនា ពង្រឹងសាមគ្គីភាព និងសាបព្រោះនូវវប្បធម៌សន្តិភាព ក្នុងរង្វង់នៃមហាគ្រួសារខ្មែរ បណ្ដុះ និងពង្រឹងស្មារតីនៃការដឹងគុណ ការគោរពគុណ និងការស្រឡាញ់គុណធម៌។

ខ្លឹមសារនៃពិធីបុណ្យនេះគឺបានប្រារព្ធឡើងជាលក្ខណៈបុណ្យកតញ្ញូ កតវេទី ជាបុណ្យទំនៀមទម្លាប់ ជាប្រពៃណីតាំងពីបុរាណកាលមក ដែលប្រជាជនខ្មែរតែងតែប្រារព្ធធ្វើ នៅពេលទំនេរពីការងារកសិកម្ម ក្នុងគោលដៅ និងមានអត្ថប្រយោជន៍ ដូចជា ៖ បានសម្តែងនូវភាវៈជាកុលបុត្រ កុលធីតា ដែលដើរតាមគន្លងធម៌ដ៏ល្អរបស់ឪពុកម្តាយ ជាការសណ្ដោសអនុគ្រោះដល់ញាតិមិត្ត បងប្អូនភូមិផងរបងជាមួយគ្នា និងដើម្បីបានបូជាចំពោះព្រះរតនត្រ័យ ប្រគេនចង្ហាន់ចំពោះព្រះសង្ឃ ដែលរាប់បញ្ចូលថា ជាការឧបត្ថម្ភដល់ព្រះពុទ្ធសាសនា និងជាការសន្សំបុណ្យកុសលផងដែរ។

នៅក្នុងអត្ថន័យជាសាលវ័ន ដែលមានខ្លឹមសារជាប្រវត្តិសាស្ត្រតាមរយៈនៃពិធីបុណ្យនេះ គឺបានកោះអញ្ជើញ ប្រកាសអំពាវនាវ និងបួងសួងដល់ព្រលឹងបុព្វការីជនខ្មែរក្នុងប្រវត្តិសាស្ត្រទាំងអស់ គ្រប់ជំនាន់។ តាមអត្ថន័យនេះ ព្រលឹងបុព្វមហាបុរសខ្មែរ ដែលពោរពេញដោយឧត្ដមគតិ និងមនសិការស្នេហាជាតិ មានកំពូលប្រាជ្ញា និងការច្នៃប្រឌិតខ្ពស់ក្នុងនិម្មាបនកម្មអរិយធម៌អង្គរដ៏រុងរឿង នឹងត្រូវបានគោរព អារតនានិមន្ត យាង និងអញ្ជើញ មកប្រតិស្ថានក្នុងព្រលឹងស្មារតី សាច់ឈាមកុលបុត្រ-កុលធីតាខ្មែរជំនាន់ក្រោយនេះ ដោយបុព្វហេតុជួយជ្រោមជ្រែង កសាងប្រទេសជាតិ បានរុងរឿង សុខដុមរមនា និងស្ថិតស្ថិរ ចីរកាលតរៀងទៅ។